១យ៉ូហាន ៤:១៥-២១
ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩
កាលហ្សាវា(Xavier) កូនប្រុសរបស់ខ្ញុំ នៅរៀនក្នុងសាលាមត្តេយ្យ គាត់បានលាតសន្ធឹងដៃគាត់ ហើយនិយាយថា “កូនស្រឡាញ់ម៉ាក់ ធំប៉ុណ្ណេះ”។ ខ្ញុំក៏បានលាតសន្ធឹងដៃខ្ញុំ ហើយនិយាយថា “ម៉ាក់ស្រឡាញ់កូន ធំប៉ុណ្ណេះ”។ គាត់ក៏បានដាក់ដៃចុះ ហើយច្រត់ចង្កេះ រួចនិយាយថា “កូនស្រឡាញ់ម៉ាក់មុន”។ ខ្ញុំក៏បានគ្រវីក្បាល ហើយប្រាប់គាត់ថា “ម៉ាក់បានស្រឡាញ់កូនមុន តាំងពីពេលដែលព្រះអង្គដាក់កូនក្នុងផ្ទៃម្តាយ”។ ហ្សាវាក៏បានបើកភ្នែកធំៗ “ម៉ាក់ឈ្នះហើយ” ខ្ញុំប្រាប់គាត់ថា “យើងឈ្នះទាំងអស់គ្នា ព្រោះព្រះយេស៊ូវស្រឡាញ់យើងមុន”។
សព្វថ្ងៃនេះ ហ្សាវាមានគ្រួសារហើយ។ ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់កំណើតកូនដំបូងរបស់គាត់ ខ្ញុំក៏បានអធិស្ឋានសូមឲ្យគាត់បានស្រឡាញ់កូនគាត់ ខ្លាំងជាងកូនគាត់ស្រឡាញ់គាត់ ខណៈពេលដែលពួកគេបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្នា។ ប៉ុន្តែ ខណៈពេលដែលខ្ញុំត្រៀមខ្លួនធ្វើជាជីដូន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ខ្ញុំស្រឡាញ់ចៅប្រុសរបស់ខ្ញុំខ្លាំងប៉ុណ្ណា នៅពេលដែលហ្សាវាប្រាប់ខ្ញុំថា ភរិយាគាត់កំពុងមានផ្ទៃពោះ។
សាវ័កយ៉ូហានបានធ្វើការបញ្ជាក់ថា សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះយើង បានផ្តល់ឲ្យយើងនូវសមត្ថភាព ដើម្បីស្រឡាញ់ព្រះអង្គ និងអ្នកដទៃ(១យ៉ូហាន ៤:១៩)។ ការដឹងថា ព្រះអង្គស្រឡាញ់យើងបានផ្តល់ឲ្យយើងនូវទំនុកចិត្ត ដែលជួយឲ្យយើងមានទំនាក់ទំនងកាន់តែជ្រាលជ្រៅជាមួយព្រះអង្គ(ខ.១៥-១៧)។ ពេលណាយើងបានស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង(ខ.១៩) យើងអាចលូតលាស់ ក្នុងសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះអង្គ ហើយបង្ហាញសេចក្តីស្រឡាញ់របស់យើង ក្នុងទំនាក់ទំនងដទៃទៀត(ខ.២០)។ ព្រះយេស៊ូវមិនគ្រាន់តែបានប្រទានអំណាចយើង ឲ្យអាចស្រឡាញ់ តែក៏បានបង្គាប់យើងឲ្យស្រឡាញ់ គឺដូចមានសេចក្តីចែងមកថា “យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ”(ខ.២១)។ ព្រះអង្គតែងតែមានសេចក្តីស្រឡាញ់លើសគេ។ ទោះយើងខំប្រឹងស្រឡាញ់ខ្លាំងប៉ុណ្ណា ក៏នៅតែមិនអាចស្រឡាញ់ច្រើនជាងព្រះអង្គស្រឡាញ់យើងបានឡើយ។—Xochitl Dixon
តើការដឹងថា ព្រះស្រឡាញ់អ្នកបានជួយអ្នកឲ្យស្រឡាញ់អ្នកដទៃដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃនៅសប្តាហ៍នេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះសង្គ្រោះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ទូលបង្គំជាមុន ដើម្បីឲ្យទូលបង្គំអាចស្រឡាញ់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៨-៩ និង លូកា ២១:១-១៩