ព្រះទ្រង់លើសពីគ្រប់គ្រាន់សម្រាប់យើង

នាងរស់ ៤:៩-១៧

ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី។ នាងរស់ ៤:១៧

អ្នកស្រីអ៊ែលិន(Ellen) មានថវិកាតិចតួច សម្រាប់ចំណាយក្នុងរដូវកាលនៃបុណ្យណូអែល ដូចនេះ នាងមានចិត្តរីករាយណាស់ ពេលដែលបានទទួលប្រាក់រង្វាន់នៅកន្លែងធ្វើការ សម្រាប់ថ្ងៃណូអែល។ នាងគិតថា នាងមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ធនាគារហើយ តែពេលនាងទៅដាក់លុយ នៅក្នុងធនាគារ នាងបានទទួលដំណឹងភ្ញាក់ផ្អើលមួយទៀត។ បុគ្គលិកធនាគារបានប្រាប់នាងថា ធនាគារបានធ្វើអំណោយសម្រាប់ថ្ងៃណូអែលដល់នាង ដោយបានបង់ធនាគារជំនួសនាង សម្រាប់ខែមករាហើយ។ ដូចនេះ នាង និងលោកត្រេយ(Trey) ជាស្វាមី អាចបង់ថ្លៃចំណាយផ្សេងទៀត ព្រមទាំងធ្វើអំណោយដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកដទៃទៀត នៅថ្ងៃណូអែល។

ព្រះទ្រង់អាចប្រទានពរយើង តាមរបៀបដែលយើងមិននឹកស្មានដល់។ នាងណាអូមីមានចិត្តជូរល្វីង និងខ្ទេចខ្ទាំ ដោយសារការស្លាប់របស់ស្វាមី និងកូនប្រុសរបស់នាង(នាងរស់ ១:២០-២១)។ ក្រោយមក លោកបូអូសក៏បានជួយស្រោចស្រង់ស្ថានភាពដ៏ត្រដាបត្រដួសរបស់នាង បន្ទាប់ពីគាត់បានរៀបការជាមួយកូនប្រសាស្រីរបស់នាង ហើយក៏បានផ្តល់កន្លែងស្នាក់នៅឲ្យនាងផងដែរ(៤:១០)។

នាងណាអូមីប្រហែលជាមិនសង្ឃឹមចង់បានអ្វីលើសពីនេះទេ។ តែក្រោយមក ព្រះទ្រង់ក៏បានប្រទានពរនាងរស់ និងលោកបូអូស ឲ្យមានកូនប្រុសម្នាក់។ ដូចនេះ នាងណាអូមីមានចៅប្រុសមួយ ដែលនឹងជួយឲ្យជីវិតនាងមានលំនឹងឡើងវិញ ហើយនឹងចិញ្ចឹមនាង ក្នុងកាលដែលចាស់ផង(ខ.‍១៥)។ ព្រះពរនេះគួរតែគ្រប់គ្រាន់សម្រាប់នាងហើយ។ ស្រ្តីនៅភូមិបេថ្លេហិមក៏បាននាំគ្នានិយាយថា “មានកូនប្រុស១កើតមកឲ្យន៉ាអូមី”(ខ.‌១៧)។ ក្រោយមក អូបិឌបានចម្រើនវ័យធំឡើង ហើយក៏បានក្លាយជា “ឪពុករបស់លោកអ៊ីសាយ ដែលជាឪពុករបស់ស្តេចដាវីឌ”(ខ.‌១៧)។ ខ្សែស្រឡាយរបស់គ្រួសារនាងណាអូមី ក៏បានក្លាយជាខ្សែស្រឡាយនៃរាជវង្សមួយរបស់ជនជាតិអ៊ីស្រាអែល ជារាជវង្សសំខាន់ជាងគេក្នុងប្រវត្តិសាស្ត្រ! មិនតែប៉ុណ្ណោះ ស្តេចដាវីឌក៏បានក្លាយជាបុព្វបុរសរបស់ព្រះយេស៊ូវ។

បើយើងជឿព្រះគ្រីស្ទ យើងក៏ស្ថិតក្នុងស្ថានភាពស្រដៀងនាងណាអូមីផងដែរ។ មុនពេលព្រះអង្គប្រោសលោះយើង យើងគ្មានអ្វីទាំងអស់។ តែសព្វថ្ងៃនេះ ព្រះវរបិតាបានទទួលយកយើងទាំងស្រុង ហើយក៏បានប្រទានពរយើង ឲ្យធ្វើជាព្រះពរសម្រាប់អ្នកដទៃ។ ការនេះគឺលើសពីគ្រប់គ្រាន់ សម្រាប់យើង។—Mike Wittmer

តើព្រះទ្រង់បានប្រទានពរអ្នក លើសពីអ្វីដែលអ្នកស្រមៃ នៅពេលណា?
តើព្រះអង្គបានបង្ហាញអ្នកដូចម្តេចខ្លះ ឲ្យអ្នកដឹងថា ព្រះអង្គលើសពីគ្រប់គ្រាន់សម្រាប់អ្នក?

ឱព្រះយេស៊ូវ ព្រះអង្គលើសពីគ្រប់គ្រាន់សម្រាប់ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  ហូសេ ៥-៨ និង វិវរណៈ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles