សូម​លើក​អស់ទាំង​អំពើទុច្ចរិត​ចោលចេញ ហើយ​ទទួល​យើងខ្ញុំ​ដោយ​ព្រះគុណ។ ហូសេ ១៤:២

មានផ្លូវ​មួយ​ឈ្មោះ​ផ្លូវ​ប្រេះ​បែក ហើយ​លោក​គ្រេឌី(Grady) ក៏បាន​​ឲ្យ​គេ​ធ្វើ​ផ្លាក​លេខ​រថយន្ត​របស់​គាត់ តាម​លំនាំ​ឈ្មោះ​នេះ។ ទោះ​គាត់​មិន​មាន​ចេតនា​ប្រើ​ឈ្មោះ​នេះ ក្នុង​ន័យ​ខាង​វិញ្ញាណ​ក៏ដោយ ក៏​ឈ្មោះ​នេះ​សក្តិ​សមនឹង​បុរស​វ័យ​កណ្តាល​ម្នាក់​នេះ​ណាស់ ដោយ​គាត់​ជា​អ្នក​ញៀន​ល្បែង ជា​មនុស្ស​កំផិត និង​ជន​បោកប្រាស់។ ជីវិត​គាត់​មានការ​ប្រេះ​បែក ក្ស័យ​ធន់ និង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ។ ទោះជាយ៉ាងណា​ក៏ដោយ បញ្ហា​ទាំងអស់​នេះ​មានការ​ផ្លាស់​ប្តូរ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ដែល​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ប្រាប់​ភរិយា​គាត់​ថា គាត់​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួចពី​បាប​ហើយ។ នៅពេល​ល្ងាច​នោះ គាត់​បាន​សារភាព​បាប​របស់​គាត់ ដែល​គាត់​ធ្លាប់តែ​គិតថា បាប​ទាំងនោះ​នឹង​បណ្តាល​ឲ្យ​គាត់​ស្លាប់​មិនខាន តែ​គាត់​បាន​ងាក​មក​ព្រះយេស៊ូវ​ ដើម្បី​ទទួលការ​អត់ទោស​បាប។ គាត់​គិតថា គាត់​មិន​អាច​រស់នៅ​ដល់អាយុ៤០ឆ្នាំ​ឡើយ តែ​គាត់​បាន​បម្រើ​ព្រះ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​មានការ​ផ្លាស់​ប្រែ អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ។ គាត់​ក៏បាន​ផ្លាស់​ប្តូរ​ផ្លាក​លេខ​ឡាន​របស់​គាត់​ពី​ពាក្យ “ប្រេះ​បែក” ទៅជា​ពាក្យ “ប្រែចិត្ត”។

ទីបន្ទាល់​នៃ​ការ​ប្រែចិត្ត​របស់​លោក​គ្រេឌី បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រែចិត្ត​ផង​ដែរ ដូច​មាន​ចែង ក្នុង​បទ​គម្ពីរ ហូសេ ១៤:១-២ ថា “ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ​ចុះ … ចូរ​ប្រុងប្រៀប​ពាក្យសំដី ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា​ចុះ ត្រូវឲ្យ​ទូល​ដល់​ទ្រង់​ថា សូម​លើក​អស់ទាំង​អំពើទុច្ចរិត​ចោលចេញ ហើយ​ទទួល​យើងខ្ញុំ​ដោយ​ព្រះគុណ”។ បាប​បាន​ធ្វើឲ្យ​យើង​ដាច់​ចេញពី​ព្រះ ទោះ​បាប​នោះ​តូច​ឬធំ ច្រើន​ឬតិច​យ៉ាងណាក៏ដោយ។ តែ​យើង​អាច​បិទ​ចន្លោះប្រហោង​នោះ ដោយ​ងាក​បែរចេញ​ពី​អំពើបាប ទៅ​រក​ព្រះ ហើយ​ទទួលការ​អត់ទោស​បាប ដែល​ព្រះអង្គ​ប្រទាន​ដោយ​ព្រះគុណ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​។ ទោះ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​កំពុង​ងាក​បែរចេញ​ពី​ព្រះ ឬ​មាន​ជីវិត​ដូច​លោក​គ្រែ​ឌី​ក្តី អ្នក​អាច​ទទួលការ​អត់ទោស ដោយ​ការអធិស្ឋាន នៅពេល​ណា​ក៏បាន។—ARTHUR JACKSON

តើមាន​អំពើបាប​អ្វី ដែល​បាន​ធ្វើឲ្យ​អ្នក​ដាច់​ចេញពី​ព្រះ? តើ​អ្នក​បាន​ត្រៀមខ្លួនហើយឬនៅ ដើម្បី​សារភាព​បាប​របស់​អ្នក​ដល់​ព្រះអង្គ ហើយ​ទទួលការ​អត់ទោស​បាប ដែល​ព្រះអង្គ​កំពុង​ប្រទាន​តាមរយៈ​ព្រះរាជបុត្រា​ព្រះអង្គ ព្រះនាម​យេ​ស៊ូ​វ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ពិនិត្យមើល​ចិត្ត​ទូលបង្គំ ស្វែងរក​អ្វី​ដែល​អាច​នាំឲ្យ​ទូលបង្គំ​ធ្លាក់ចុះ និង​បែកចេញ​ពី​ព្រះអង្គ។ សូម​ព្រះអង្គ​សម្អាត​ទូលបង្គំ អត់ទោស​ឲ្យ​ទូលបង្គំ ហើយ​ប្រើ​ទូលបង្គំ ដើម្បី​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣