ការ​ស្តាប់​បង្គាប់​ដោយ​សេចក្តី​ស្រឡាញ់

យ៉ូហាន ១៤:១៥-២១

អ្នកណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជាទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ​។ យ៉ូហាន ១៤:២១

ក្នុង​អំឡុង​ពេល​កម្មវិធី​មង្គល​ការ​របស់​ខ្ញុំ គ្រូ​គង្វាល​ដែល​បាន​ផ្សំ​ផ្គុំ​ខ្ញុំ និង​ស្វាមី​ខ្ញុំ បាន​សួរ​ខ្ញុំ​ថា “តើ​អ្នក​សន្យា​ថា នឹង​ស្រឡាញ់ គោរព និង​ស្តាប់​បង្គាប់​ស្វាមី​របស់​អ្នក រហូត​អស់​មួយ​ជីវិត​ទេ?” ពេល​នោះ ខ្ញុំ​ក៏បាន​មើល​មុខ​ស្វាមី​ខ្ញុំ ដោយ​និយាយ​ខ្សឹប​ៗ​ថា “តើ​ខ្ញុំ​ត្រូវ​ស្តាប់​បង្គាប់​គាត់​ឬ?” យើង​កសាង​ទំនាក់​ទំនង​របស់​យើង ផ្អែក​ទៅលើ​សេចក្តី​ស្រឡាញ់ និង​ការ​គោរព មិនមែន​ដោយ​ការ​ស្តាប់​បង្គាប់​ដោយ​គ្មាន​ការ​ពិចារណា ដូច​ពាក្យ​សច្ចា​នោះ​ទេ​។ ឪពុក​ក្មេក​ខ្ញុំ​ក៏បាន​ថតរូប​វីដេអូ​ជាប់​ទិដ្ឋភាព​ដែល​ខ្ញុំ​បើក​ភ្នែក​ធំៗ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ពិចារណា​អំពី​ពាក្យ​ស្តាប់​បង្គាប់ រួច​ខ្ញុំ​និយាយ​ថា “ចាស ខ្ញុំ​យល់​ព្រម”។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះអម្ចាស់​ក៏បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ប្រឆាំង​របស់​ខ្ញុំ​ចំពោះ​ពាក្យ ស្តាប់​បង្គាប់ គឺ​មិន​មាន​ជាប់​ទាក់ទង​អ្វី​នឹង​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​រវាង​ប្តី​និង​ប្រពន្ធ​នោះ​ទេ​។ កាលពី​មុន ខ្ញុំ​យល់​ឃើញថា ការ​ស្តាប់​បង្គាប់ គឺជា “ការ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង” ឬ “ការ​បង្ខំ​ឲ្យ​ចុះ​ចូល” តែ​ព្រះ​គម្ពីរ​មិន​បាន​បង្រៀន​ដូច​នេះ​ទេ​។ ផ្ទុយ​ទៅវិញ ពាក្យ​ស្តាប់​បង្គាប់ ក្នុង​ព្រះ​គម្ពីរ គឺ​បាន​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​យើង​អាច​មាន​ចំពោះ​ព្រះ តាម​របៀប​ជា​ច្រើន​។ ខណៈ​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​អបអរ​ខួប​៣០ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​យើង យើង​នៅតែ​រៀន​ស្រឡាញ់​ព្រះយេស៊ូវ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​។

នៅពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “អ្នកណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ”(យ៉ូហាន ១៤:១៥) គឺ​ព្រះអង្គ​កំពុង​បង្ហាញ​យើង​ថា ការ​ស្តាប់​បង្គាប់​តាម​បទ​គម្ពីរ គឺ​កើត​ចេញពី​ទំនាក់​ទំនង​ដែល​មាន​សេចក្តី​ស្រឡាញ់ និង​ភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ(ខ.១៦-២១)។

សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ គ្មាន​ភាព​អាត្មា​និយម គ្មាន​លក្ខ​ខណ្ឌ និង​មិន​ដែល​បង្ខំ ឬ​មាន​ការ​បំពាន​ឡើយ​។ ពេលណា​យើង​ដើរ​តាម និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ក្នុង​ទំនាក់​ទំនង​គ្រប់​ប្រភេទ​របស់​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង ឲ្យ​យល់ថា ការ​ស្តាប់​បង្គាប់​ព្រះអង្គ​គឺជា​ទង្វើ​នៃ​ការ​ទុកចិត្ត និង​ថ្វាយបង្គំ​ព្រះ ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់​។—Xochitl Dixon

តើ​ទស្សន​របស់​អ្នក​អំពី​ការ​ស្តាប់​បង្គាប់​ព្រះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ នៅពេល​ដែល​អ្នក​បាន​ដឹង​ថា ការ​ស្តាប់​បង្គាប់​ព្រះ ជា​សកម្ម​ភាព​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ទុកចិត្ត​ព្រះអង្គ? តើ​ព្រះអម្ចាស់​បាន​បង្ហាញថា អ្នក​អាច​ទុកចិត្ត​ព្រះអង្គ ដោយ​ផ្អែក​ទៅលើ​អ្វី​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្រឡាញ់​ព្រះអង្គ និង​អ្នក​ដទៃ តាមរយៈ​ការ​ស្តាប់​បង្គាប់​តាម​បទ​គម្ពីរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ២១-២២ និង លូកា ២៣២៥-៥៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles