ព្រឹក

អំណាចនៃពាក្យសម្តី
ដោយKimya Loder
June 16, 2023
មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ។ យេរេមា ១:៩ វាគ្មិនដែលមានអំណាចបំផុតក្នុងប្រវត្តិសាស្ត្រ ច្រើនតែជាអ្នកដឹកនាំ ដែលបានប្រើពាក្យសម្តីរបស់ខ្លួន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ សូមយើងពិចារណាអំពីលោកហ្វ្រេឌ្រិក ដូក្លាស(Frederick Douglass) ចុះ ព្រោះសន្ទរកថាដែលគាត់បានថ្លែងជាសាធារណៈ អំពីការលប់បំបាត់របបទាសភាព និងអំពីសេរីភាព បានជំរុញឲ្យមានចលនាមួយ ដែលបាននាំឲ្យមានការបញ្ចប់របបទាសភាព ក្នុងសហរដ្ឋអាមេរិក។ ចុះបើសិនជាគាត់សម្រេចចិត្តនៅស្ងៀមមិននិយាយអ្វីសោះ? យើងរាល់គ្នាសុទ្ធតែមានសមត្ថភាពប្រើពាក្យសម្តីរបស់យើង ដើម្បីលើកទឹកចិត្ត និងជួយអ្នកដទៃ តែការភ័យខ្លាចមិនហ៊ាននិយាយស្តី អាចធ្វើឲ្យយើងមិនអាចនិយាយអ្វីកើត។ ក្នុងពេលបែបនោះ ពេលណាការភ័យខ្លាចគ្របសង្កត់យើង យើងអាចមើលទៅព្រះអម្ចាស់ ដែលជាប្រភពនៃប្រាជ្ញា និងការលើកទឹកចិត្តមកពីស្ថានសួគ៌។ កាលព្រះទ្រង់ត្រាស់ហៅលោកយេរេមា ឲ្យធ្វើជាហោរា ដើម្បីប្រកាសព្រះបន្ទូលព្រះអង្គ ភ្លាមៗនោះ គាត់ចាប់ផ្តើមមានការមិនទុកចិត្តសមត្ថភាពខ្លួនឯង។ គាត់ក៏បានស្រែកឡើងថា “មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ”(យេរេមា ១:៦)។ តែព្រះអង្គមិនអនុញ្ញាតឲ្យការភ័យខ្លាចរបស់លោកយេរេមា ក្លាយជាឧបសគ្គរារាំងការត្រាស់ហៅរបស់ព្រះអង្គ ឲ្យនាំព្រះបន្ទូលទៅកាន់មនុស្សមួយជំនាន់ តាមរយៈមាត់របស់គាត់។ ផ្ទុយទៅវិញ ព្រះអង្គបានបង្គាប់លោកហោរាឲ្យទុកចិត្តព្រះអង្គ ដោយនិយាយ និងធ្វើការអ្វីដែលព្រះអង្គបានបង្គាប់(ខ.៧)។ ព្រះអង្គមិនគ្រាន់តែបានមានបន្ទូលបញ្ជាក់ដល់លោកយេរេមាប៉ុណ្ណោះទេ តែថែមទាំងបានប្រទានគាត់នូវលទ្ធភាព។ គឺដូចព្រះអង្គមានបន្ទូលថា ព្រះអង្គបានដាក់ព្រះបន្ទូលព្រះអង្គក្នុងមាត់របស់គាត់ហើយ(ខ.៩)។ ពេលណាយើងទូលសូមសួរព្រះអង្គថា តើព្រះអង្គសព្វព្រះទ័យនឹងប្រើប្រាស់យើងដូចម្តេចខ្លះ ព្រះអង្គនឹងប្រទានយើងនូវលទ្ធភាព ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ។ ដោយជំនួយមកពីព្រះអង្គ យើងអាចប្រើពាក្យសម្តីរបស់យើង ដោយចិត្តក្លាហាន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មកលើមនុស្សនៅជុំវិញយើង។—KIMYA LODER
តើអ្នកមិនហ៊ានបើកមាត់និយាយ នៅពេលណាខ្លះ? តើអ្នកអាចពឹងផ្អែកលើកម្លាំង និងប្រាជ្ញារបស់ព្រះអង្គ ដូចម្តេចខ្លះ ដើម្បីនិយាយស្តី?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំនូវកម្លាំង ដើម្បីប្រើអំណាចនៃព្រះបន្ទូល ដើម្បីជះឥទ្ធិពលជាវិជ្ជមាន មកលើមនុស្សនៅជុំវិញទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣
ប្រភេទ
ល្ងាច

ជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ
ដោយJohn Piper
June 16, 2023
ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ហេព្រើរ ៩:២៨ តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា ព្រះលោហិតព្រះគ្រីស្ទបានដកបាបរបស់អ្នកចេញ ហើយដឹងថា ពេលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គនឹងគ្របបាំងអ្នក ឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះ ហើយនាំអ្នកចូលទៅក្នុងជីវិតអស់កល្ប? ចម្លើយនោះគឺ : ចូរយើងមានជំនឿលើព្រះគ្រីស្ទ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។ បទគម្ពីរនេះបានចែងថា ព្រះអង្គនឹងយាងមកវិញ ដើម្បីជួយសង្គ្រោះ អស់អ្នកដែល "រង់ចាំព្រះអង្គ"។ ដូចនេះ តើអ្នកត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ? តើអ្នកត្រូវពិសោធន៍នឹងការអត់ទោសបាប ពីព្រះ ក្នុងព្រះគ្រីស្ទ ហើយត្រៀមខ្លួនជួបព្រះអង្គ ដោយរបៀបណា? គឺដោយមានជំនឿមកលើព្រះអង្គ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។ ការអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញ គ្រាន់តែជាសញ្ញាបង្ហាញថា យើងស្រឡាញ់ព្រះអង្គ ហើយជឿព្រះអង្គ គឺពិតជាជឿព្រះអង្គ ដោយជំនឿពិតប្រាកដមែន។ ជំនឿក្លែងក្លាយគ្រាន់តែចង់រួចផុតពីស្ថាននរក តែគ្មានចិត្តស្រឡាញ់ព្រះគ្រីស្ទឡើយ។ ជំនឿប្រភេទនេះ មិនបានសង្គ្រោះនោះទេ។ វាមិននាំឲ្យយើងមានចិត្តអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញឡើយ។ តាមពិត ជំនឿប្រភេទនេះចង់ឲ្យព្រះគ្រីស្ទពន្យាពេលយាងត្រឡប់មកវិញ ឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យខ្លួនអាចសប្បាយនឹងលោកិយ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ តែជំនឿដែលពិតជានៅជាប់ព្រះគ្រីស្ទ ដោយទទួលព្រះអង្គជាសង្គ្រោះ ជាព្រះអម្ចាស់ ជាកំណប់ទ្រព្យ ជាក្តីសង្ឃឹម និងជាក្តីអំណររបស់ខ្លួន ជាជំនឿដែលធ្វើឲ្យយើងមានចិត្តស្រេកឃ្លាន ចង់ឲ្យព្រះគ្រីស្ទយាងមកវិញ។ នោះហើយជាជំនឿដែលនាំឲ្យបានសង្គ្រោះ។ ដូចនេះ ខ្ញុំសូមជំរុញអ្នកឲ្យងាកចេញពីលោកិយ និងអំពើបាប។ ចូរងាកមករកព្រះគ្រីស្ទវិញ។ ចូរស្វាគមន៍ព្រះអង្គ ឱបក្រសោបព្រះគ្រីស្ទ និងទទួលព្រះអង្គ មិនមែនដើម្បីធ្វើជាបណ្ណធានាឲ្យរួចផុតពីបឹងភ្លើង តែធ្វើជាកំណប់ទ្រព្យ មិត្តសំឡាញ់ និងព្រះអម្ចាស់ ដោយចិត្តអន្ទះសារ។