សុភាសិត ៣:៥-១៨
ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ។ សុភាសិត ៣:៣២
លោកដាវីឌ(David) និងអ្នកស្រីអេនជី(Angie) បានចេញទៅបម្រើព្រះអង្គនៅក្រៅប្រទេស តាមការត្រាស់ហៅរបស់ព្រះអង្គ។ ការងារដែលពួកគេធ្វើថ្វាយព្រះអង្គនៅទីនោះ បង្កើតបានផលផ្លែជាច្រើន។ ប៉ុន្តែ ពួកគេក៏បានជួបការលំបាកជាច្រើនផងដែរ។ ឪពុកម្តាយរបស់លោកដាវីឌមានវ័យចាស់ហើយ តែគាត់មិនអាចទៅជួបជុំជាមួយពួកគេនៅថ្ងៃណូអែលបានទេ។
លោកដាវីឌ និងអ្នកស្រីអ៊ែនជីបានព្យាយាមកាត់បន្ថយភាពឯកោរបស់ឪពុកម្តាយគាត់ នៅថ្ងៃណូអែល ដោយផ្ញើអំណោយឲ្យពួកគាត់ មុនថ្ងៃណូអែលមកដល់ ហើយក៏បានទូរស័ព្ទសួរសុខទុក្ខពួកគាត់នៅពេលព្រឹកថ្ងៃណូអែល។ ប៉ុន្តែ វត្តមានរបស់លោកដាវីឌ និងអ្នកស្រីអ៊ែនជី គឺជាអ្វីដែលពួកគេត្រូវការបំផុត។ ដង្វាយឧបត្ថម្ភដែលលោកដាវីឌបានទទួលប្រចាំខែ អាចឲ្យគាត់សន្សំលុយសម្រាប់ធ្វើដំណើរម្តងម្កាលប៉ុណ្ណោះ តើពួកគេត្រូវធ្វើដូចម្តេច? ដូចនេះ លោកដាវីឌត្រូវការប្រាជ្ញាមកពីព្រះ។
បទគម្ពីរសុភាសិត ជំពូក៣ បានបង្រៀនយើងថា ដើម្បីស្វែងរកប្រាជ្ញា យើងចាំបាច់ត្រូវទីពឹងព្រះអង្គឲ្យអស់ពីចិត្ត ហើយទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវរបស់យើង(ខ.៥-៦) ហើយបានពិពណ៌នា អំពីលក្ខណៈផ្សេងៗរបស់ប្រាជ្ញា ដែលមានដូចជាសេចក្តីស្រឡាញ់ និងសេចក្តីស្មោះត្រង់(ខ.៣-៤,៧-១២) និងអត្ថប្រយោជន៍របស់ប្រាជ្ញា ដែលមានដូចជាសន្តិភាព និងភាពស្ថិតស្ថេរ(ខ.១៣-១៨)។ ហើយព្រះអង្គក៏បានប្រទានប្រាជ្ញាយ៉ាងដូចនោះ ដោយទទួលយើងធ្វើជាមិត្តសំឡាញ់របស់ព្រះអង្គ(ខ.៣២)។ ព្រះអង្គខ្សឹបប្រាប់អំពីដំណោះស្រាយ ដល់អ្នកដែលជិតស្និទ្ធនឹងព្រះអង្គ។
លោកដាវីឌក៏បានអធិស្ឋានទូលថ្វាយព្រះអង្គ អំពីបញ្ហារបស់គាត់ នៅពេលយប់មួយ ហើយព្រះអង្គក៏បានប្រទានគំនិតប្រាជ្ញាដល់គាត់។ នៅថ្ងៃណូអែលឆ្នាំបន្ទាប់ គាត់និងអ្នកស្រីអ៊ែនជីក៏បានស្លៀកពាក់ខោអាវស្អាតបំផុត និងបានដាក់គ្រឿងតុបតែង ហើយក៏បានរៀបអាហារសម្រាប់ថ្ងៃណូអែលនៅលើតុ។ ឪពុកម្តាយរបស់លោកដាវីឌក៏ធ្វើដូចនេះផងដែរ។ បន្ទាប់មក ពួកគេក៏បានដាក់កុំព្យូទ័រយួរដៃនៅលើតុរៀងខ្លួន ហើយក៏បានបរិភោគអាហារជាមួយគ្នា តាមvideo call ដែលមើលមុខគ្នាឃើញនៅក្នុងកុំព្យូទ័រយួរដៃ។ ពួកគេមានអារម្មណ៍ថាពួកគេកំពុងញាំអាហារជុំគ្នានៅកន្លែងតែមួយ។ ការអនុវត្តន៍ដូចនេះក៏បានក្លាយជាប្រពៃណីរបស់គ្រួសារ ចាប់តាំងពីពេលនោះមក។
ព្រះទ្រង់បានរាប់លោកដាវីឌជាមិត្តសំឡាញ់របស់ទ្រង់ ហើយក៏បានប្រទានគាត់នូវប្រាជ្ញា។ ព្រះអង្គចូលចិត្តមានបន្ទូលខ្សឹបប្រាប់យើង អំពីដំណោះស្រាយ សម្រាប់បញ្ហារបស់យើង។—Sheridan Voysey
តើអ្នកកំពុងជួបបញ្ហាអ្វីដែលអ្នកមិនអាចដោះស្រាយបាន? តើមានដំណោះស្រាយអ្វីខ្លះ ដែលព្រះទ្រង់បានប្រទានអ្នក?
ឱព្រះវរបិតា សូមព្រះអង្គមានបន្ទូលមកកាន់ចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំទទួលបាននូវដំណោះស្រាយ សម្រាប់បញ្ហារបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៧-៩ និង វិវរណៈ ៨