លើសពីផ្នែកដ៏តូចមួយ
បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ។ ម៉ាថាយ ១៦:២៤ យើងរាល់គ្នាសុទ្ធតែត្រូវលះបង់អ្វីមួយ ពេលណាយើងត្រូវផ្លាស់ទៅរស់នៅកន្លែងថ្មី។ តែដើម្បីក្លាយជាអ្នកតាំងទីលំនៅរយៈវែង ក្នុងទីក្រុង Villas Las Estrellas ទ្វីបអង់តាកទិក ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងដាច់ស្រយ៉ាល គេត្រូវលះបង់អ្វីមួយ ក្នុងន័យត្រង់តែម្តង។ មន្ទីរពេទ្យដែលនៅជិតបំផុត ស្ថិតនៅចម្ងាយ ១ពាន់គីឡូម៉ែត្រ ដូចនេះ បើមាននរណាម្នាក់រលាកពោះវៀនដុះខ្នែង គាត់នឹងមានបញ្ហាធំមិនខាន។ ដូចនេះ ពលរដ្ឋម្នាក់ៗ ត្រូវឲ្យគេវះកាត់ខ្នែងពោះវៀនចោលជាមុនសិន មុននឹងអាចផ្លាស់ទៅរស់នៅទីនោះ។ នេះជារឿងធ្ងន់ធ្ងរណាស់មែនទេ? តែមិនធ្ងន់ធ្ងរដូចការក្លាយជាពលរដ្ឋនៃនគរព្រះឡើយ។ ដោយសារមនុស្សដើរតាមព្រះយេស៊ូវ ចូលចិត្តធ្វើតាមចិត្តរបស់ខ្លួនឯង មិនមែនតាមព្រះទ័យព្រះអង្គ(ម៉ាថាយ ១៦:២៥-២៧) ព្រះអង្គក៏បានបកស្រាយ អំពីអត្ថន័យនៃការក្លាយជាសាវ័ករបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ខ.២៤)។ ការនេះក៏រាប់បញ្ចូលការត្រៀមខ្លួនលះបង់អ្វីៗ ដែលយើងស្រឡាញ់ខ្លាំងជាងព្រះអង្គ និងនគរព្រះអង្គផងដែរ។ ពេលណាយើងលីឈើឆ្កាង គឺយើងប្រកាសថា យើងស្ម័គ្រចិត្តឆ្លងកាត់ការកៀបសង្កត់ពីសង្គម គ្រួសារ និងសូម្បីតែការស្លាប់ក៏ដោយ ដើម្បីព្រះគ្រីស្ទ។ ក្នុងការកាត់ចិត្តខ្លួនឯង និងការលីឈើឆ្កាង យើងក៏ត្រូវស្ម័គ្រចិត្តដើរតាមព្រះអង្គផងដែរ។ នេះជាការដើរតាមការដឹកនាំរបស់ព្រះអង្គ គ្រប់ពេលវេលា ខណៈពេលដែលព្រះអង្គដឹកនាំយើងឲ្យបម្រើ និងធ្វើការលះបង់។…
Read article