សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ។ ហូសេ ១៤:២
មានផ្លូវមួយឈ្មោះផ្លូវប្រេះបែក ហើយលោកគ្រេឌី(Grady) ក៏បានឲ្យគេធ្វើផ្លាកលេខរថយន្តរបស់គាត់ តាមលំនាំឈ្មោះនេះ។ ទោះគាត់មិនមានចេតនាប្រើឈ្មោះនេះ ក្នុងន័យខាងវិញ្ញាណក៏ដោយ ក៏ឈ្មោះនេះសក្តិសមនឹងបុរសវ័យកណ្តាលម្នាក់នេះណាស់ ដោយគាត់ជាអ្នកញៀនល្បែង ជាមនុស្សកំផិត និងជនបោកប្រាស់។ ជីវិតគាត់មានការប្រេះបែក ក្ស័យធន់ និងដាច់ចេញឆ្ងាយពីព្រះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះមានការផ្លាស់ប្តូរ នៅពេលល្ងាចថ្ងៃមួយ ពេលដែលគាត់បានទទួលការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ប្រាប់ភរិយាគាត់ថា គាត់បានទទួលសេចក្តីសង្គ្រោះរួចពីបាបហើយ។ នៅពេលល្ងាចនោះ គាត់បានសារភាពបាបរបស់គាត់ ដែលគាត់ធ្លាប់តែគិតថា បាបទាំងនោះនឹងបណ្តាលឲ្យគាត់ស្លាប់មិនខាន តែគាត់បានងាកមកព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប។ គាត់គិតថា គាត់មិនអាចរស់នៅដល់អាយុ៤០ឆ្នាំឡើយ តែគាត់បានបម្រើព្រះ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលមានការផ្លាស់ប្រែ អស់រយៈពេល៣០ឆ្នាំហើយ។ គាត់ក៏បានផ្លាស់ប្តូរផ្លាកលេខឡានរបស់គាត់ពីពាក្យ “ប្រេះបែក” ទៅជាពាក្យ “ប្រែចិត្ត”។
ទីបន្ទាល់នៃការប្រែចិត្តរបស់លោកគ្រេឌី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅរបស់ព្រះ ឲ្យពួកអ៊ីស្រាអែលប្រែចិត្តផងដែរ ដូចមានចែង ក្នុងបទគម្ពីរ ហូសេ ១៤:១-២ ថា “ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ … ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ ត្រូវឲ្យទូលដល់ទ្រង់ថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ”។ បាបបានធ្វើឲ្យយើងដាច់ចេញពីព្រះ ទោះបាបនោះតូចឬធំ ច្រើនឬតិចយ៉ាងណាក៏ដោយ។ តែយើងអាចបិទចន្លោះប្រហោងនោះ ដោយងាកបែរចេញពីអំពើបាប ទៅរកព្រះ ហើយទទួលការអត់ទោសបាប ដែលព្រះអង្គប្រទានដោយព្រះគុណ តាមរយៈការសុគតរបស់ព្រះយេស៊ូវ។ ទោះអ្នកជាអ្នកជឿព្រះយេស៊ូវ ដែលកំពុងងាកបែរចេញពីព្រះ ឬមានជីវិតដូចលោកគ្រែឌីក្តី អ្នកអាចទទួលការអត់ទោស ដោយការអធិស្ឋាន នៅពេលណាក៏បាន។—ARTHUR JACKSON
តើមានអំពើបាបអ្វី ដែលបានធ្វើឲ្យអ្នកដាច់ចេញពីព្រះ? តើអ្នកបានត្រៀមខ្លួនហើយឬនៅ ដើម្បីសារភាពបាបរបស់អ្នកដល់ព្រះអង្គ ហើយទទួលការអត់ទោសបាប ដែលព្រះអង្គកំពុងប្រទានតាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ?
ឱព្រះវរបិតា សូមព្រះអង្គពិនិត្យមើលចិត្តទូលបង្គំ ស្វែងរកអ្វីដែលអាចនាំឲ្យទូលបង្គំធ្លាក់ចុះ និងបែកចេញពីព្រះអង្គ។ សូមព្រះអង្គសម្អាតទូលបង្គំ អត់ទោសឲ្យទូលបង្គំ ហើយប្រើទូលបង្គំ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣