ការអ្វី​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ចូរ​ធ្វើឲ្យ​អស់ពី​ចិត្ត ទុកដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣

បណ្ឌិត រេ​បិកា លី ក្រាំ​ភ្ល័រ(Rebecca Lee Crumpler) ជា​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​បំផុត ដែល​បាន​ទទួល​សញ្ញាប័ត្រ​សាលា​ពេទ្យ។ តែ​គាត់​បាន​ចែកចាយ​ថា ក្នុងអំឡុងពេល​នៃ​ការរស់នៅ​ពេញ​មួយ​ជីវិត(ឆ្នាំ១៨៣១ ដល់១៨៩៥) គេ​មិន​អើពើ​ចំពោះ​គាត់ ហើយ​ចាត់ទុក​គាត់​ជា​មនុស្ស​គ្មាន​តម្លៃ។ ទោះជាយ៉ាងណា​ក៏ដោយ គាត់​នៅតែ​មាន​ការ​ប្តូរផ្តាច់ នៅក្នុង​ការ​ព្យាបាល​ជំងឺ និង​បំពេញ​គោលបំណង​របស់​គាត់។ គាត់​បាន​បញ្ជាក់​ថា ទោះ​អ្នកខ្លះ​បានសម្រេច​ចិត្ត​វិនិច្ឆ័យ​គាត់ ផ្អែក​ទៅលើ​ពូជសាសន៍ និង​ភេទ​របស់​គាត់​ក៏ដោយ ក៏​គាត់​តែងតែមាន​ការ​ត្រៀមខ្លួន​ជាស​ម្រេច ដោយចិត្ត​ក្លាហាន ដើម្បី​ទៅ​កន្លែងណា​ដែលគេ​ត្រូវការ​ឲ្យ​គាត់​ជួយ ហើយ​គាត់​ក៏បាន​បំពេញ​តួនាទី តាម​ការ​ប្ដេជ្ញា​ចិត្ត​នេះ។ គាត់​ជឿ​ថា ការ​ព្យាបាល​ជម្ងឺ​ស្ត្រី និង​កុមារ និង​ការពិនិត្យ​សុខភាព​ទាសករ​ដែល​មាន​សេរីភាព​ហើយ គឺជា​របៀប​ដែល​គាត់​ធ្វើការ​បម្រើ​ព្រះ។ គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​មិនបាន​ទទួលការ​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការ​ប្រឹងប្រែង​របស់​គាត់។ ទាល់តែ​ជិត១សតវត្សរ៍​ក្រោយមក ទើប​គេ​ទទួលស្គាល់​គាត់​ជា​ផ្លូវការ។

ជា​ញឹកញាប់ មនុស្ស​នៅ​ជុំវិញ​យើង​មើល​រំលង មិន​ឲ្យ​តម្លៃ ឬ​មិន​អបអរ​យើង។ ទោះជាយ៉ាងណា​ក៏ដោយ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​បាន​រំឭក​យើង​ថា ពេលណា​ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ យើង​មិន​ត្រូវ​ស្វែងរក​ការ​សរសើរ ឬ​ការ​ទទួលស្គាល់ ពី​លោកិយ​នោះ​ឡើយ តែ​ផ្ទុយទៅវិញ យើង​គួរតែ​ធ្វើ​កិច្ចការ​នោះ​អស់ពី​ចិត្ត ដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់(កូល៉ុស ៣:២៣)។ ពេលណា​យើង​ផ្ដោត​ចិត្ត​ទៅលើ​ការបម្រើ​ព្រះ សូម្បីតែ​កិច្ចការ​ដែល​ពិបាក​បំផុត ក៏​យើង​អាច​សម្រេច​បាន ដោយ​អំណរ ដោយ​ជំនួយ​ពី​ព្រះ​ចេស្ដា និង​ការដឹកនាំ​របស់​ព្រះអង្គ។ បន្ទាប់មក យើង​អាច​ឈប់​ខ្វល់​អំពី​ការ​ទទួលស្គាល់​របស់​លោកិយ ហើយ​មានចិត្ត​កាន់តែ​ស្រេកឃ្លាន​ចង់បាន​រង្វាន់ ដែល​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ប្រទាន​ឲ្យបាន(ខ.២៤)។—KIMYA LODER

តើ​នៅពេល​ណា អ្នកមាន​អារម្មណ៍​ថា គេ​មើល​រំលង​ការ​ល្អ​ដែល​អ្នក​បាន​ធ្វើ? តើ​អ្នក​អាច​បន្ត​យក​ព្រះ​ជាទី​មួយ នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ដោយ​របៀបណា?

ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ត្រាស់​ហៅ​ទូលបង្គំ ឲ្យ​ធ្វើការល្អ​ថ្វាយព្រះ​អង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឱ្យ​ផ្ដោត​ចិត្ត​ទៅលើ​អ្វី​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ទូលបង្គំ​ធ្វើ។

For further study, read Get Outside Work at DiscoverySeries.org​/courses​/get-outside-work​/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣