មានតែព្រះអង្គទេ អាចបំបាត់ការស្រេកឃ្លាន  

លោកុប្បត្តិ ២៥:២៩-៣៤

សម័យ១យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ ក៏​និយាយ​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”។ លោកុប្បត្តិ ២៥:២៩-៣០

មាន​ពេល​មួយ​គេ​បាន​ដឹក​អាហារ​មាន​តម្លៃ១ពាន់​ដុល្លា ទៅ​កាន់​ម្ចាស់​ផ្ទះ​ម្នាក់ ដែល​អាហារ​នោះ​រួម​មាន បង្គា​ចាំបូ អាហារ​អារ៉ាប់​សាវ៉ាម៉ា សាឡាត់ និង​អាហារ​ថ្លៃៗ​ជា​ច្រើន​ទៀត​។ ប៉ុន្តែ បុរស​នោះ​មិន​មាន​ពិធីជប់លៀង​ទេ​។ តាម​ពិត កូន​ប្រុស​គាត់​អាយុ៦ឆ្នាំ​ជា​អ្នក​បញ្ជាទិញ​អាហារ​ដ៏​ច្រើន​ដូច​នេះ​។ តើ​រឿង​នេះ​បាន​កើត​ឡើង ដោយ​របៀបណា? បុរស​ជា​ឪពុក​បាន​ឲ្យ​កូន​ប្រុស​គាត់​លេង​ទូរស័ព្ទ​របស់​គាត់ មុន​ម៉ោង​ចូល​គេង ហើយ​ក្មេង​ប្រុស​នោះ​ក៏បាន​ប្រើ​ទូរស័ព្ទ​គាត់ បញ្ជា​ទិញ​អាហារ​ថ្លៃៗ​ពី​ភោជនដ្ឋាន​មួយ​ចំនួន​ក្នុង​ទីក្រុង។ គាត់​ក៏បាន​សួរ​កូន​ប្រុស​គាត់​ថា “ហេតុ​អ្វី​កូន​ធ្វើ​ដូច​នេះ?”។ កូន​ប្រុស​គាត់​ដែល​កំពុង​ពួន​នៅ​ក្រោម​ភួយ ក៏​បាន​ឆ្លើយ​ថា “កូន​ឃ្លាន”។ ដូច​នេះ ការ​ឃ្លាន​អាហារ និង​ភាព​មិន​ទាន់​គ្រប់​អាយុ​របស់​ក្មេង​ប្រុស​នេះ បាន​បណ្តាល​ឲ្យ​មាន​ការខាតបង់​ប្រាក់​ជា​ច្រើន​។

ប៉ុន្តែ ការ​ស្រេក​ឃ្លាន​អាហារ​របស់​លោក​អេសាវ បាន​បណ្តាល​ឲ្យ​គាត់ខាតបង់លើសពី១ពាន់​ដុល្លា​។ រឿង​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក២៥ បាន​ចែងថា កាល​គាត់​កំពុង​អស់​កម្លាំង និង​ឃ្លាន​អាហារ គាត់​ក៏បាន​ប្រាប់​ប្អូន​ប្រុស​គាត់​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”(ខ.៣០)។ លោក​យ៉ាកុប​ជា​ប្អូន​ក៏​បាន​ឆ្លើយតប ដោយ​ទាមទារ​លោក​អេសាវ ឲ្យ​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​គាត់(ខ.៣១)។ អំណាច​កូន​ច្បង គឺ​បាន​រាប់​បញ្ចូល​ឋានៈ​ពិសេស​របស់​លោក​អេសាវ ជា​កូន​ច្បង ព្រះពរ​ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន មរតក​សម្រាប់​កូន​ច្បង និង​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ក្នុង​គ្រួសារ​។ ព្រោះតែ​ចង់​បំបាត់​ការ​ស្រេក​ឃ្លាន លោក​អេសាវ​ក៏បាន​បរិភោគ​អាហារ​របស់​លោក​យ៉ាកុប ដោយ​ការ​មើលងាយ​អំណាច​មរតក​នៃ​បង​ច្បង(ខ.៣៤)។

ពេលណា​យើង​ជួប​ការ​ល្បួង ឲ្យ​ចង់​បាន​អ្វីមួយ ចូរ​យើង​កុំ​បណ្តោយ​ឲ្យ​ការ​ស្រេក​ឃ្លាន ឬ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម ដឹកនាំ​យើង​ទៅ​រក​ការ​ប្រព្រឹត្ត​ខុស ឬ​អំពើបាប​ឡើយ ផ្ទុយ​ទៅវិញ ចូរ​យើង​ឈោង​ទៅ​រក​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ចម្អែត​វិញ្ញាណ​យើង ដោយ “សេចក្តី​ល្អ”(ទំនុក​ដំកើង ១០៧:៩)។—Marvin Williams

តើ​អ្នក​បាន​បណ្តោយ​ឲ្យ​ការ​ល្បួង​ដឹកនាំ​អ្នក ទៅ​រក​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ នៅ​ពេលណា​ខ្លះ? ហេតុ​អ្វី​មានតែ​ព្រះ​ទេ ដែល​អាច​បំបាត់​ការ​ស្រេក​ឃ្លាន​ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​អ្នក​បាន?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ កុំ​ឲ្យ​បណ្តោយ​ខ្លួន​ទៅតាម​ការ​ល្បួង ដោយ​លះបង់​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់ ដើម្បី​បំពេញ​អារម្មណ៍​ខ្លួនឯង​នោះ​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៣-២៥ និង ម៉ាកុស ១៤:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles