នៅម្នាក់ឯង តែមិនឯកោ

សូមអាន លោកុប្បត្តិ ៤០:៨-១៥,២០-២៣

ចំណែក​នាយ​ពិសេស​ថ្វាយ​ពែង គាត់​ភ្លេចឈឹង​មិន​បាន​នឹក​ចាំ​យ៉ូសែប​សោះ​។ លោកុប្បត្តិ ៤០:២៣

ពេល​ដែល​អ្នក​ស្តាប់​អ្នក​ទោស​ចែក​ចាយ​រឿង​របស់​ពួកគេ អ្នក​នឹង​បាន​ដឹង​ច្បាស់​ថា ភាព​ឯកោ និង​ភាព​កណ្តោច​កណ្ដែង អាច​ជា​ផ្នែក​ដែល​ពិបាក​បំផុត នៅ​ក្នុង​ការ​រស់នៅ​ជា​អ្នក​ទោស ក្នុង​ពន្ធ​ធនាគារ​។ តាម​ពិត ការ​សិក្សា​មួយ​បាន​បង្ហាញថា ទោះ​ពួកគេ​បាន​ជាប់​នៅ​ក្នុង​ពន្ធ​ធនាគារ មាន​រយៈ​ពេល​ប៉ុណ្ណា​ក៏ដោយ អ្នក​ទោស​ភាគ​ច្រើន​មាន​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​មក​សួរ​សុខ​ទុក្ខ តែ​ពីរ​ដង​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ជាប់​ពន្ធ​ធនាគារ​។ ភាព​ឯកោ​បាន​កើត​មាន​ចំពោះ​ពួកគេ ជា​ប្រចាំ​។

ខ្ញុំ​មិន​ដឹង​ថា លោក​យ៉ូសែប​មាន​ការ​ឈឺ​ចាប់​ប៉ុណ្ណា​ទេ ពេល​ដែល​គាត់​ជាប់​នៅ​ក្នុង​គុក ដោយសារ​គេ​បាន​ចោទ​បង្ខូច​គាត់​។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ដល់​គាត់​។ ព្រះ​អង្គ​បាន​ជួយ​គាត់ ឲ្យ​កាត់​ស្រាយ​ការ​យល់សប្តិ​យ៉ាង​ត្រឹម​ត្រូវ ឲ្យ​អ្នក​ទោស​ម្នាក់​ដែល​ជាប់ឃុំ​ជាមួយ​គាត់ ដែល​អ្នក​នោះ​ជា​អ្នក​បម្រើ​ជំនិត​របស់​ស្តេច​ផារ៉ោន​។ លោក​យ៉ូសែប​ក៏បាន​ប្រាប់​បុរស​នោះ​ថា បុរស​នោះ​នឹង​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតា​វិញ ហើយ​គាត់​ក៏​បាន​សុំ​ឲ្យ​បុរស​នោះ​ទូល​ថ្វាយ​ស្តេច​ផារ៉ោន​អំពី​គាត់ ដើម្បី​ឲ្យ​គាត់​អាច​មាន​សេរី​ភាព​ផង​ដែរ(លោកុប្បត្តិ ៤០:១៤)។ តែ​បុរស​នោះ​បាន​ភ្លេច​លោក​យ៉ូសែប​(ខ.២៣)។ លោក​យ៉ូសែប​បាន​រង់​ចាំ​អស់២ឆ្នាំ​។ ក្នុង​អំឡុង​ពេល​រង់​ចាំ​នោះ កាលៈទេសៈ​របស់​គាត់​ហាក់​ដូចជា​គ្មាន​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​សោះ តែ​គាត់​មិន​ដែល​នៅ​តែឯង​ឡើយ ព្រោះ​ព្រះ​ទ្រង់​តែងតែ​គង់នៅ​ជាមួយ​គាត់​ជានិច្ច​។ ទី​បំផុត អ្នក​បម្រើ​រូប​នោះ​ក៏បាន​នឹក​ចាំ​អំពី​ការ​សន្យា​របស់​ខ្លួន ហើយ​លោក​យ៉ូសែប​ក៏​ត្រូវ​គេ​ដោះ​លែង បន្ទាប់​ពី​បាន​កាត់​ស្រាយ​ការ​យល់សប្តិ​ឲ្យ​ស្តេច​ផារ៉ោន(៤១:៩-១៤)។

ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា គេ​បាន​ភ្លេច​យើង ហើយ​យើង​ឯកោ​យ៉ាងណា​ក៏ដោយ ក៏​យើង​អាច​តោង​ឲ្យ​ជាប់​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​កូន​ព្រះ​អង្គ​ថា ព្រះអង្គ​នឹង​មិន​ភ្លេច​ពួកគេ​ឡើយ(អេសាយ ៤៩:១៥)។—Lisa M. Samra

តើ​នៅ​ពេលណា​ខ្លះ អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់ ដោយសារ​គេ​បំភ្លេច​អ្នក? តើ​ការ​នឹក​ចាំ​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​ដែល​នៅ​ជាប់​ជាមួយ​យើង​ជានិច្ច បាន​កម្សាន្ត​ចិត្ត​យើង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ឈោង​ទៅ​រក​ព្រះអង្គ ពេល​ណា​ទូល​បង្គំ​មាន​អារម្មណ៍​ថា គេ​ភ្លេច​ទូល​បង្គំ និង​ចាំ​ថា ព្រះអង្គ​តែងតែ​គង់នៅ​ជា​មួយ​ទូល​បង្គំ​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៨៩-៩០ និង រ៉ូម ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles