តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ។ ហេព្រើរ ៣:១៣
បន្ទាប់ពីសុខភាពខ្ញុំមានការចុះខ្សោយកាន់តែខ្លាំង អស់រយៈពេល១សប្តាហ៍ ខ្ញុំក៏បានផ្តេកខ្លួនទៅលើសាឡុង។ ខ្ញុំមិនចង់គិតអំពីអ្វីទាំងអស់។ នរណាក៏ខ្ញុំមិនចង់និយាយរក។ សូម្បីតែការអធិស្ឋាន ក៏ខ្ញុំពិបាកធ្វើដែរ។ ការបាក់ទឹកចិត្ត និងការសង្ស័យបានគ្របសង្កត់ចិត្តខ្ញុំ ខណៈពេលដែលខ្ញុំបើកទូរទស្សន៍មើល។ ខ្ញុំក៏បានមើលស្ពតផ្សាយពាណិជ្ជកម្មមួយ ក្នុងនោះ ខ្ញុំឃើញក្មេងស្រីម្នាក់និយាយទៅកាន់ប្អូនប្រុសរបស់នាងថា “ប្អូនជាជើងឯក”។ បន្ទាប់ពីនាងបន្តនិយាយលើកទឹកចិត្តគាត់ដូចនេះ ស្នាមញញឹមក៏បានលេចឡើងនៅលើផ្ទៃមុខគាត់។ ខ្ញុំក៏បានញញឹមជាមួយពួកគេផងដែរ។
រាស្ត្ររបស់ព្រះតែងតែជួបការបាក់ទឹកចិត្ត និងការសង្ស័យ ដែលនាំឲ្យពួកគេមានការលំបាកជាខ្លាំង។ បទគម្ពីរទំនុកដំកើង ជំពូក៩៥ បានបញ្ជាក់ថា យើងអាចឮព្រះសូរសៀងព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនិពន្ធបទគម្ពីរហេព្រើរបានដកស្រង់បទគម្ពីរនេះ ដើម្បីដាស់តឿនអ្នកជឿព្រះយេស៊ូវ ឲ្យជៀសវាងការប្រព្រឹត្តខុសដូចពួកអ៊ីស្រាអែល កាលពួកគេកំពុងរស់នៅវិលវល់នៅក្នុងវាលរហោស្ថាន(ហេព្រើរ ៣:៧-១១)។ គឺដូចមានសេចក្តីចែងថា “ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ”(ខ.១២-១៣)។ “ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ”(ខ.១២-១៣)។
ដោយសារសេចក្តីសង្ឃឹមរបស់យើងបានជាប់នៅក្នុងព្រះគ្រីស្ទ នោះយើងអាចពិសោធន៍នឹងកម្លាំង ដែលយើងត្រូវការក្នុងការស៊ូទ្រាំ គឺកម្លាំងដែលបានមកពីការលើកទឹកចិត្តគ្នា ក្នុងចំណោមអ្នកជឿព្រះ(ខ.១៣)។ ពេលណាអ្នកជឿណាម្នាក់មានការសង្ស័យ អ្នកជឿដទៃទៀត អាចផ្តល់ការលើកទឹកចិត្ត ឲ្យយល់ និងជឿច្បាស់ ហើយជួយឲ្យគាត់ជៀសចេញពីអំពើបាប។ ខណៈពេលដែលព្រះទ្រង់ចម្រើនកម្លាំងយើង ជារាស្ត្រព្រះអង្គ យើងអាចផ្តល់ឲ្យគ្នាទៅវិញទៅមក នូវអំណាចនៃការលើកទឹកចិត្តគ្នា។—XOCHITL DIXON
តើព្រះទ្រង់បានប្រើពាក្យលើកទឹកចិត្តរបស់នរណាម្នាក់ក្នុងជីវិតអ្នក ដូចម្តេចខ្លះ ដើម្បីកម្សាន្តចិត្ត និងលើកទឹកចិត្តអ្នក ក្នុងពេលដ៏ពិបាក? តើអ្នកអាចលើកទឹកចិត្តអ្នកដទៃ ដោយពាក្យសម្ដីរបស់អ្នកដូចម្តេចខ្លះ នៅថ្ងៃនេះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅថ្វាយព្រះអង្គ ហើយលើកទឹកចិត្តអ្នកដទៃ តាមរយៈពាក្យសម្ដី និងការប្រព្រឹត្តរបស់ទូលបង្គំ។
For further study, read That Skill: How Words Invite Others into Freedom at DiscoverySeries.org/courses/that-skill/
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : អេសេគាល ៤០-៤១ និង ២ពេត្រុស ៣