រស់នៅជាពួកជំនុំឲ្យបានត្រឹមត្រូវ

ហេព្រើរ ១០:១៩-២៥

ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅវិញ​ទៅមក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ … ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​។ ហេព្រើរ ១០:២៤-២៥

ក្នុង​អំឡុង​ពេល​ជំងឺកូវីដ១៩កំពុង​រាតត្បាត លោកដេវ(Dave) និង​អ្នក​ស្រី​ខាឡា(Carla) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​ព្រះវិហារ​ថ្វាយបង្គំ​នៅ​ផ្ទះ​។ ប៉ុន្តែ ការ​ណែ​នាំ​ពី​ស្ថាប័ន​សុខាភិបាល ដែល​បាន​រា​រាំង​ការ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់ បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​កាន់តែ​ខ្លាំង​។ ពួកគេ​ចង់​តភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ អ្នក​ស្រី​ខា​ឡា​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ​ថា ពេល​នោះ ជា​ពេល​ពិបាក​ស្វែងរក​ព្រះវិហារ​ថ្វាយបង្គំ​ព្រះ​។ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ខ្ញុំ​ក៏​ចង់​មាន​ការ​ជួបជុំ​ឡើង​វិញ ជាមួយ​គ្រួសារ​នៃ​ពួក​ជំនុំ​របស់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ទៅ​គាត់​វិញ​ថា ពេល​នោះ​ជា​ពេល​ដែល​ពិបាក​រស់នៅ​ជា​ពួក​ជំនុំ​។ ក្នុង​រដូវ​កាល​នោះ ពួក​ជំនុំ​របស់​ខ្ញុំ មិន​មាន​ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់​ទេ តែ​បាន​ចែក​អាហារ ក្នុង​តំបន់​ជិត​ខាង ធ្វើ​កម្មវិធី​ថ្វាយបង្គំ​ព្រះ​តាម​អនឡាញ ហើយក៏​បាន​ទូរស័ព្ទ​ទៅ​សមាជិក​នីមួយៗ ដើម្បី​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទាំង​អស់​នេះ តែ​យើង​ក៏បាន​ឆ្ងល់​ផង​ដែរ​ថា តើមាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​យើង​នៅតែ​អាច​ធ្វើ​ជា​ពួក​ជំនុំ នៅ​ក្នុង​លោកិយ​ដែល​មាន​ការ​ប្រែ​ប្រួល​។

បទ​គម្ពីរ​ហេព្រើរ ១០:២៥ បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​ព្រងើយ​កន្តើយ ចំពោះ​ការ​ជួប​ជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ តែ​ឲ្យ​លើក​ទឹក​ចិត្ត​គ្នា​វិញ​។ ប្រហែល​មកពី​ការ​បៀតបៀន(ខ.៣២-៣៤) ឬ​មកពី​ការ​ហត់​នឿយ(១២:៣) ព្រះ​បន្ទូល​ព្រះអង្គ​ជំរុញ ឲ្យ​ពួក​ជំនុំ​ដើម​ដំបូង​ឲ្យ​បន្ត​មាន​ការ​ជួប​ជុំ​គ្នា​ជា​ពួក​ជំនុំ​។

សព្វថ្ងៃ​នេះ ខ្ញុំ​ក៏​ត្រូវ​ការ​ការ​ជំរុញ​ផង​ដែរ​។ ចុះ​អ្នក​វិញ? នៅពេល​ដែល​កាលៈទេសៈ​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា តើ​យើង​នឹង​នៅតែ​បន្ត​រស់នៅ​ជា​ពួក​ជំនុំ​ឬ​ទេ? ចូរ​យើង​បន្ត​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅវិញ​ទៅមក តាម​វិធី​សាស្ត្រ​ដ៏​ប៉ិន​ប្រសប់ តាម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​។ ចូរ​យើង​ចែករំលែក​ធនធាន​របស់​យើង ផ្ញើ​សារ​លើក​ទឹក​ចិត្ត ហើយ​ជួប​ជុំ​គ្នា​ឲ្យ​បាន​ទៀង​ទាត់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ចូរ​យើង​បន្ត​រួបរួម​គ្នា​ជា​ពួក​ជំនុំ​។—Elisa Morgan

តើ​អ្នក​អាច​ជួយ​យក​អសារ​ដល់​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ នៅពេល​ដែល​ពួកគេ​ពិបាក​ទៅ​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ? តើ​ពួក​ជំនុំ​បាន​ជួយ​បំពេញ​តម្រូវការ​របស់​អ្នក​ដូច​ម្តេច​ខ្លះ ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​គោលបំណង​ដែល​ធំជាង?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ អំពី​របៀប​រស់នៅ​ជា​ពួក​ជំនុំ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  ដានីយ៉ែល ១១-១២ និង យូដាស

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles