សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។ សុភាសិត ១៣:១២
កាលខ្ញុំផ្លាស់ទៅរស់នៅ ក្នុងប្រទេសអង់គ្លេស ទិវាអរព្រះគុណរបស់ប្រជាជនអាមេរិក គឺគ្រាន់តែថ្ងៃព្រហស្បតិ៍ធម្មតាមួយ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ។ ទោះខ្ញុំបានជួបជុំគ្នាញាំអាហារ នៅសប្តាហ៍បន្ទាប់ក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តចង់ចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅថ្ងៃនោះណាស់។ តែខ្ញុំក៏យល់ផងដែរថា មិនមែនមានតែខ្ញុំទេដែលមានសេចក្តីប្រាថ្នាដូចនេះ។ យើងរាល់គ្នាសុទ្ធតែមានចិត្តស្រេកឃ្លាន ចង់ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ក្នុងឱកាសពិសេស និងថ្ងៃឈប់សម្រាក។ ហើយពេលយើងជួបជុំគ្នា ក៏យើងប្រហែលជានឹកនរណាម្នាក់ ដែលមិនមានវត្តមានជាមួយយើង ឬយើងប្រហែលជាអធិស្ឋានសូមសន្តិភាព សម្រាប់គ្រួសាររបស់យើង ដែលកំពុងមានការបាក់បែកជាដើម។
ក្នុងអំឡុងពេលនោះ ការអធិស្ឋាន និងការជញ្ជឹងគិត អំពីប្រាជ្ញានៃព្រះគម្ពីរបានជួយខ្ញុំច្រើនណាស់ ដោយរាប់បញ្ចូលទាំងសុភាសិតរបស់ស្តេចសាឡូម៉ូន ដែលចែងថា “សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ”(សុភាសិត ១៣:១២)។ ក្នុងបទគម្ពីរសុភាសិតនេះ ស្តេចសាឡូម៉ូនបានកត់សំគាល់ថា “ក្តីសង្ឃឹមដែលចេះតែថយទៅ” ដោយសារការពន្យាពេល ក្នុងការទទួលបានអ្វីដែលយើងប្រាថ្នាចង់បាន អាចនាំឲ្យមានការរអាចិត្ត និងការឈឺចាប់។ តែកាលណាបានដូចសេចក្តីប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិត ដែលនាំឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និងថ្មីឡើង។
ក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់យើងខ្លះ ប្រហែលមិនបានសម្រេចភ្លាមៗនោះទេ ហើយខ្លះបានសម្រេច តាមរយៈព្រះអង្គ បន្ទាប់ពីយើងបានស្លាប់ហើយ។ ទោះយើងប្រាថ្នាចង់បានអ្វីក៏ដោយ យើងអាចទុកចិត្តព្រះអង្គ ដោយដឹងថា ព្រះអង្គស្រឡាញ់យើង ដោយគ្មានទីបញ្ចប់។ ហើយថ្ងៃមួយ យើងនឹងបានជួបជុំជាមួយមនុស្សជាទីស្រឡាញ់ដែលបានទទួលសេចក្តីសង្រ្គោះ ពេលណាយើងបានញាំអាហារជាមួយព្រះអង្គ ហើយអរព្រះគុណព្រះអង្គ នៅនគរស្ថានសួគ៌(មើលវិវរណៈ ១៩:៦-៩)។—AMY BOUCHER PYE
តើអ្នកមានការលំបាកយ៉ាងណាខ្លះ នៅពេលដែលមិនអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ក្នុងឱកាសពិសេស? តើព្រះទ្រង់បានបំពេញតម្រូវការអ្នកយ៉ាងដូចម្តេចខ្លះ ក្នុងពេលដែលអ្នកត្រូវការជំនួយពីព្រះអង្គ?
ឱព្រះអាទិករ ទូលបង្គំសង្ឃឹមដល់ព្រះអង្គ សូមព្រះអង្គបំពេញសេចក្តីប្រាថ្នារបស់ទូលបង្គំ តាមប្រាជ្ញា សេចក្តីស្រឡាញ់ និងបំណងព្រះទ័យព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២២-២៣ និង ១ពេត្រុស ១