១ធីម៉ូថេ ៤:៦-១០
ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ។ ១ធីម៉ូថេ ៤:៧
លោកត្រេ(Tre) ជាអ្នកហាត់ប្រាណជាទៀងទាត់ នៅកន្លែងហាត់ប្រាណ ហើយបើយើងគ្រាន់តែមើលឃើញគាត់ យើងក៏អាចដឹងដែរ។ គាត់មានស្មាធំទូលាយ សាច់ដុំក៏ធំ ហើយគ្រាន់តែដើមដៃរបស់គាត់មានទំហំធំជិតស្មើភ្លៅរបស់ខ្ញុំ។ ពេលខ្ញុំឃើញគាត់មានរាងកាយរឹងមាំដូចនេះ ខ្ញុំមានចិត្តចង់ទៅជជែកជាមួយគាត់អំពីរឿងខាងវិញ្ញាណ។ ខ្ញុំក៏បានសួរគាត់ថា តើការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការលើកសាច់ដុំ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អ ដែលគាត់មានជាមួយព្រះដែរឬទេ? យើងមិនបានជជែកគ្នាឲ្យបានស៊ីជម្រៅទេ នៅថ្ងៃនោះ តែលោកត្រេពិតជាបានទទួលស្គាល់ “ព្រះវត្តមានរបស់ព្រះនៅក្នុងជីវិតគាត់”។ យើងជជែកគ្នាបានរយៈពេលយូរល្មមនឹងឲ្យគាត់បង្ហាញរូបថតរបស់គាត់ កាលគាត់មានទម្ងន់ជិត២០០គីឡូ មិនរឹងមាំ និងមិនមានសុខភាពល្អ។ ការផ្លាស់ប្តូរក្នុងរបៀបរបបនៃការរស់នៅរបស់គាត់ បាននាំឲ្យគាត់មានការផ្លាស់ប្តូរខាងរូបកាយ ដែលគួរឲ្យភ្ញាក់ផ្អើល។
ក្នុងបទគម្ពីរ១ធីម៉ូថេ ៤:៦-១០ សាវ័កប៉ុលបាននិយាយផ្ដោតទៅលើការហ្វឹកហាក់ខាងរូបកាយ និងខាងវិញ្ញាណ។ គឺដូចដែលគាត់បានបង្រៀនថា “ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្តីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្តីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង”(ខ.៧-៨)។ យើងមិនអាចវាយតម្លៃទំនាក់ទំនងដែលនរណាម្នាក់មានជាមួយព្រះ ផ្អែកទៅលើរូបសម្បត្តិខាងក្រៅរបស់គាត់ឡើយ។ សុខភាពខាងវិញ្ញាណរបស់យើង គឺអាស្រ័យទៅលើចិត្តរបស់យើង។ ជីវិតខាងវិញ្ញាណរបស់យើងចាប់ផ្តើម នៅពេលដែលយើងសម្រេចចិត្តទទួលជឿព្រះយេស៊ូវ ដែលតាមរយៈព្រះអង្គ យើងទទួលបានការអត់ទោសបាប។ ចាប់តាំងពីពេលនោះមក យើងត្រូវចាប់ផ្តើមមានការហ្វឹកហាត់ខាងវិញ្ញាណ។ ការនេះគឺរាប់បញ្ចូលការចិញ្ចឹម ដោយសេចក្តីពិតនៃសេចក្តីជំនឿ និងការបង្រៀនដ៏ល្អ”(ខ.៦) និងដោយកម្លាំងរបស់ព្រះ ដោយរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។—Arthur Jackson
បើអ្នកបានចាប់ផ្តើមការធ្វើដំណើររបស់អ្នកជាមួយព្រះយេស៊ូវ តើអ្នកវាយតម្លៃសុខភាពខាងវិញ្ញាណរបស់អ្នក ដូចម្តេចខ្លះ?
តើមានភស្តុតាងអ្វីខ្លះក្នុងជីវិតអ្នក ដែលចង្អុលបង្ហាញអ្នក ឲ្យងាកទៅរុកការមានសុខភាពល្អខាងវិញ្ញាណ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ពេលណាទូលបង្គំផ្ដោតខ្លាំងពេកទៅលើសម្បកក្រៅ។
សូមព្រះអង្គជួយទូលបង្គំ ក្នុងការហ្វឹកហាត់ខាងវិញ្ញាណ ដែលមានដូចជាការអានព្រះគម្ពីរ ការអធិស្ឋាន និងការរស់នៅ ព្រមទាំងបម្រើអ្នកដទៃ។
Visit ODBU.org/SF104 and see how this course can encourage growth in your spiritual life.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៥-៧ និង ហេព្រើរ ១២