យ៉ូហាន ១០:១-១១,១៦
អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។ យ៉ូហាន ១០:៣
កូនងែតឈ្មោះ ក្រាហាំ(Graham) បញ្ចេញសម្លេងយំ ហើយបម្រះខ្លួនធ្វើជើងវើកៗ ខណៈពេលដែលម្តាយគាត់បានពរគាត់នៅលើភ្លៅ ដោយគ្រូពេទ្យបានដាក់ឧបករណ៍ជំនួយការស្តាប់ក្នុងត្រចៀកគាត់។ នៅពេលដែលគ្រូពេទ្យបើកឧបករណ៍នោះ ក្រាហាំក៏បានឈប់យំ។ គាត់បើកភ្នែកធំៗ ហើយមានទឹកមុខញញឹម។ គាត់អាចស្តាប់ឮសម្លេងម្តាយគាត់ កំពុងលួងគាត់ លើកទឹកចិត្ត និងហៅឈ្មោះគាត់។
ក្រាហាំក៏បានស្តាប់ឮសម្លេងម្តាយគាត់និយាយ តែគាត់ត្រូវការជំនួយ ក្នុងការរៀនស្គាល់សម្លេងគាត់ ហើយយល់អំពីអត្ថន័យរបស់ពាក្យសម្តីគាត់។ ព្រះយេស៊ូវក៏បានអញ្ជើញមនុស្សឲ្យមានការរៀនសូត្រស្រដៀងនេះផងដែរ។ ពេលណាយើងទទួលជឿព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង យើងក្លាយជាចៀម ដែលព្រះអង្គបានស្គាល់យ៉ាងច្បាស់ ហើយដឹកនាំដោយផ្ទាល់(យ៉ូហាន ១០:៣)។ យើងអាចចម្រើនឡើង ក្នុងការទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គ ខណៈពេលដែលយើងរៀនស្តាប់សម្លេងព្រះអង្គ និងប្រព្រឹត្តតាម(ខ.៤)។
ក្នុងគ្រាសញ្ញាចាស់ ព្រះទ្រង់មានបន្ទូលតាមរយៈពួកហោរា។ ក្នុងគ្រាសញ្ញាថ្មី ព្រះយេស៊ូវជាព្រះដែលយកសាច់ឈាមជាមនុស្ស មានបន្ទូលដោយផ្ទាល់មកកាន់រាស្រ្តព្រះអង្គ។ សព្វថ្ងៃនេះ អ្នកជឿព្រះយេស៊ូវ មានឱកាសទទួលព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គជួយយើងឲ្យយល់ និងស្តាប់បង្គាប់តាមព្រះបន្ទូល ដែលព្រះអង្គបានបណ្តាលចិត្តគេឲ្យកត់ទុកក្នុងព្រះគម្ពីរប៊ីប។ យើងអាចនិយាយទៅកាន់ព្រះយេស៊ូវដោយផ្ទាល់ តាមរយៈការអធិស្ឋានរបស់យើង ខណៈពេលដែលព្រះអង្គមានបន្ទូលមកយើង តាមរយៈព្រះគម្ពីរ និងរាស្រ្តរបស់ព្រះអង្គ។ ពេលណាយើងស្គាល់សម្លេងព្រះអង្គ ដែលតែងតែស្របនឹងព្រះបន្ទូល ក្នុងព្រះគម្ពីរប៊ីប យើងអាចបន្លឺសម្លេងសរសើរដំកើង ដោយអរព្រះគុណថា “ព្រះអង្គអើយ ទូលបង្គំឮព្រះអង្គហើយ!”—Xochitl Dixon
តើព្រះអម្ចាស់បានប្រើព្រះគម្ពីរ ដើម្បីបើកបង្ហាញអង្គទ្រង់ ដល់អ្នកក្នុងសប្តាហ៍នេះ ដូចម្តេចខ្លះ? តើអ្នកអាចចែកចាយប្រាជ្ញារបស់ព្រះអង្គ ដល់អ្នកដទៃ ដែលត្រូវការការកម្សាន្តចិត្ត ឬការលើកទឹកចិត្តដូចម្តេចខ្លះនៅថ្ងៃនេះ?
ឱព្រះអង្គអើយ ទូលបង្គំឮព្រះអង្គហើយ! សូមព្រះអង្គជួយទូលបង្គំ ឲ្យទទួល និងចែកចាយសេចក្តីពិត និងសេចក្តីស្រលាញ់ ដែលព្រះអង្គបង្ហាញមកទូលបង្គំ ពេលណាទូលបង្គំអានព្រះគម្ពីរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១៩-២១ និង លូកា ៧:៣១-៥០