អេសាយ ៥៨:៦-១២
ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត។ អេសាយ ៥៨:១០
លោកអូល ខាសូ(Ole Kassow) ជាអ្នកក្រុងខូផិនហេហ្គិន ចូលចិត្តជិះកង់ណាស់។ នៅពេលព្រឹកមួយ គាត់បានឃើញបុរសវ័យចំណាស់ម្នាក់កំពុងអង្គុយកាន់ឈើច្រត់ ក្នុងសួនច្បារតែម្នាក់ឯង។ ពេលនោះ លោកអូលក៏បាននឹកឃើញគំនិតដ៏សាមញ្ញមួយ ដោយចង់ផ្តល់ឲ្យមនុស្សចាស់នូវក្តីអំណរ និងសេរីភាព នៅក្នុងការជិះកង់។ ដូចនេះ នៅថ្ងៃដែលមានមេឃស្រឡះល្អ គាត់ក៏បានធាក់ស៊ីក្លូមកមណ្ឌលថែទាំមនុស្សចាស់ជរា ហើយក៏បានឲ្យមនុស្សចាស់ដែលស្នាក់នៅទីនោះ ជិះស៊ីក្លូគាត់ដោយឥតគិតថ្លៃ។ គាត់មានការសប្បាយចិត្តណាស់ នៅពេលដែលបុគ្គលិកដែលធ្វើការនៅទីនោះ និងមនុស្សចាស់ម្នាក់បានក្លាយជាអ្នកដំណើរដំបូង ដែលបានជិះស៊ីក្លូគាត់ ក្នុងកម្មវិធីជិះស៊ីក្លូដោយមិនប្រកាន់អាយុ។
សព្វថ្ងៃនេះ អស់រយៈពេលជាង២០ឆ្នាំហើយ ដែលក្តីស្រមៃរបស់លោកអូល បានក្លាយជាការពិត នៅក្នុងការជួយមនុស្សចាស់ឲ្យបានជិះស៊ីក្លូកម្សាន្ត ដោយកម្មវិធីរបស់គាត់បានក្លាយជាព្រះពរដល់មនុស្សចាស់ប្រហែល ៥៧៥០០០នាក់ ដែលបានជិះស៊ីក្លូចំនួន២.៥លានជើង។ តើពួកគេជិះស៊ីក្លូទៅកន្លែងណាខ្លះ? គឺទៅជួបមិត្តភក្តិ ទៅញាំការ៉េម និងជិះលំហែកាយតាមផ្លូវដែលមានខ្យល់បក់លំហើយ។ អ្នកដំណើររបស់គាត់បាននិយាយថា ពួកគេបានគេងលក់ស្រួលជាងមុន ញាំអាហារបានឆ្ងាញ់ជាងមុន ហើយក៏មានអារម្មណ៍មិនសូវឯកោដូចមុន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ ព្រះបន្ទូលដ៏មានន័យរបស់ព្រះអម្ចាស់ ទៅកាន់រាស្រ្តព្រះអង្គ ក្នុងបទគម្ពីរ អេសាយ ៥៨:១០-១១ ដែលបានចែងថា “បើឯងផ្តល់សេចក្តីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្តីងងឹតរបស់ឯងនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ”។
ព្រះទ្រង់ប្រាប់រាស្រ្តព្រះអង្គថា “ពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី”(ខ.១២)។ តើព្រះអង្គអាចធ្វើអ្វីខ្លះតាមរយៈយើង? ព្រះអង្គអាចជួយយើងឲ្យមានលទ្ធភាពជួយអ្នកដទៃ ដូចនេះ ចូរយើងត្រៀមខ្លួនជាស្រេច ដើម្បីជួយអ្នកដទៃ។—Patricia Raybon
ក្នុងតំបន់ដែលអ្នករស់នៅ តើមាននរណាខ្លះត្រូវការជំនួយ? តើអ្នកអាចផ្តល់ជំនួយដ៏សាមញ្ញអ្វីខ្លះ ដល់ពួកគេ នៅថ្ងៃនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គបង្ហាញទូលបង្គំនូវរបៀបដ៏សាមញ្ញ ដែលទូលបង្គំអាចជួយអ្នកដទៃ ដើម្បីឲ្យពួកគេអាចរកឃើញជីវិត ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨