អគារ​សម្រាប់​ថ្វាយបង្គំ​ព្រះ

និក្ខមនំ ២៦:៣០-២៧:៨

ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ​។ និក្ខមនំ ២៦:៣០

នៅពេល​ដែល​អគារ​រដ្ឋសភា​របស់​ចក្រភព​អង់គ្លេស ទទួល​រ​ង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២ លោក​វីនស្តិន ឈើឈីល(Winston Churchill) ជា​នាយក​រដ្ឋ​មន្រ្តី បាន​ប្រាប់​រដ្ឋ​សភា​ថា ពួក​គេ​ត្រូវ​សាងសង់​អគារ​រដ្ឋសភា ឲ្យ​មាន​រូបរាង​ដូច​ដើម​វិញ​។ អគារ​នោះ​ត្រូវ​មាន​ទំហំ​តូច ដើម្បី​ឲ្យ​ការ​ជជែក​វែក​ញែក​តទល់​នៅតែ​អាច​បន្ត​មាន​។ វា​ត្រូវ​មាន​រាង​មូល​ទ្រវែង ជា​ជាង​មាន​រៀង​ពាក់​កណ្តាល​រង្វង់ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ឡើង​ទៅ​និយាយ នៅ​ត្រង់​ចំណុច​កណ្តាល​។ ការ​រៀបចំ​នេះ​បាន​ថែរក្សា​ប្រព័ន្ធ​គណបក្ស​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ស្ថិត​ស្ថេរ ដែល​ក្នុង​នោះ សមាជិក​គណបក្ស​ឆ្វេង​និយម និង​ស្តាំ​និយម អាច​អង្គុយ​ទល់​មុខ​គ្នា នៅ​ក្នុង​សាល​ប្រជុំ ដោយ​តម្រូវ​ឲ្យ​មាន​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​ពេល​ពួកគេ​សម្រេច​ចិត្ត​ចុះ​ចូល​គណបក្ស​មួយ​ទៀត​។ លោក​ឈើឈីល ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “យើង​សាង​សង់​អគារ​របស់​យើង ហើយ​ក្រោយមក អគារ​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​អាកប្ប​កិរិយា ទម្លាប់ និង​វប្បធម៌​របស់​យើង”។

ព្រះអម្ចាស់​ហាក់​ដូចជា​យល់​ស្រប​ចំពោះ​ទស្សនៈ​នេះ​។ កណ្ឌ​គម្ពីរ​និក្ខមនំ មាន៨ជំពូក(ជំពូក ២៤-៣១) ដែល​បាន​ចែង​អំពី​ការ​បង្គាប់​របស់​ព្រះអង្គ អំពី​របៀប​សាង​សង់​រោង​ឧបោសថ ហើយ​មាន៦ជំពូក​ទៀត(ជំពូក ៣៥-៤០) ដែល​ពិពណ៌នា អំពី​របៀប​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​។ ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ការ​ថ្វាយបង្គំ​របស់​ពួកគេ​។ នៅពេល​ដែល​ពួក​បណ្តាជន​ដើរ​ចូល​ក្នុង​បរិវេណ​នៃ​រោង​ឧបោសថ ភាព​ចាំងចែង​នៃ​មាស និង​ពណ៌​ដ៏​ស្រស់​ស្អាត​នៃ​វាំងនន​របស់​រោង​ឧបោសថ​(២៦:១,៣១-៣៧) បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​។ អាសនា​សម្រាប់​ដុត​យញ្ញ​បូជា(២៧:១-៨) និង​ចានក្លាំ​សម្រាប់​ដាក់​ទឹក​លាង​សម្អាត(៣០:‌១៧-២១) បាន​រំឭក​ពួកគេ អំពី​ការ​លះបង់ ដើម្បី​អត់​ទោស​ឲ្យ​បាប​របស់​ពួកគេ​។ ខាង​ក្នុង​រោង​ឧបោសថ មាន​ជើង​ចង្កៀង(២៥:៣១-៤០) តុ​ដាក់​នំ​ប៉័ង(២៥:២៣-៣០) អាសនា​សម្រាប់​ដុត​គ្រឿង​ក្រអូប(៣០:១-៦) និង​ហិប​សញ្ញា(២៥:១០-២២)។ វត្ថុ​នីមួយៗ​សុទ្ធតែ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​។

នៅ​គ្រា​សញ្ញា​ថ្មី ព្រះអម្ចាស់​មិន​ប្រទាន​ការ​បង្គាប់​ជា​លម្អិត អំពី​ទី​កន្លែង​ថ្វាយបង្គំ ដូច​ព្រះអង្គ​បង្គាប់​ពួក​អ៊ីស្រាអែល​នៅ​គ្រា​សញ្ញា​ចាស់​ទេ តែ​មិន​មានន័យថា ការ​ថ្វាយបង្គំ​របស់​យើង​មាន​សារៈសំខាន់​តិច​ជាង​ការ​ថ្វាយបង្គំ​របស់​ពួកគេ​នោះ​ទេ​។ រូបកាយ​របស់​យើង​ទាំងមូល គឺជា​ព្រះវិហារ​ដែល​ត្រូវ​ញែក​ជា​បរិសុទ្ធ សម្រាប់​ឲ្យ​ព្រះ​អង្គ​ចូល​គង់​សណ្ឋិត។ ចូរយើង​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ប្រើ​រូបកាយ​យើង​ជា​ឧបករណ៍​សម្រាប់​ថ្វាយ​បង្គំ និង​បម្រើ​ព្រះអង្គ(រ៉ូម ១២:‌១)។  ចូរ​ឲ្យ​អ្វីៗ​ដែល​យើង​ធ្វើ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជា​នរណា ហើយ​ព្រះអង្គ​ធ្វើ​អ្វី​ខ្លះ​។—Mike Wittmer

តើ​ការ​ថ្វាយបង្គំ​របស់​អ្នក​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ព្រះ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​អ្នក? តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ?

ឱ​ព្រះវរបិតា ព្រះអង្គ​សក្តិ​សមនឹង​ការ​ថ្វាយបង្គំ​ល្អ​បំផុត​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៦-៨ និង កិច្ចការ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles