កិច្ចការ ៨:២៩-៣៩
តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន? កិច្ចការ ៨:៣៦
អ្នកស្រី សាលី ហ្វៀល(Sally Field) ជាតួសម្ដែង ដែលនៅទីបំផុត គាត់ក៏បានស្គាល់អារម្មណ៍ដែលយើងម្នាក់ៗចង់មាន។ កាលគាត់ទទួលបានពាន់រង្វាន់អូស្កាជាលើកទីពីរ ក្នុងឆ្នាំ១៩៨៥ គាត់បាននិយាយ នៅក្នុងសន្ទរកថាទទួលពាន់រង្វាន់អូស្កាយ៉ាងដូចនេះថា “ខ្ញុំចង់បានការគោរពរបស់អ្នកទាំងអស់គ្នា លើសអ្វីៗទាំងអស់។ កាលទទួលពានរង្វាន់អូស្កាលើកទីមួយ ខ្ញុំមិនមានអារម្មណ៍ដូចនេះទេ។ តែលើកនេះ ខ្ញុំមានអារម្មណ៍ថា បានទទួលការគោរព។ ហើយខ្ញុំក៏មិនអាចបដិសេធន៍ការពិតដែលថា ក្នុងពេលនេះ អ្នកទាំងអស់គ្នាមិនខុសពីខ្ញុំទេ”។
ជនជាតិអេធីយ៉ូពី ដែលជាមនុស្សកម្រៀវ ក៏មានការស្ញប់ស្ញែង ចំពោះការទទួលស្វាគមន៍ដែលគាត់បានទទួលផងដែរ។ ក្នុងនាមគាត់ជាសាសន៍ដទៃ គេបានបដិសេធន៍មិនឲ្យគាត់ចូលទៅក្នុងបរិវេណខាងក្នុងនៃព្រះវិហារ នៅទីក្រុងយេរូសាឡិមទេ(មើល អេភេសូរ ២:១១-១២ និង ចោទិយកថា ២៣:១)។ ប៉ុន្តែ គាត់ចង់ឲ្យគេទទួលស្វាគមន៍គាត់។ សាវ័កភីលីពក៏បានប្រទះឃើញគាត់ កំពុងត្រឡប់ពីការធ្វើដំណើរទៅចូលរួមពិធីបុណ្យនៅទីក្រុងយេរូសាឡិម(កិច្ចការ ៨:២៧)។
បុរសអេធីយ៉ូពីនោះកំពុងអានបទគម្ពីរអេសាយ ដែលក្នុងនោះ ព្រះអម្ចាស់បានសន្យាថា “ពួកកម្រៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញថា អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ”(អេសាយ ៥៦:៤-៥)។ បន្ទាប់មក សាវ័កភីលីពក៏បានចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ ឲ្យគាត់ស្តាប់ ហើយគាត់ក៏បានឆ្លើយតបថា “មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន?”(កិច្ចការ ៨:៣៥-៣៦)។
ត្រង់ចំណុចនេះ គាត់កំពុងតែចង់សួរថា តើគេពិតជាទទួលស្វាគមន៍គាត់ទេ? តើគាត់ពិតជាអាចចូលរួមជាមួយគេឬទេ? សាវ័កភីលីពបានធ្វើបុណ្យជ្រមុជទឹកឲ្យគាត់ ជាសញ្ញាបង្ហាញថា ព្រះយេស៊ូវបានដករនាំងទាំងអស់ចេញហើយ(អេភេសូរ ២:១៤)។ ព្រះយេស៊ូវបានឱបក្រសោបយក និងបង្រួបបង្រួម មនុស្សទាំងអស់ដែលងាកចេញពីបាប ហើយទទួលជឿព្រះអង្គ។ បុរសកម្រៀវនោះក៏ទៅតាមផ្លូវដោយអរសប្បាយ(កិច្ចការ ៨:៣៩)។ ទីបំផុត គាត់ក៏មានចំណែកក្នុងមហាគ្រួសារនៃព្រះ យ៉ាងពេញលេញ។—Mike Wittmer
ហេតុអ្វីអ្នកជឿព្រះយេស៊ូវទាំងអស់ សុទ្ធតែមានចំណែកក្នុងមហាគ្រួសាររបស់ព្រះអង្គ? តើការធ្វើបុណ្យជ្រមុជទឹក បានជួយឲ្យអ្នកយល់អំពីការពិតនេះកាន់តែច្បាស់ប៉ុណ្ណា?
ឱព្រះយេស៊ូវ ទូលបង្គំជាកម្មសិទ្ធិរបស់ព្រះ និងជាសមាជិកមហាគ្រួសាររបស់ព្រះអង្គ ព្រោះទូលបង្គំជាកូនព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ាកុប ៣៨-៤០ និង កិច្ចការ ១៦:១-២១