មានតែព្រះអង្គទេ អាចបំបាត់ការស្រេកឃ្លាន
លោកុប្បត្តិ ២៥:២៩-៣៤ សម័យ១យ៉ាកុបកំពុងតែស្លសំឡ នោះអេសាវមកពីវាលទាំងហេវ ក៏និយាយថា “សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់”។ លោកុប្បត្តិ ២៥:២៩-៣០ មានពេលមួយគេបានដឹកអាហារមានតម្លៃ១ពាន់ដុល្លា ទៅកាន់ម្ចាស់ផ្ទះម្នាក់ ដែលអាហារនោះរួមមាន បង្គាចាំបូ អាហារអារ៉ាប់សាវ៉ាម៉ា សាឡាត់ និងអាហារថ្លៃៗជាច្រើនទៀត។ ប៉ុន្តែ បុរសនោះមិនមានពិធីជប់លៀងទេ។ តាមពិត កូនប្រុសគាត់អាយុ៦ឆ្នាំជាអ្នកបញ្ជាទិញអាហារដ៏ច្រើនដូចនេះ។ តើរឿងនេះបានកើតឡើង ដោយរបៀបណា? បុរសជាឪពុកបានឲ្យកូនប្រុសគាត់លេងទូរស័ព្ទរបស់គាត់ មុនម៉ោងចូលគេង ហើយក្មេងប្រុសនោះក៏បានប្រើទូរស័ព្ទគាត់ បញ្ជាទិញអាហារថ្លៃៗពីភោជនដ្ឋានមួយចំនួនក្នុងទីក្រុង។ គាត់ក៏បានសួរកូនប្រុសគាត់ថា “ហេតុអ្វីកូនធ្វើដូចនេះ?”។ កូនប្រុសគាត់ដែលកំពុងពួននៅក្រោមភួយ ក៏បានឆ្លើយថា “កូនឃ្លាន”។ ដូចនេះ ការឃ្លានអាហារ និងភាពមិនទាន់គ្រប់អាយុរបស់ក្មេងប្រុសនេះ បានបណ្តាលឲ្យមានការខាតបង់ប្រាក់ជាច្រើន។ ប៉ុន្តែ ការស្រេកឃ្លានអាហាររបស់លោកអេសាវ បានបណ្តាលឲ្យគាត់ខាតបង់លើសពី១ពាន់ដុល្លា។ រឿងដែលបានចែងក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក២៥ បានចែងថា កាលគាត់កំពុងអស់កម្លាំង និងឃ្លានអាហារ គាត់ក៏បានប្រាប់ប្អូនប្រុសគាត់ថា “សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់”(ខ.៣០)។ លោកយ៉ាកុបជាប្អូនក៏បានឆ្លើយតប ដោយទាមទារលោកអេសាវ ឲ្យផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យគាត់(ខ.៣១)។ អំណាចកូនច្បង គឺបានរាប់បញ្ចូលឋានៈពិសេសរបស់លោកអេសាវ ជាកូនច្បង ព្រះពរដែលព្រះទ្រង់សន្យាប្រទាន មរតកសម្រាប់កូនច្បង និងឯកសិទ្ធិក្នុងការធ្វើជាអ្នកដឹកនាំខាងវិញ្ញាណក្នុងគ្រួសារ។…
Read article