អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ … ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួច។ និក្ខមនំ ៣:៧-៨
មានពេលមួយ ខ្ញុំបានឃើញដើមគ្រីស្ទម៉ាសមានពន្លឺភ្លឺខ្លាំង។ មិនមែនភ្លឺដោយសារមានភ្លើងពណ៌អគ្គីសនីបំភ្លឺនោះទេ តែដោយសារមានភ្លើងឆេះ។ ក្រុមគ្រួសារខ្ញុំបានទទួលការអញ្ជើញ ឲ្យចូលរួមកម្មវិធីជួបជុំ តាមប្រពៃណីចាស់បុរាណរបស់ជនជាតិអាឡឺម៉ង់ ដោយមានបង្អែមប្រពៃណី និងដើមឈើមួយដើម ដែលមានដុតទៀនពីលើ។ (ដើម្បីសុវត្ថិភាព គេបានកាប់ដើមឈើនោះថ្មីៗ ហើយដាក់ទៀនដុតបំភ្លឺពីលើដើមឈើនោះ តែមួយយប់ប៉ុណ្ណោះ)។
មើលពីចម្ងាយ ដើមឈើនោះហាក់ដូចជាកំពុងតែមានភ្លើងឆេះ ហើយទិដ្ឋភាពនោះ ក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលលោកម៉ូសេបានជួបព្រះអម្ចាស់ ក្នុងគុម្ពបន្លា។ ពេលលោកម៉ូសេកំពុងឃ្វាលចៀម នៅវាលហោស្ថាន គាត់ក៏មានការភ្ញាក់ផ្អើល ពេលដែលបានឃើញគុម្ពបន្លាមួយដើមកំពុងឆាបឆេះ តែមិនចេះសុសទាល់តែសោះ។ ពេលគាត់ចូលទៅក្បែរគុម្ពបន្លានោះ ដើម្បីពិនិត្យមើល ព្រះទ្រង់ក៏បានមានបន្ទូលហៅគាត់។ ព្រះបន្ទូលចេញពីគុម្ពបន្លានោះ មិនមែនជាការប្រកាសអំពីការជំនុំជម្រះ តែជាការប្រកាសអំពីការជួយសង្គ្រោះរាស្ត្រអីស្រាអែល។ ព្រះអម្ចាស់បានទតឃើញទុក្ខវេទនារបស់រាស្ត្រព្រះអង្គ ដែលកំពុងជាប់ជាទាសករ នៅស្រុកអេស៊ីព្ទ ហើយក៏បាន “យាងចុះមក ដើម្បីជួយសង្គ្រោះពួកគេ”(និក្ខមនំ ៣:៨)។
ខណៈពេលដែលព្រះទ្រង់បានជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល ឲ្យរួចពីទឹកដីអេស៊ីព្ទ មនុស្សជាតិទាំងអស់នៅតែត្រូវការការជួយសង្គ្រោះ តែមិនគ្រាន់តែឲ្យរួចពីទុក្ខវេទនាផ្លូវកាយប៉ុណ្ណោះទេ តែឲ្យរួចពីផលវិបាកនៃអំពើបាប និងសេចក្តីហិនវិនាសអស់កល្ប។ ជាច្រើនរយឆ្នាំក្រោយមក ព្រះអង្គក៏បានឆ្លើយតបចំពោះបញ្ហានេះ ដោយប្រទានពន្លឺ ដែលជាព្រះរាជបុត្រា ព្រះនាមយេស៊ូវ(យ៉ូហាន ១:៩-១០) ឲ្យយាងចុះមក មិនមែនដើម្បីកាត់ទោសលោកិយ តែដើម្បីសង្គ្រោះលោកិយតាមរយៈព្រះអង្គ(៣:១៧)។—LISA M. SAMRA
តើអ្នកអាចអបអរដូចម្តេចខ្លះ ចំពោះការជួយសង្គ្រោះដែលព្រះទ្រង់ប្រទានមក តាមរយៈព្រះយេស៊ូវ? តើការប្រារព្ធពិធីអ្វីខ្លះ ដែលនាំឲ្យយើងងាកទៅរកព្រះអង្គ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការចាត់ព្រះយេស៊ូវជាពន្លឺនៃលោកិយ ឲ្យយាងចុះមកសង្គ្រោះយើងខ្ញុំ។
For further study, read Mystery of the Manger: Exploring the Whole Story of Christmas at DiscoverySeries.org/HP161.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២