នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី

ព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី

ដោយTim Gustafson

September 23, 2023

សូមអាន : យ៉ូហាន ១៤:១៥-២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់​។ យ៉ូហាន ១៤:២៦ ឪពុក​របស់​លោក​ដេល អឺនហាត(Dale Earnhardt Jr.) ជា​កីឡាករ​ប្រណាំង​ឡាន​ដ៏​ល្បី​ល្បាញ​។ មាន​ពេល​មួយ​គាត់​បាន​ពិពណ៌នា​អំពី​ពេល​ដ៏​ឈឺ​ចាប់ បន្ទាប់​ពី​បាន​ដឹង​ថា ឪពុក​គាត់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ដ៏​តក់ស្លុត នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត Dayton 500 ជា​ការ​ប្រកួត ដែល​គាត់​ក៏បាន​ចូល​រួម​ផង​ដែរ​។ គាត់​ថា មាន​សម្លេង​រំខាន​មួយ​ចេញពី​ក្នុង​ចិត្ត​គាត់ ដែល​គាត់​មិន​អាច​ពិពណ៌នា​បាន ដោយសារ​វា​មាន​ពេញ​ដោយ​ភាព​តក់ស្លុត ការ​សោក​សង្រេង និង​ការ​ភ័យ​ខ្លាច​។ ហើយ​គាត់​និយាយ​ទៀត​ថា ឪពុក​គាត់​ប្រៀប​ដូចជា​សៀវភៅ ដែល​កត់ទុក​នូវ​ចម្លើយ​គ្រប់​យ៉ាង​សម្រាប់​គាត់ ដូច​នេះ ការ​បាត់បង់​នេះ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ​យ៉ាង​ខ្លាំង​។ ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​បាន​រៀន​មើលទៅ​ព្រះអង្គ ដើម្បី​ទទួល​បាន​ចម្លើយ​គ្រប់​យ៉ាង​។ នៅពេល​ល្ងាច មុន​ពេល​ព្រះអង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទៅ​ចោល​ពួកគេ ឲ្យ​នៅ​កំព្រា​នោះ​ឡើយ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​នេះ ដល់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ថា “បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំងទី​លំនៅ នៅ​ជាមួយ​ដែរ”(ខ.២៣)។ អ្នក​ដែល​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះគ្រីស្ទ ក៏​មាន​ព្រះ​វិញ្ញាណ​គង់​សណ្ឋិត​នៅ​ក្នុង​ពួកគេ ដែល​ទ្រង់​បង្រៀន​ពួកគេ នូវ “គ្រប់​សេចក្តី​ទាំង​អស់” ហើយ​រំឭក​ពួកគេ អំពី​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន(ខ.២៦)។ យើង​មិន​អាច​ឆ្លើយ​សំណួរ​ទាំង​អស់ ដែល​សំខាន់​ចំពោះ​វិញ្ញាណ​របស់​យើង តែ​ព្រះ​វិញ្ញាណ​ទ្រង់​ជ្រាប​។—Tim Gustafson

តើមាន​សំណួរ​ពិបាកៗ​អ្វី​ខ្លះ ដែល​អ្នក​មិន​អាច​ឆ្លើយ​បាន? តើ​អ្នក​ដឹង​​ថា ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត​កំពុង​ដឹកនាំ​អ្នក យ៉ាងណា​ខ្លះ ឲ្យ​យល់​អំពី​សេចក្តី​ពិត​ទាក់ទង​នឹង​សំណួរ​នោះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្វែងរក​ចម្លើយ ដែល​ទូល​បង្គំ​ត្រូវ​ការ​ចម្លើយ ដែល​មាន​ប្រយោជន៍​ចំពោះ​វិញ្ញាណ​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​ទាំងស្រុង ហើយ​រក​ឃើញ​សន្តិភាព​ពិត​ប្រាកដ​ក្នុង​ព្រះអង្គ​។

For further study, read Learning to Love Scripture through Learning to Love the Questions at DiscoverySeries.org.

គម្រោងអានរយៈពេល១ឆ្នាំ : បទ​ចម្រៀង​សាឡូម៉ូន ១-៣ និង កាឡាទី ២

ល្ងាច

Devotional illustration

ស្វែងរកប្រយោជន៍សម្រាប់ទីក្រុងអ្នក

ដោយJohn Piper

September 23, 2023

“ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ឈ្លើយ​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញពី​ក្រុង​យេ​រូ​សា​ឡិម ទៅដល់​ស្រុក​បា​ប៊ី​ឡូន​ថា ចូរ​ឲ្យ​ឯង​រាល់គ្នា​សង់ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ ... ចូរ​ខំប្រឹង​ធ្វើឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ឲ្យ​ទីនោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ”។ យេរេមា ២៩:៤-៥,៧ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ បើ​ពាក្យពេចន៍​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកកាន់​ពួក​ដែល​បាន​និរទេស ចូល​ចក្រភព​បា​ប៊ី​ឡូន ជា​សេចក្តី​ពិត នោះ​ព្រះបន្ទូល​នេះ​ក៏​ជា​សេចក្តី​ពិត​សម្រាប់​គ្រីស្ទបរិស័ទ​ជាង​អម្បាលម៉ាន​ទៀត ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់នៅ ក្នុង​ការ​និរទេស ក្នុង​លោកិយ ដែល​មាន​លក្ខណៈ​ដូច​ចក្រភព​បាប៊ីឡូន។ ដូចនេះ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? យើង​គួរតែ​ធ្វើ​កិច្ចការ​ដ៏​សាមញ្ញ ដែល​ចាំបាច់​ត្រូវ​ធ្វើ ដូចជា​ការ​សង់ផ្ទះ រស់នៅ​ក្នុង​ផ្ទះ​នោះ និង​បង្កើត​សួនច្បារ​ជាដើម។ ការ​នេះ​មិន​នាំឲ្យ​អ្នក​ខុសឆ្គង​ឡើយ បើ​អ្នកធ្វើ​វា ថ្វាយព្រះ​ដែល​ជា​ក្សត្រ​ដ៏​ពិត តែ​មិន​មែន​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស។ ចូរ​ស្វែងរក​សេចក្តី​សុខ សម្រាប់​ទីកន្លែង ដែល​ព្រះ​បាន​ចាត់​ឲ្យ​អ្នក​ទៅ។ ចូរ​គិតថា ព្រះ​ទ្រង់​បាន​ចាត់​អ្នកឲ្យ​ទៅ​ទីនោះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ ព្រោះ​នេះ​ជា​ការពិត​មែន។ ចូរ​អធិស្ឋាន​ឲ្យ​ទីក្រុង​ដែល​អ្នក​កំពុង​រស់នៅ។ ចូរ​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ការ​អស្ចារ្យ និង​ការ​ល្អ ឲ្យ​កើតឡើង សម្រាប់​ទីក្រុង​នោះ។ ចូរ​សូមឲ្យ​ការ​ទាំងនោះ​កើត​ឡើង ដោយ​អំណាច​ព្រះអង្គ និង​ដើម្បី​សិរីល្អ​ព្រះអង្គ។ ចូរ​កុំ​ភ្លេច​តម្រូវការ​ធំ​បំផុត ដែល​ទីក្រុង​នោះ​ត្រូវការ ខ្លាំង​ជាង​ភាព​ចម្រុងចម្រើន​ផ្នែកសម្ភារៈ​រាប់ពាន់​ដង។ គ្រីស្ទបរិស័ទ​យកចិត្ត​ទុកដាក់ ចំពោះ​ទុក្ខវេទនា​គ្រប់យ៉ាង ជាពិសេស​ទុក្ខវេទនា​អស់​កល្ប​ជានិច្ច។ វា​ជា​គ្រោះថ្នាក់​ធំ​បំផុត ដែល​ទីក្រុង​នីមួយៗ​ជួប​ប្រទះ។ តែ​ព្រះ និង​រាស្រ្ត​របស់​ព្រះអង្គ តែងតែ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​សុខភាព សុវត្ថិភាព ភាព​សម្បូរសប្បាយ និង​សេរីភាព​នៃ​ទីក្រុងជានិច្ច។ យើង​រាល់គ្នា​សុទ្ធតែ​ចង់បាន​សេចក្តី​ទាំងនេះ ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង”(ម៉ាថាយ ២២:៣៩)។ តាមពិត ព្រះអម្ចាស់​មាន​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា​ថា ការ​ស្រឡាញ់​ទីក្រុង​របស់​អ្នក គឺជា​របៀប​ដែល​យើង​ស្រឡាញ់​ខ្លួនឯង ហេតុនេះ​ហើយ​ព្រះអង្គ​បាន​បង្គាប់​ថា “ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ”។ ការ​នេះ​មិន​មានន័យថា យើង​បោះបង់ចោល​ភាពជា​ជន​និរទេស​នោះ​ទេ។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា គ្រីស្ទបរិស័ទ​ជា “ពួក​ប្រទេសក្រៅ និង​ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ”(១ពេត្រុស ២:១១) ហើយ​សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “យើង​ជា​សាសន៍​ស្ថានសួគ៌”(ភីលីព ៣:២០)។ តាមពិត យើង​អាច​ធ្វើការល្អ​បាន​ច្រើន​បំផុត សម្រាប់​លោកិយ​នេះ ដោយ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​សេរីភាព រួចផុត​ពី​ការ​ទាក់​ទាញ​របស់​វា។ យើង​នឹង​បម្រើ​ទីក្រុង​របស់​យើង​បាន​ល្អ​បំផុត ដោយ​នាំ​មនុស្ស​ក្នុង​ទីក្រុង​នោះ​ឲ្យបាន​ច្រើន​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ឲ្យ​ពួក​គេ​ក្លាយជា​ពលរដ្ឋ​នៃ “ទីក្រុង​យេរូសាឡិម” របស់​ព្រះ​នៅ​ស្ថាន​លើ(កាឡាទី ៤:២៦)។ ដូចនេះ ចូរ​យើង​រស់នៅ ចូរ​យើង​ធ្វើ​ការ​ល្អ​ឲ្យបាន​ច្រើន(១ពេត្រុស ២:១២) ដើម្បីឲ្យ​គេអាចជួប​ជាមួយ​ព្រះ​ដ៏​ជា​ស្តេច​នៃ​យើង។  

ប្រភេទ