មានន័យ​ថា​បាន​បម្រើ​ព្រះយេស៊ូវ

ម៉ាថាយ ២៥:៣១-៤០

តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា? ម៉ាថាយ ២៥:៣៩

កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នក​ស្រី អេលី​ហ្សាប៊ែត ហ្វ្រាយ(Elizabeth Fry) មាន​អារម្មណ៍​តក់ស្លុត ចំពោះ​ស្ថានភាព​របស់​ពន្ធនាគារ​ស្ត្រី នៅ​ទីក្រុង​ឡុងដ៍​។ ស្ត្រី​ជា​អ្នក​ទោស និង​កូនៗ​របស់​ពួកគេ​បាន​រស់នៅ​បញ្ចៀត​គ្នា នៅ​ទីនោះ ហើយ​គេ​ឲ្យ​ពួក​គេ​គេង​នៅ​លើ​កម្រាល​ឥដ្ឋ​ក្នុង​អាកាស​ធាតុ​ដ៏​រងា​។ ពួកគេ​គ្មាន​គ្រែ​គេង​ឲ្យ​បាន​កក់​ក្តៅ ប៉ុន្តែ មន្ទីរ​ឃុំ​ឃាំង​មាន​ក្បាល​រ៉ូប៊ីនេ ដែល​ពួក​គេ​អាច​បើក​​យក​ស្រា​ផឹក​កម្តៅ​ខ្លួន​។ គាត់​បាន​ទៅ​មើល​គុក​នោះ​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​សំលៀក​បំពាក់ បើក​សាលា​រៀន និង​បង្រៀន​ព្រះ​គម្ពីរប៊ីប​ដល់​ពួកគេ​ផង​ដែរ​។ ប៉ុន្តែ អ្នក​ទោស​ជា​ច្រើន​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​បំផុត ដោយសារ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ និង​សារ​នៃ​សេចក្តី​សង្ឃឹម ដែល​គាត់​បាន​ចែក​ចាយ​ដល់​ពួកគេ​នៅ​ទីនោះ​។

គាត់​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ ដោយសារ​គាត់​អនុវត្ត​តាម​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​បម្រើ​ជន​ទុរគត​។ ជាក់​ស្តែង កាល​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​អង្គ​បាន​ចែក​ចាយ​រឿង​មួយ​ចំនួន ដែល​និយាយ​អំពី​គ្រា​ចុង​ក្រោយ ហើយ​ក្នុង​ចំណោម​នោះ មាន​រឿង​មួយ​ដែល​និយាយ​អំពី​ការ​ស្វាគមន៍ “ពួក​សុចរិត​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច”(ម៉ាថាយ ២៥:៤៦)។ ក្នុង​រឿង​នេះ ស្តេច​បាន​ប្រាប់​ពួក​មនុស្ស​សុចរិត​ថា ពួកគេ​បាន​ថ្វាយ​ទឹក​ឲ្យ​ព្រះ​អង្គ​សោយ យាង​ព្រះ​អង្គ​ចូល​គង់​ខាង​ក្នុង ហើយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះអង្គ​នៅ​ក្នុង​គុក(ខ.៣៥-៣៦)។ នៅពេល​ដែល​ពួកគេ​មិន​ចាំ​ថា ពួកគេ​បាន​ធ្វើ​នូវ​រឿង​ទាំង​នេះ​ពី​ពេលណា ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។

ពិតជា​អស្ចារ្យ​ណាស់ ពេលណា​យើង​បម្រើ​អ្នក​ដទៃ ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ នោះ​មានន័យថា យើង​ក៏​កំពុង​បម្រើ​ព្រះយេស៊ូវ​ផង​ដែរ! យើង​អាច​បម្រើ​អ្នក​ដទៃ ដោយ​ផ្ទាល់ ដូច​ដែល​អ្នក​ស្រី​អេលីហ្សាប៊ែប ហ្វ្រាយ បាន​បម្រើ​ដល់​អ្នក​ទោស​ទាំង​នោះ ហើយក៏​អាច​បម្រើ​អ្នក​ដទៃពី​ចម្ងាយ ដោយ​អធិស្ឋាន​ទូល​អង្វរ​ឲ្យ​គេ ឬ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​គេ។ ព្រះយេស៊ូវ​បាន​ត្រាស់ហៅ​យើង ឲ្យ​ស្រឡាញ់​ព្រះអង្គ ដោយ​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ និង​អ្វី​ដែល​យើង​មាន ដើម្បី​យក​អសារ​អ្នក​ដទៃ​។—Amy Boucher Pye

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​បាន​ឮ​ថា ការ​បម្រើ​អ្នក​ដទៃ ក៏​ជា​ការ​បម្រើ​ដល់​ព្រះយេស៊ូវ​ផង​ដែរ? តើ​អ្នក​អាច​ឈោង​ទៅ​រក​នរណា​ម្នាក់ ដែល​កំពុង​មាន​ការ​ខ្វះខាត យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដឹង​ថា ទូល​បង្គំ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ នៅ​កន្លែងណា​ខ្លះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles