សូមអាន លូកា ១៨:១-៨
នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ លូកា ១៨:១
កាលពីឆ្នាំ១៩១៧ អ្នកស្រីអ៊ែន ខូន(Ann Cone) ជាជាងកាត់ដេរវ័យក្មេងម្នាក់ ដែលមានចិត្តរំភើបរីករាយ ពេលដែលបានជាប់ឈ្មោះចូលរៀន នៅសាលាបង្រៀនឆ្នៃម៉ូតល្បីបំផុត នៅទីក្រុងញូយ៉ក។ តែនៅពេលដែលគាត់បានធ្វើដំណើរមកពីរដ្ឋផ្លូរីដា មកដល់សាលានោះ ដើម្បីចុះឈ្មោះចូលរៀន នាយកសាលាក៏បានប្រាប់នាងថា សាលារបស់គាត់មិនស្វាគមន៍នាងឡើយ។ គាត់ថា “ខ្ញុំសូមនិយាយឲ្យត្រង់ អ្នកស្រីខូន យើងមិនបានដឹងសោះថា អ្នកស្រីជាជនជាតិស្បែកខ្មៅ”។ នាងបដិសេធន៍មិនព្រមចេញពីសាលានោះឡើយ ហើយក៏បានអធិស្ឋានខ្សឹបៗ សូមព្រះអង្គជួយឲ្យគាត់បាននៅរៀនក្នុងសាលានោះ។ ពេលឃើញនាងមានចិត្តតស៊ូដូចនេះ នាយកសាលាក៏បានអនុញ្ញាតឲ្យនាងនៅរៀនទីនោះ តែត្រូវអង្គុយរៀនដាច់ដោយឡែក សិស្សដែលជាជនជាតិស្បែកស ដោយគេបានបើកចំហទ្វារខាងក្រោយថ្នាក់រៀន ឲ្យនាងបានស្តាប់សម្លេងគ្រូបង្រៀន។
អ្នកស្រីអ៊ែនមានអំណោយទាន ដែលមិនអាចប្រកែកបាន ដោយនាងបានបញ្ចប់ការសិក្សា មុនសិស្សដទៃទៀត៦ខែ ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនលំដាប់ខ្ពស់ ដែលរួមមានភរិយារបស់លោកប្រធានាធិបតីអាមេរិក ចន អេហ្វ ខេនេឌី(John F. Kennedy) ដោយនាងបានឆ្នៃម៉ូតរ៉ូបអាពាហ៍ពិពាហ៍ឲ្យគាត់ ហើយក្រោយមក រ៉ូបនោះក៏បានមានភាពល្បីល្បាញទូទាំងពិភពលោក។ នាងថែមទាំងបានដេររ៉ូបនោះពីរដង ដោយសូមព្រះអង្គជួយនាង បន្ទាប់ពីទុយោទឹកបានបែកនៅជាន់ខាងលើហាងកាត់ដេររបស់នាង ធ្វើឲ្យខូចរ៉ូបទី១។
ការតស៊ូយ៉ាងដូចនេះ គឺមានអំណាចណាស់ ជាពិសេស នៅក្នុងការអធិស្ឋាន។ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីស្ត្រីមេម៉ាយដែលមានចិត្តតស៊ូ មានស្រ្តីមេម៉ាយម្នាក់បានទៅទាមទារយុត្តិធម៌ ពីចៅក្រមពុករលួយម្នាក់ ម្តងហើយម្តងទៀត។ ពីដំបូង គាត់បានបដិសេធន៍មិនព្រមជួយនាង តែទីបំផុតគាត់ក៏បាននិយាយថា ដោយព្រោះនាងនាំឲ្យរំខានចិត្តគាត់ខ្លាំងពេក ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នោះគាត់ក៏ព្រមស្វែងរកយុត្តិធម៌ឲ្យនាង(លូកា ១៨:៥)។
ចំណែកព្រះវិញដែលមានសេចក្តីស្រឡាញ់លើសលប់ តើទ្រង់នឹងមិនប្រទានយុត្តិធម៌ឲ្យពួកជ្រើសតាំងរបស់ព្រះអង្គ ដែលបានស្រែករកព្រះអង្គទាំងយប់ថ្ងៃទេឬអី?(ខ.៧)។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គនឹងស្វែងរកយុត្តិធម៌ឲ្យពួកគេ(ខ.៨)។ ខណៈពេលដែលព្រះអង្គបណ្តាលចិត្តយើងឲ្យទូលអង្វរ ចូរយើងព្យាយាមអធិស្ឋានឥតឈប់ឈរ ដោយមិនបោះបង់ការតស៊ូ។ ព្រះទ្រង់នឹងឆ្លើយតប តាមពេលវេលា និងបំណងព្រះទ័យព្រះអង្គ។—Patricia Raybon
តើមានអ្វីជួយអ្នកឲ្យមានការតស៊ូក្នុងការអធិស្ឋាន? តើមានរឿងអ្វីខ្លះ ដែលអ្នកនៅតែបន្តទូលអង្វរ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការឆ្លើយតបការអធិស្ឋានឥតឈប់ឈររបស់ទូលបង្គំ។
To learn more about how to experience a dynamic prayer life, visit ODBU.org/courses/SF120.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩៤-៩៦ និង រ៉ូម ១៥:១៤-៣៣