អញមិនដែលភ្លេចឯងឡើយ។ អេសាយ ៤៩:១៥
បុរសម្នាក់មានលុយ bitcoin តម្លៃ៤រយលានដុល្លាអាមេរិក តែគាត់មិនអាចដកវាចាយ សូម្បីតែ១សេន។ គាត់បានបាត់លេខសម្ងាត់ សម្រាប់បើកឧបករណ៍ដែលរក្សាទុកលុយទាំងអស់នោះ ហើយមហន្តរាយកំពុងតែលេចឡើង ព្រោះឧបករណ៍នោះនឹងបំផ្លាញខ្លួនឯង ដោយស្វ័យប្រវត្តិ បើសិនជាគាត់បំពេញលេខសម្ងាត់ខុស១០ដង។ ទ្រព្យសម្បត្តិនោះនឹងបាត់បង់ជារៀងរហូត។ អស់រយៈពេល១ទសវត្សរ៍ហើយ ដែលបុរសនោះបានខំរកនឹកលេខសម្ងាត់ សម្រាប់បើកចូលយកប្រាក់ដែលគាត់បានវិនិយោគ ដែលអាចនាំមកនូវការផ្លាស់ប្តូរក្នុងជីវិតគាត់។ គាត់បានព្យាយាមដាក់លេខសម្ងាត់៨ដង ខុសទាំង៨ដង។ នៅឆ្នាំ២០២១ គាត់បានពោលទំនួញថា គាត់មានឱកាសដាក់លេខសម្ងាត់នោះ តែពីរដងទៀតប៉ុណ្ណោះ មុននឹងលុយbitcoinរបស់គាត់រលាយអស់។
យើងជាមនុស្សដែលមានការភ្លេចភ្លាំងច្រើន។ ជួនកាល យើងភ្លេចរឿងតូចៗ(ដូចជាភ្លេចកន្លែងដែលយើងដាក់កូនសោ) ហើយជួនកាលយើងភ្លេចរឿងធំៗ(ដូចជាភ្លេចលេខសម្ងាត់ សម្រាប់ដកយកប្រាក់រាប់លានដុល្លាជាដើម)។ តែអរព្រះគុណព្រះអង្គ ដែលមិនដែលភ្លេចដូចយើងឡើយ។ ព្រះអង្គមិនដែលភ្លេចរឿង ឬភ្លេចមនុស្សដែលព្រះអង្គស្រឡាញ់ឡើយ។ ក្នុងគ្រាវេទនា ពួកអ៊ីស្រាអែលខ្លាចព្រះទ្រង់ភ្លេចពួកគេ។ បានជាពួកគេពោលថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេសាយក៏បានធានាពួកគេថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ។ លោកហោរាក៏បានសួរពួកគេថា “តើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ?” ជាការពិតណាស់ ម្តាយមិនដែលភ្លេចកូនដែលមិនទាន់ផ្តាច់ដោះនោះឡើយ។ តែទោះម្តាយខ្លះបានបំភ្លេចចោលកូនតូចរបស់ខ្លួនក៏ដោយ ក៏យើងដឹងថា ព្រះអង្គមិនដែលបំភ្លេចយើងចោលឡើយ(ខ.១៥)។
ព្រះអម្ចាស់មានបន្ទូលថា “មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច”(ខ.១៦)។ ព្រះទ្រង់បានចារឹកឈ្មោះយើង នៅលើបាតដៃព្រះអង្គហើយ។ ចូរយើងទុកចិត្តថា ព្រះអង្គមិនអាចភ្លេចយើង ជាមនុស្សដែលព្រះអង្គស្រឡាញ់បានឡើយ។—WINN COLLIER
តើអ្នកបានភ្លេចរឿងសំខាន់នៅពេលណាខ្លះ? តើអ្នកមានអំណរប៉ុណ្ណា ពេលដែលបានដឹងថា ព្រះទ្រង់មិនដែលភ្លេចអ្នកឡើយ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែនឹកចាំអំពីទូលបង្គំជានិច្ច ហើយមានលក្ខណៈដែលគួរឲ្យទូលបង្គំទុកចិត្តបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៤-៦ និង កិច្ចការ ២:២២-៤៧