រៀនសូត្រពីកំហុសកាលពីអតីតកាល
លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១ ១កូរិនថូស ១០:១-១១ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់។ ១កូរិនថូស ១០:១១ ដើម្បីជៀសវាងកំហុសផ្នែកហិរញ្ញវត្ថុ នៅពេលអនាគត ដូចកាលពីឆ្នាំ១៩២៩ និង ឆ្នាំ២០០៨ ដែលនាំឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះធ្ងន់ធ្ងរ គេក៏បានបង្កើតបណ្ណាល័យកំហុស នៅទីក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ដ៍។ បណ្ណាល័យនោះបានប្រមូលផ្តុំសៀវភៅល្អៗជាង២ពាន់ក្បាល ដែលអាចជួយផ្តល់ការអប់រំ ដល់អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំនាន់ក្រោយ។ បណ្ណារក្សដែលធ្វើការក្នុងបណ្ណាល័យនេះ បានមានលើកឡើងថា បណ្ណាល័យនេះបានផ្តល់ឲ្យនូវឧទាហរណ៍ដ៏ឥតខ្ចោះរបស់មនុស្សឆ្លាត ដែលបន្តធ្វើកំហុសដ៏ល្ងង់ខ្លៅ។ បណ្ណារក្សទាំងនោះជឿថា វិធីតែមួយដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ គឺត្រូវរៀនពីកំហុសពីអតីតកាល។ សាវ័កប៉ុលបានរំឭកពួកជំនុំនៅទីក្រុងកូរិនថូសថា ដើម្បីជៀសវាងការចាញ់ការល្បួង និងមានជីវិតខាងវិញ្ញាណដ៏រឹងមាំ គឺត្រូវរៀនសូត្រពីកំហុសដែលរាស្រ្តរបស់ព្រះបានធ្វើ កាលពីសម័យមុន។ ដូចនេះ ដើម្បីកុំឲ្យពួកគេមានទំនុកចិត្តលើកខ្លួនឯងពេក ដោយសារឯកសិទ្ធិខាងវិញ្ញាណ សាវ័កប៉ុលក៏បានលើកឡើងអំពីបរាជ័យរបស់ពួកអ៊ីស្រាអែល ធ្វើជាគំរូសម្រាប់ឲ្យយើងរៀនសូត្រ ឲ្យបានប្រាជ្ញា។ ពួកអ៊ីស្រាអែលបានប្រព្រឹត្តការថ្វាយបង្គំរូបព្រះ អំពើកំផិត និងការរអ៊ូរទាំ អំពីផែនការ និងបំណងព្រះទ័យព្រះ ហើយក៏បានទាស់ប្រឆាំងនឹងអ្នកដឹកនាំដែលព្រះអង្គបានជ្រើសតាំងសម្រាប់ពួកគេ។ ដោយសារអំពើបាបរបស់ពួកគេ ពួកគេក៏បានទទួលរងការវាយផ្ចាល(១កូរិនថូស ១០:៧-១០)។ សាវ័កប៉ុលបានដកស្រង់ឧទាហរណ៍ក្នុងព្រះគម្ពីរ ដើម្បីជួយអ្នកជឿព្រះយេស៊ូវ ឲ្យជៀសវាងការប្រព្រឹត្តខុសតាមពួកអ៊ីស្រាអែល(ខ.១១)។…
Read article