សូមអាន : ភីលីព ៣:៤-១៤
ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ … ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់។ ភីលីព ៣:៨-៩
មានពេលមួយ អ្នកស្រីអេមីលី ឌីឃីនសិន(Emily Dickinson)បាននិពន្ធបទកំណាព្យមួយ ចាប់ផ្តើមដោយពាក្យថា “ខ្ញុំជាមនុស្សគេមិនឲ្យតម្លៃ! តើអ្នកជានរណា?” ក្នុងបទកំណាព្យនេះ គាត់បាននាំគេឲ្យត្រិះរិះពិចារណា អំពីការប្រឹងប្រែងរបស់មនុស្ស ដើម្បីឲ្យក្លាយជាមនុស្សដែលគេឲ្យតម្លៃ ហើយគាត់ក៏បានលើកទឹកចិត្តឲ្យគេទទួលយកសេរីភាពនៃការរស់នៅដ៏រីករាយ ជាមនុស្សដែលគេមិនស្គាល់។ គាត់បានសរសេរថា ការចង់រស់នៅជាមនុស្សដែលគេឲ្យតម្លៃ នាំឲ្យមានការថប់បារម្ភ។ ការចង់ឲ្យគេស្គាល់ជាសាធារណៈ គឺប្រៀបដូចសត្វកង្កែបស្រែកយំ ឲ្យគេឮ ហើយចង់ឲ្យគេកោតសរសើរ។
ពេលដែលគាត់លើកទឹកចិត្តគេឲ្យស្វែងរកសេរីភាព ក្នុងការលះចោលចិត្តដែលចង់រស់នៅជា “មនុស្សដែលគេសរសើរ” តាមរបៀបផ្សេងៗ ខ្ញុំក៏បាននឹកចាំ អំពីទីបន្ទាល់របស់សាវ័កប៉ុល។ មុនពេលគាត់ទទួលជឿព្រះគ្រីស្ទ គាត់ជាអ្នកដឹកនាំសាសនាម្នាក់ ដែលមានឥទ្ធិពល និងស្នាដៃ ដែលទំនងជា ហេតុផលដែលនាំឲ្យគាត់ទុកចិត្តលើសាច់ឈាមរបស់គាត់(ភីលីព ៣:៤)។
តែអ្វីៗមានការផ្លាស់ប្តូរ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវ។ គាត់ក៏បានដឹងថា អ្វីៗដែលគាត់សម្រេចបាន នៅក្នុងសាសនារបស់គាត់ គ្មានតម្លៃអ្វីទេ ពេលដែលគាត់បានស្គាល់ពន្លឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់។ គឺដូចដែលគាត់បានសារភាពថា “ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ … ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ” (ខ.៨)។ គាត់ក៏បានបកស្រាយថា ក្តីប្រាថ្នាដ៏ខ្ពស់បំផុតដែលគាត់នៅមាន គឺដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង(ខ.១០)។
ជាការពិតណាស់ ការព្យាយាមរស់នៅជាមនុស្សដែលគេឲ្យតម្លៃ អាចនាំឲ្យមានការធ្លាក់ទឹកចិត្ត។ តែយើងនឹងរកឃើញអត្តសញ្ញាណថ្មីរបស់យើងក្នុងព្រះអង្គ(ខ.៩) ពេលណាយើងស្គាល់ព្រះអង្គ ហើយទទួលយកសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានការលះបង់ និងទទួលយកជីវិតថ្មី ដែលមានសេរីភាព និងភាពពេញលេញ។—Monica La Rose
តើអ្នកបានទទួលសេរីភាពរួចផុតពីការខំស្វែងរកតម្លៃខ្លួនឯង នៅក្នុងភាពជោគជ័យ ឬពីអ្នកដទៃ ចាប់តាំងពីពេលណា? តើការរកឃើញអត្តសញ្ញាណរបស់អ្នក ក្នុងព្រះគ្រីស្ទ បានរំដោះអ្នកឲ្យរួចផុតពីអំនួតយ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ និងទទួលយកទូលបង្គំ ទោះទូលបង្គំជាមនុស្សប្រភេទណាក៏ដោយ។
To learn more about how to discover your true personality and how you can be used in the church, visit ODBU.org/courses/SF108.
គម្រោងអានរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៨-១៥០ និង ១កូរិនថូស ១៥:២៩-៥៨