បានត្រៀមខ្លួនទៅរស់នៅជាមួយព្រះអង្គ

ភីលីព ១:២១-៣០

ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង​។ ភីលីព ១:២៣-២៤

ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​របស់​វីរុស​កូរ៉ូណា មនុស្ស​ជា​ច្រើន​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​មាន​ទុក្ខ​ជា​ទំងន់​ផង​ដែរ នៅពេល​ដែល​អ្នក​ស្រី ប៊ី ក្រោឌ័រ ជា​ម្តាយ​​ខ្ញុំ បាន​លាចាក​លោក នៅ​អាយុ៩៥ឆ្នាំ ទោះ​មិនមែន​ដោយសារ​ជំងឺកូវីដ១៩ក៏ដោយ​។ ពេល​នោះ យើង​មិន​អាច​ជួបជុំ​គ្នា ដើម្បី​កាន់​ទុក្ខ ចំពោះ​ការ​ស្លាប់​របស់​គាត់ ឬ​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ខុសពី​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀត​ឡើយ​។ ផ្ទុយ​ទៅវិញ យើង​បាន​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​រួម​គ្នា​អបអរ​ឥទ្ធិពល​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ ហើយ​យើង​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​មានន័យ ពី​ពាក្យ​ផ្តាំ​ផ្ញើ​របស់​គាត់ ដែល​បាន​បន្ត​រំឭក​យើង​ថា បើ​ព្រះ​ទ្រង់​បាន​ហៅ​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ នោះ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយក៏​មាន​ចិត្ត​អន្ទះសារ​​ចង់ទៅ​នៅ​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ ក្តី​សង្ឃឹម​ដែល​មាន​ទំនុក​ចិត្ត​នេះ គឺ​បាន​បង្ហាញ​ចេញ​មក​ជា​ញឹក​ញាប់ នៅ​ក្នុង​របៀប​នៃ​ការ​រស់នៅ​របស់​ម្តាយ​ខ្ញុំ ក៏​ដូចជា​ក្នុង​របៀប​ដែល​គាត់​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​។

កាល​សាវ័ក​ប៉ុល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ គាត់​ក៏បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ … ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង” (ភីលីព ១:២១,២៣-២៤)។ ទោះ​គាត់​មាន​បំណង​ចិត្ត​ដ៏​ត្រឹម​ត្រូវ ចង់​បន្ត​រស់នៅ ដើម្បី​ជួយ​អ្នក​ដទៃ​ក៏ដោយ ក៏​ព្រះគ្រីស្ទ​​នៅតែ​​នាំ​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ​។

ការ​មាន​ទំនុក​ចិត្ត​យ៉ាង​ដូច​នេះ គឺ​បាន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​របស់​យើង អំពី​ពេល​ដែល​យើង​បោះ​ជំហាន​ចេញពី​ជីវិត​នេះ ចូល​ទៅ​ក្នុង​ជីវិត​ក្នុង​នគរ​ស្ថាន​សួគ៌​។ ក្តី​សង្ឃឹម​របស់​យើង​អាច​ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ដ៏​អស្ចារ្យ ដល់​អ្នក​ដទៃ ក្នុង​រដូវ​កាលដែល​ពួក​គេ​កំពុង​ជួប​ការ​បាត់បង់​។ ទោះ​យើង​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​មនុស្ស​ដែល​យើង​ស្រឡាញ់​ក៏ដោយ អ្នកជឿ​ព្រះ​យេស៊ូវ​មិន​សោក​សង្រេង ដូច​មនុស្ស​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ(១ថែស្សាឡូនិច ៤:១៣)។ អ្នក​ដែល​ស្គាល់​ព្រះអង្គ ជា​មនុស្ស​ដែល​មាន​ក្តី​សង្ឃឹម​ពិត​។—Bill Crowder

តើ​អ្នក​បាន​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​បញ្ហា​ដែល​កំពុង​គំរាម​កំហែង ក្នុង​ពិភពលោក​នេះ? តើ​ការ​មាន​សង្ឃឹម​នៅ​ក្នុង​ចិត្ត​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក អំពី​ទុក្ខ​លំបាក​ក្នុង​ជីវិត​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​សង្ឃឹម​គ្រប់​យ៉ាង សូម​ព្រះ​អង្គ​រំឭក​ទូល​បង្គំ អំពី​ជ័យ​ជម្នះ​របស់​ព្រះយេស៊ូវ ដែល​បាន​ឈ្នះ​សេចក្តី​ស្លាប់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៣-២៥ និង ភីលីព ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles