កិច្ចការ ១៧:២៤-៣២
ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់។ កិច្ចការ ១៧:២២
កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅលេងទីក្រុងអាថែន ប្រទេសក្រិក។ ខ្ញុំបានដើរមើលកន្លែងទីប្រជុំជនបុរាណ ជាទីផ្សារ ដែលកាលសម័យមុន ពួកទស្សនវិទូធ្លាប់ឈរបង្រៀន ហើយអ្នកក្រុងអាថែនធ្លាប់ថ្វាយបង្គំព្រះ ហើយខ្ញុំក៏បានឃើញអាសនារបស់ព្រះអាប៉ូឡូ និងព្រះហ្ស៊ូស នៅក្រោមម្លប់នៃព្រះវិហារអាក្រូប៉ូលិស ដែលធ្លាប់មានរូបចម្លាក់ព្រះនាងអាធីណាឈរ នៅទីនោះ។
សព្វថ្ងៃនេះ យើងមិនថ្វាយបង្គំព្រះអាប៉ូឡូ ឬព្រះហ្ស៊ូសទៀតទេ តែសង្គមមនុស្ស នៅតែបន្តថ្វាយបង្គំរូបព្រះ ឬព្រះក្លែងក្លាយ មិនចាញ់សម័យមុនឡើយ។ អ្នកនិពន្ធរឿងប្រលោមលោក ឈ្មោះ ដេវីឌ ហ្វូស្ទ័រ វ័រលេស(David Foster Wallace) បានដាស់តឿនថា “មនុស្សម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ។ បើអ្នកថ្វាយបង្គំលុយ និងទ្រព្យសម្បត្តិ … អ្នកនឹងមិនដែលមានអារម្មណ៍ស្កប់ស្កល់ឡើយ … បើអ្នកថ្វាយបង្គំរូបកាយ និងសម្រស់របស់អ្នក … អ្នកនឹងមិនចេះស្កប់ចិត្តនឹងសម្រស់ខ្លួនឯងដែរ .. បើអ្នកថ្វាយបង្គំចំណេះដឹង … អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងល្ងង់មិនខាន”។ យុគសម័យរបស់មនុស្សដែលមិនជឿព្រះ នៅតែមានរូបព្រះរបស់ខ្លួនសម្រាប់ថ្វាយបង្គំ ហើយវាមិនមែនជារឿងចម្លែកទេ។
កាលសាវ័កប៉ុលទៅមើលទីប្រជុំជននៅទីក្រុងអាថែន គាត់បានប្រកាសប្រាប់ហ្វូងមនុស្សនៅទីនោះថា “ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ (កិច្ចការ ១៧:២២)។ បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នា អំពីព្រះពិតតែមួយ ជាព្រះអាទិករ ដែលបានបង្កើតមនុស្សទាំងអស់(ខ.២៤-២៦) ដែលសព្វព្រះទ័យឲ្យមនុស្សស្គាល់ព្រះអង្គ(ខ.២៧) ហើយបានបើកសម្ដែងអង្គទ្រង់ តាមរយៈព្រះយេស៊ូវ ដែលបានសុគត និងមានព្រះជន្មរស់ឡើងវិញ(ខ.៣១)។ ព្រះអង្គមិនមែនជាព្រះដែលដៃមនុស្សបានបង្កើត ដូចព្រះអាប៉ូឡូ និងព្រះហ្ស៊ូសឡើយ។ ការថ្វាយបង្គំព្រះអង្គនឹងមិនបំផ្លាញជីវិតយើង ដូចការថ្វាយបង្គំលុយ សម្រស់ ឬប្រាជ្ញារបស់យើងឡើយ។
“រូបព្រះ” របស់យើងគឺជាអ្វីក៏ដោយ ដែលយើងមានចិត្តងប់ងុល ហើយពឹងផ្អែកទៅលើវា ដើម្បីសម្រេចគោលបំណង និងការពារខ្លួនយើង។ អរព្រះគុណព្រះអង្គ ដ្បិតយើងតែងតែអាចរកឃើញព្រះអង្គ ជាព្រះពិតតែមួយ(ខ.២៧) ខណៈពេលដែលព្រះក្លែងក្លាយក្នុងលោកិយមិនអាចជួយយើងបាន។—Sheridan Voysey
តើអ្នកបានឃើញសង្គមមនុស្សកំពុងថ្វាយបង្គំព្រះក្លែងក្លាយអ្វីខ្លះ? តើអ្នកពឹងផ្អែកទៅលើនរណា ដើម្បីស្វែងរកគោលបំណង និងការការពារសម្រាប់ជីវិតខាងវិញ្ញាណរបស់អ្នក?
ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលបានយកទ្រព្យសម្បត្តិ សម្រស់ នយោបាយ និងអ្វីផ្សេងទៀត ជាអាទិភាព ក្នុងការរស់នៅ។ ទូលបង្គំសូមដករបស់ទាំងនោះចេញពីបល្ល័ង្កចិត្តទូលបង្គំ ហើយសូមយាងព្រះអង្គគ្រងរាជលើចិត្តទូលបង្គំ។
Discover how Christianity differs from other world religions at ODBU.org/WE101-01-lecture.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៧-២៩ និង ទីតុស ៣