រួបរួម​ដោយ​អំណោយ​ទាន​ផ្សេង​គ្នា ក្នុង​ព្រះគ្រីស្ទ

១កូរិនថូស ១២:១២-១៤,២១-២៧

តែ​ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយ​ៗ ក្នុង​រូបកាយ​តាម​ព្រះហឫទ័យ​ទ្រង់​។ ១កូរិនថូស ១២:១៨

ក្នុង​អត្ថបទ​ដែល​សាស្ត្រាចារ្យ ដេនីល បូ​មែន (Daniel Bowman Jr) បាន​និពន្ធ​មាន​ចំណង​ជើង​ថា “ការ​បម្រើ និង​លក្ខណៈ​ផ្សេងៗ​នៃ​ការ​បម្រើ” គាត់​បាន​រៀបរាប់​អំពី​ការ​លំបាក ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​របៀប​នៃ​ការ​បម្រើ​ពួក​ជំនុំ​គាត់ ក្នុង​នាម​គាត់​ជា​មនុស្ស​មាន​ជំងឺ​អូទិហ្សិម​។ គាត់​បាន​ពន្យល់​ថា “អ្នក​ជំងឺ​អូទីហ្សិម​ត្រូវតែ​បង្កើត​ផ្លូវ​ថ្មី សម្រាប់​ដើរទៅ​មុខ រៀង​រាល់​ពេល ជា​ផ្លូវ​ពិសេស ដែល​ត្រូវ​ការ​ពេល​វេលា​សម្រាក​ម្នាក់ឯង ដើម្បី​ឲ្យ​មាន​កម្លាំង​ឡើង​វិញ ទាំង​ខាង​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ… តាម​ញាណ​ទាំង៥ និង​ក្នុង​កំរិត​នៃ​ភាព​សុខ​ស្រួល… នៅពេល​ណាមួយ នៅ​ថ្ងៃ​នីមួយៗ ទោះ​គេ​បាន​ឲ្យ​តម្លៃ​មក​លើ​យើង ផ្អែក​ទៅលើ​កម្លាំង​របស់​យើង ហើយ​មាន​ការ​យោគ​យល់​ចំពោះ​តម្រូវការ​របស់​យើង​ឬ​អត់​ក៏ដោយ ជាជាង​មិន​រាប់​បញ្ចូល​យើង ក្នុង​ចំណោម​អ្នក​ដទៃ ដោយសារ​ភាព​ខ្វះ​ចន្លោះ​របស់​យើង ។​ល​។” គាត់​ក៏បាន​រៀបរាប់​ទៀត​ថា “សម្រាប់​មនុស្ស​ជា​ច្រើន ការ​សម្រេច​ចិត្ត​ដូច​នេះ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​អាទិភាព ឬ​របៀប​នៃ​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មានផល​ល្អ​ចំពោះ​ពួកគេ តែ​អាច​មាន​ផល​ប៉ះ​ពាល់​មិន​ល្អ​មក​លើ​ខ្ញុំ”។

លោក​បូ​មែន ​ជឿ​ថា ការ​បង្រៀន​អំពី​ភាព​ពេញវ័យ ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក១២ អាច​ធ្វើ​ជា​ដំណោះ​ស្រាយ​ដែល​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​។ ដែល​ក្នុង​នោះ ខ.៤ ដល់ ខ.៦ បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​ផ្សេងៗ​គ្នា ដល់​រាស្រ្ត​របស់​ព្រះ​អង្គ​ម្នាក់ៗ ដើម្បី “ប្រយោជន៍​រួម”(ខ.៧)។ ពួក​គេ​ម្នាក់ៗ​ជា អវយវៈ​នៃ​រូបកាយ​ព្រះគ្រីស្ទ “ដែល​មិន​អាច​ខ្វះ​បាន”(ខ.២២)។ ពេលណា​ពួក​ជំនុំ​ទទួល​ស្គាល់​អំណោយ​ទាន​ខុសៗ​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ពួក​គេ​អាច​ជួយ​ទ្រទ្រង់​សមាជិក​របស់​ពួកគេ​ឲ្យ​បម្រើ តាម​អំណោយ​ទាន​របស់​ខ្លួន ជា​ជាង​ដាក់​សម្ពាធ​មក​លើ​ពួក​គេ​ម្នាក់ៗ ឲ្យ​រួម​ចំណែក​តាម​របៀប​ដូច​គ្នា​។

តាមរយៈ​ការ​អនុវត្តន៍​ដូច​នេះ មនុស្ស​ម្នាក់ៗ​អាច​រក​ឃើញ​ភាព​រីកចម្រើន និង​ភាព​ពេញលេញ ហើយ​មាន​ទំនុក​ចិត្ត​ថា ពួកគេ​មាន​ចំណែក​ដ៏​មាន​តម្លៃ ក្នុង​រូបកាយ​ព្រះគ្រីស្ទ(ខ.២៦)។—Monica La Rose

តើ​អ្នក​បាន​ទទួល​ព្រះពរ ពី​អំណោយ​ទាន​ពិសេស​របស់​អ្នក​ដទៃ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ពួក​ជំនុំ​អាច​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បម្រើ​តាម​របៀប​ផ្សេង​គ្នា​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្កើត​យើង​ខ្ញុំ​មក ឲ្យ​មាន​អំណោយ​ទាន​ផ្សេង​គ្នា​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចេះ​ឲ្យ​តម្លៃ មក​លើ​អវយវៈ​នីមួយៗ​នៃ​រូបកាយ​ព្រះគ្រីស្ទ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៩-២០ និង លូកា ១៨:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles