តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ។ កាឡាទី ៥:១៦
ក្នុងរដូវផ្ការីកឆ្នាំនេះ រុក្ខជាតិចង្រៃបានវាយប្រហារមកលើទីធ្លាក្រោយផ្ទះយើង ដូចក្នុងខ្សែភាពយន្តដាយណូស័រអញ្ចឹង។ មានដើមមួយនោះដុះធំណាស់ បានជាខ្ញុំខ្លាចខ្លួនឯងមានរបួស ពេលព្យាយាមដកវាចោល។ ខ្ញុំក៏បានយកប៉ែលមកគាស់វាចោល តែពេលនោះ ខ្ញុំក៏បានឃើញកូនស្រីខ្ញុំកំពុងស្រោចទឹកឲ្យវា។ ខ្ញុំក៏បានលាន់មាត់ថា “ហេតុអ្វីកូនស្រោចទឹកឲ្យរុក្ខជាតិចង្រៃ?” គាត់ក៏បានឆ្លើយតបដោយទឹកមុខញញឹមថា “កូនចង់ដឹងថា វាអាចលូតលាស់ធំបានប៉ុណ្ណា!”
រុក្ខជាតិចង្រៃមិនមែនអ្វីដែលយើងមានចេតនាចង់ស្រោចទឹកឲ្យលូតលាស់នោះទេ។ ប៉ុន្តែ ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បានដឹងថា ជួនកាលយើងពិតជាស្រោចទឹកឲ្យរុក្ខជាតិចង្រៃក្នុងជីវិតខាងវិញ្ញាណ ដោយបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលរាំងខ្ទប់ការលូតលាស់របស់យើង។
ក្នុងបទគម្ពីរ កាឡាទី ៥:១៣-២៦ សាវ័កប៉ុលបានធ្វើការប្រៀបធៀបរវាងការរស់នៅដោយសាច់ឈាម ជាមួយនឹងការរស់នៅដោយព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានបង្រៀនថា ការព្យាយាមប្រព្រឹត្តតាមក្រឹត្យវិន័យតែម្យ៉ាង មិនអាចជួយឲ្យជីវិតយើង រួចផុតពីរុក្ខជាតិចង្រៃខាងវិញ្ញាណបានទេ។ ផ្ទុយទៅវិញ ដើម្បីជៀសវាងការស្រោចទឹកឲ្យរុក្ខជាតិចង្រៃនោះ យើងត្រូវ “ដើរក្នុងព្រះវិញ្ញាណ”(ខ.១៦)។
យើងចាំបាច់ត្រូវរៀនអនុវត្តតាមការបង្រៀននេះ អស់មួយជីវិត។ ប៉ុន្តែ ការបង្រៀននេះមានភាពសាមញ្ញងាយស្រួលយល់ត្រង់ចំណុចដែលថា យើងគ្រាន់តែលះបង់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម តែផ្ទុយទៅវិញ យើងចាំបាច់ត្រូវដើរក្នុងព្រះវិញ្ញាណ ដើម្បីឲ្យបង្កើតផលផ្លែនៃព្រះវិញ្ញាណ ហើយច្រូតកាត់ផលផ្លែនៃជីវិតដែលគោរពប្រតិបត្តិព្រះ(ខ.២២-២៥)។—ADAM R. HOLZ
តើផ្នែកណាខ្លះនៃជីវិតខាងវិញ្ញាណរបស់អ្នក មានរុក្ខជាតិចង្រៃ ដែលត្រូវដកចេញ? តើអ្នកអាចចុះចូលនឹងព្រះ ហើយដើរជាមួយព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ជួនកាល ទូលបង្គំបានស្រោចទឹកឲ្យរុក្ខជាតិចង្រៃក្នុងជីវិតខាងវិញ្ញាណរបស់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យដើរជាមួយព្រះអង្គ ខណៈពេលដែលព្រះអង្គបង្កើតផលផ្លៃនៃព្រះវិញ្ញាណក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨