ទូល​បង្គំ​បាន​ឮ​ព្រះអង្គ​ហើយ

យ៉ូហាន ១០:១-១១,១៦

អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ​។ យ៉ូហាន ១០:៣

កូន​ងែត​ឈ្មោះ ក្រាហាំ(Graham) បញ្ចេញ​សម្លេង​យំ ហើយ​បម្រះ​ខ្លួន​ធ្វើ​ជើង​វើកៗ ខណៈ​ពេល​ដែល​ម្តាយ​គាត់​បាន​ពរ​គាត់​នៅ​លើ​ភ្លៅ ដោយ​គ្រូ​ពេទ្យ​បាន​ដាក់​ឧបករណ៍​ជំនួយ​ការ​ស្តាប់​ក្នុង​ត្រចៀក​គាត់​។ នៅពេល​ដែល​គ្រូ​ពេទ្យ​បើក​ឧបករណ៍​នោះ ក្រាហាំ​ក៏​បាន​ឈប់​យំ​។ គាត់​បើក​ភ្នែក​ធំៗ ហើយ​មាន​ទឹក​មុខ​ញញឹម​។ គាត់​អាច​ស្តាប់​ឮ​សម្លេង​ម្តាយ​គាត់ កំពុង​លួង​គាត់ លើក​ទឹក​ចិត្ត និង​ហៅ​ឈ្មោះ​គាត់​។

ក្រាហាំ​ក៏​បាន​ស្តាប់​ឮ​សម្លេង​ម្តាយ​គាត់​និយាយ តែ​គាត់​ត្រូវ​ការ​ជំនួយ ក្នុង​ការ​រៀន​ស្គាល់​សម្លេង​គាត់ ហើយ​យល់​អំពី​អត្ថន័យ​របស់​ពាក្យ​សម្តី​គាត់​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​មនុស្ស​ឲ្យ​មាន​ការ​រៀន​សូត្រ​ស្រដៀង​នេះ​ផង​ដែរ​។ ពេលណា​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង យើង​ក្លាយ​ជា​ចៀម ដែល​ព្រះអង្គ​បាន​ស្គាល់​យ៉ាង​ច្បាស់ ហើយ​ដឹកនាំ​ដោយ​ផ្ទាល់(យ៉ូហាន ១០:៣)។ យើង​អាច​ចម្រើន​ឡើង ក្នុង​ការ​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​រៀន​ស្តាប់​សម្លេង​ព្រះអង្គ និង​ប្រព្រឹត្ត​តាម(ខ.៤)។

ក្នុង​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ពួក​ហោរា​។ ក្នុង​គ្រា​សញ្ញា​ថ្មី ព្រះយេស៊ូវ​ជា​ព្រះ​ដែល​យក​សាច់ឈាម​ជា​មនុស្ស មាន​បន្ទូល​ដោយ​ផ្ទាល់​មក​កាន់​រាស្រ្ត​ព្រះអង្គ​។ សព្វថ្ងៃ​នេះ អ្នកជឿ​ព្រះយេស៊ូវ មាន​ឱកាស​ទទួល​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​យល់ និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​កត់ទុក​ក្នុង​ព្រះ​គម្ពីរប៊ីប​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ តាមរយៈ​ការ​អធិស្ឋាន​របស់​យើង ខណៈ​ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង តាមរយៈ​ព្រះ​គម្ពីរ និង​រាស្រ្ត​របស់​ព្រះអង្គ​។ ពេលណា​យើង​ស្គាល់​សម្លេង​ព្រះអង្គ ដែល​តែងតែ​ស្រប​នឹង​ព្រះបន្ទូល ក្នុង​ព្រះ​គម្ពីរប៊ីប យើង​អាច​បន្លឺ​សម្លេង​សរសើរ​ដំកើង ដោយ​អរ​ព្រះ​គុណ​ថា “ព្រះ​អង្គ​អើយ ទូល​បង្គំ​ឮ​ព្រះអង្គ​ហើយ!”—Xochitl Dixon

តើ​ព្រះអម្ចាស់​បាន​ប្រើ​ព្រះ​គម្ពីរ ដើម្បី​បើក​បង្ហាញ​អង្គ​ទ្រង់ ដល់​អ្នក​ក្នុង​សប្តាហ៍​នេះ ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចែក​ចាយ​ប្រាជ្ញា​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ ដែល​ត្រូវ​ការ​ការ​កម្សាន្ត​ចិត្ត ឬ​ការ​លើក​ទឹក​ចិត្ត​ដូច​ម្តេច​ខ្លះ​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​ឮ​ព្រះអង្គ​ហើយ! សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ទទួល និង​ចែក​ចាយ​សេចក្តី​ពិត និង​សេចក្តី​ស្រលាញ់ ដែល​ព្រះ​អង្គ​បង្ហាញ​មក​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​អាន​ព្រះ​គម្ពីរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១៩-២១ និង លូកា ៧:៣១-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles