នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​នៃ​សណ្ដាប់​ធ្នាប់

ព្រះ​នៃ​សណ្ដាប់​ធ្នាប់

ដោយTom Felten

April 13, 2024

លោកុប្បត្តិ ១:១-១០

ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទ​ទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពីលើ​ទឹក​។ លោកុប្បត្តិ ១:២

លោក​សេត(Seth) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដែល​មាន​ពេញ​ដោយ​ភាព​ប្រេះ​បែក និង​ភាព​វឹកវរ ដូច​នេះ ជីវិត​គាត់​មាន​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ​។ ម្តាយ​របស់​គាត់​បាន​ទទួលរង​អំពើ​ហិង្សា​ពី​ឪពុក​​គាត់​ជា​ប្រចាំ រហូត​ដល់​ពេល​ដែល​ឪពុក​គាត់​បាន​បញ្ចប់​ជីវិត​ខ្លួនឯង​។ មាន​ពេល​មួយ លោក​សេត​ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​។ គាត់​បាន​ប្រមូល​ថ្នាំ​ទាំង​អស់​នៅ​ក្នុង​ទូ​ដាក់​ថ្នាំ​ក្នុង​ផ្ទះ​គាត់ ប៉ុន្តែ គាត់​ស្រាប់តែ​នឹក​គិតថា តើ​ខ្ញុំ​នឹង​ទៅ​ទីណា បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ? ដោយសារ​ព្រះគុណ​ព្រះ លោក​សេត​មិន​បាន​ស្លាប់​នៅ​ថ្ងៃ​នោះ​ទេ​។ ហើយ​ក្រោយមក បន្ទាប់ពី​គាត់​បាន​រៀន​ព្រះ​គម្ពីរប៊ីប​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​។ ការ​មើល​ឃើញ​សម្រស់ និង​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ចូល​ទៅ​រក​ព្រះអង្គ​។ គាត់​និយាយ​ថា “ខ្ញុំ​មើល​ឃើញ​អ្វីៗ​មាន​សម្រស់​ស្រស់​ស្អាត​ណាស់​។ មាន​នរណា​ម្នាក់​បាន​បង្កើត​ពួក​វា​មក”។

ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក១ យើង​ឃើញថា ព្រះ​ទ្រង់​ពិតជា​បាន​បង្កើត​របស់​សព្វ​សារពើ​។ ហើយ​ទោះ “ផែនដី​បាន​ខូច”(ខ.២) ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភាព​គ្មាន​សណ្ដាប់​ធ្នាប់​ក្លាយ​ជា​មាន​សណ្ដាប់​ធ្នាប់​។ ព្រះ​អង្គ​បាន​ញែក​ពន្លឺ ចេញពី​ភាព​ងងឹត(ខ.៤) ដាក់​ឲ្យ​មាន​ដីដុះ​ឡើង​នៅ​ចន្លោះ​ទឹកស​មុទ្រ(ខ.‌១០) ហើយ​ព្រះអង្គ​បង្កើត​រុក្ខជាតិ និង​សត្វ តាម​ប្រភេទ​របស់​ពួកវា(ខ.១១-១២,២១,២៤-២៥)។ ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ដាក់​អ្វីៗ​ទាំង​អស់ ក្នុង​កន្លែង​របស់​វា(អេសាយ ៤៥:១៨) ហើយ​បន្ត​នាំមក​នូវ​សន្តិភាព និង​សណ្ដាប់​ធ្នាប់​ដល់​ជីវិត ដែល​ចុះ​ចូល​នឹង​ព្រះគ្រីស្ទ​។

ជីវិត​មនុស្ស​អាច​មាន​ភាព​វឹកវរ និង​បញ្ហា​ប្រឈម​។ ចូរ​សរសើរ​ដំកើង​ព្រះ​អង្គ​ថា ព្រះអង្គ “មិនមែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ”(១កូរិនថូស ១៤:៣៣)។ ចូរ​យើង​ស្រែក​រក​ព្រះអង្គ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ព្រះ​អង្គ​ជួយ​យើង​រក​ឃើញ​ភាព​ស្រស់​ស្អាត និង​សណ្ដាប់​ធ្នាប់​ដែល​មានតែ​ព្រះអង្គ​អាច​ប្រទាន​ឲ្យ​បាន​។—Tom Felten

តើមាន​ភាព​វឹកវរ​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត​អ្នក? តើ​ព្រះ​ទ្រង់​អាច​ជួយ​អ្នក​នាំមក​នូវ​សណ្ដាប់​ធ្នាប់ និង​សន្តិភាព​ក្នុង​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអាទិករ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​សន្តិភាព និង​សណ្ដាប់​ធ្នាប់​ក្នុង​ជីវិត​ទូល​បង្គំ​។ ក្នុង​ព្រះអង្គ អ្វីៗ​ដែល​ប្រេះ​បែក​ប្រែ​ក្លាយ​ជា​មាន​ភាព​ស្រស់​ស្អាត​។

Visit ODBU.org/topic/ot216-01-lecture to learn more about the book of Genesis.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១

ល្ងាច

Devotional illustration

បណ្តាល​ចិត្ត​យើង​ឲ្យ​វិលមកវិញ

ដោយJohn Piper

April 13, 2024

ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ សូម​កែ​ជីវិត​របស់​យើងខ្ញុំ​ឡើងវិញ ដូចជា​កាលពីដើម។ បរិទេវ ៥:២១

រាស្ត្រ​របស់​ព្រះ​គ្មាន​សង្ឃឹម​ឡើយ ទាល់តែ​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​វិល​ត្រឡប់ ពី​ការ​ថយ​ទៅ​រក និង​លោត​ចូលក្នុង​អំពើបាប និង​ការ​មិន​ជឿ។

កណ្ឌ​បរិទេវ​ជា​កណ្ឌ​ដែល​ក្រៀម​ក្រំ​បំផុត ក្នុង​ព្រះគម្ពីរ។ ព្រះ​ទ្រង់​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​ប្រៀប​ដូចជា​ប្រស្រីភ្នែក​ព្រះអង្គ។

ព្រះយេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់ភ្លើង នៅក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង (បរិទេវ ៤:១១)។

ទ្រង់​បាន​លើក​ព្រះហស្ត ដូចជា​អ្នក​តតាំង ក៏បាន​ប្រហារជីវិត​នៃ​គ្រប់​ទាំងអស់​ដែល​គាប់​ភ្នែក (បរិទេវ ២:៤)។

ទ្រង់​បាន​ធ្វើទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ (បរិទេវ ១:៥)។

តើ​កណ្ឌ​គម្ពីរ​នេះ បាន​បញ្ចប់​យ៉ាងដូច​ម្តេច​ខ្លះ?

កណ្ឌ​គម្ពីរ​នេះ​បាន​បញ្ចប់ ដោយ​ចែង​អំពី​ក្តី​សង្ឃឹម​តែមួយ ៖

ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ (បរិទេវ ៥:២១)។

មានតែ​ក្តី​សង្ឃឹម​នេះ​ទេ ដែល​ខ្ញុំ និង​អ្នកមាន?

“ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់បាន​អ្នករាល់គ្នា ប្រយោជន៍នឹង​រែង​អ្នករាល់គ្នា ដូចជា​រែងអង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង”(លូកា ២២:៣១-៣២)។

ព្រះអង្គ​បាន​មាន​បន្ទូល​ថា ពេល​អ្នក​បាន​ប្រែចិត្ត​មកវិញ​ តែ​មិន​បាន​មាន​បន្ទូល​ថា បើ​សិន​ជា​អ្នកប្រែ​ចិត្ត​មកវិញ​នោះ​ទេ។ ព្រះអង្គ​បាន​អធិស្ឋាន​ឲ្យ​អ្នក! អ្នក​នឹង​ប្រែចិត្ត​វិលមកវិញ។ ហើយ​ពេល​ដែល​អ្នកប្រែ​ចិត្ត​មកវិញ គឺ​ដោយសារ​ព្រះគុណ​នៃ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ដែល​នាំ​អ្នកឲ្យ​វិលត្រឡប់​ពី​ជម្រៅដ៏​សែន​ជ្រៅ នៃ​ការ​បែកចេញ​ពី​ព្រះ។

ឱ​បង​ប្អូន​គ្រីស្ទាន​ទាំងឡាយ នេះ​ក៏​ជា​រឿង​ពិត​សម្រាប់​អ្នកផង​ដែរ។ នេះ​ជា​ក្តី​សង្ឃឹម​តែមួយ ដែល​អ្នក​អាច​មាន ក្នុង​ការ​ស៊ូទ្រាំ ដោយ​ជំនឿ។ សិរីល្អ​មាននៅ​ក្នុង​ក្តី​សង្ឃឹម​នេះ។

ព្រះគ្រីស្ទ … ក៏​គង់នៅ​ខាងស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់គ្នា​ដែរ (រ៉ូម ៨:៣៤)។

ព្រះអង្គ​នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​វិលត្រឡប់​មករ​ក​ព្រះអង្គ​វិញ។ ដូចនេះ “រី​ឯ​ព្រះ ដែល​អាច​នឹង​ថែរក្សា មិន​ឲ្យ​អ្នករាល់គ្នា​ជំពប់​ដួល … នោះ​សូមឲ្យ​ទ្រង់​បាន​សិរីល្អ ឫទ្ធានុភាព ព្រះ​ចេស្ដា និង​អំណាច តាំងពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវនេះ ហើយ​ទៅដល់​អស់​កល្ប​ជានិច្ច​តទៅ។ អា​ម៉ែ​ន”(យូដាស ១:២៤-២៥)។

ប្រភេទ