October 27, 2024

You are here:
តើ​អ្នក​បាន​កើតជា​ថ្មី​ហើយ​ឬ​នៅ?

យ៉ូហាន ៣:១-៩ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បានទេ​។ យ៉ូហាន ៣:៥ នៅ​ថ្ងៃ​បុណ្យសព មេ​ចុងភៅ​ដែល​មាន​តួនាទី​ចាត់​ចែង​ម្ហូប​អាហារ សម្រាប់​កម្ម​វិធី​បុណ្យសព បានឮ​គ្រូ​អធិប្បាយ​ចែក​ចាយ អំពី​ការ​កើតជា​ថ្មី​។ គាត់​សួរ​គេ​ថា តើ​ការ​កើតជា​ថ្មី មានន័យ​ដូច​ម្តេច​ខ្លះ? គាត់​ថា គាត់​មិន​ដែល​ឮ​ពាក្យ​នេះ​ពី​មុន​មក​សោះ​។ កូន​ប្រុស​របស់​បុរស​ដែល​បាន​ទទួល​មរណៈ​ភាព ក៏បាន​ឆ្លៀត​ឱកាស​ពន្យល់​គាត់ អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ តាម​បទ​គម្ពីរ​យ៉ូហាន ជំពូក៣​។ គាត់​ថា “យើង​ម្នាក់ៗ​សុទ្ធតែ​កើត​បាន​មួយដង នៅ​លើ​ផែនដី​នេះ​។ ព្រះអម្ចាស់​មិន​ប្រើ​ជញ្ជីង​វេទ​មន្ត​ណាមួយ ដើម្បី​ថ្លឹង​អំពើ​ល្អ ជាមួយ​អំពើ​អាក្រក់​របស់​យើង​នោះ​ទេ​។ តែ​ដើម្បី​ឲ្យ​យើង​រួច​ពី​បាប ព្រះ​អង្គ​តម្រូវ​ឲ្យ​យើង​មាន​ការ​កើតជា​ថ្មី ពី​ព្រះវិញ្ញាណបរិសុទ្ធ ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ”។ គាត់​និយាយ​បន្ត​ទៀត​ថា “ហេតុ​នេះ​ហើយ ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​បង់​ថ្លៃលោះ​យើង ហើយ​បើក​ផ្លូវ​ឲ្យ​យើង​អាច​មាន​ជីវិត​អស់​កល្ប សម្រាប់​រស់នៅ​ជាមួយ​ព្រះអង្គ​។ យើង​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួនឯង​បានទេ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៣ លោក​នីកូដេម​បាន​ឆ្ងល់​អំពី​របៀប​ដែល​គាត់​អាច​រួច​ពី​បាប ហើយ​ចូល​នគរ​ព្រះ​។ ក្នុង​នាម​គាត់​ជា​គ្រូ​សាសន៍​យូដា​ម្នាក់ ដែល​មាន​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ​ក្នុង​ព្រះ​គម្ពីរ(ខ.១) គាត់​បាន​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​មាន​លក្ខណៈ​ខុសគេ ហើយ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ទៀតសោត ក៏​មាន​អំណាច(ខ.២)។ គាត់​ចង់​ស្វែង​យល់​ពី​ព្រះអង្គ​ដោយ​ផ្ទាល់ ដូច​នេះ គាត់​ក៏​បាន​ទៅ​ជួប​ព្រះ​យេស៊ូវ​ទាំងយប់ ដើម្បី​បក​ស្រាយ​ចម្ងល់​របស់​គាត់​។…

Read article