នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

ដោយNancy Gavilanes

April 8, 2025

អេភេសូរ ៤:១-៦

ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់​ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់​។ អេភេសូរ ៤:២

មាន​ពេល​មួយ​ខ្ញុំ​បាន​ឈប់​ឡាន​របស់​ខ្ញុំ នៅ​ពី​​ក្រោយ​ឡាន​មួយ​គ្រឿង នៅ​ពេល​ភ្លើង​ស្តុប​ចេញពណ៌​ក្រហម ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញ​ស្ទីគ័រ​នៅ​លើ​កញ្ចក់​ខាង​ក្រោយ​ឡាន​នោះ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “សូម​មាន​ការ​អត់​ធ្មត់​។ ខ្ញុំ​ទើបតែ​ចេះ​បើក​ឡាន​ទេ”។ មាន​បញ្ហា​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ ដែល​យើង​បានឮ ក៏​ដូច​ជា​​បាន​ជួប​ផ្ទាល់ ដូច​នេះ ការ​ក្រើន​រំឭក​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​បើកបរ​ដទៃ​ទៀត​យ៉ាង​ដូច​នេះ គឺ​ពិតជា​មាន​ប្រយោជន៍​ណាស់​។

ខណៈ​ពេល​ដែល​ខ្ញុំ​មើល​ស្ទីគ័រ​នោះ ខ្ញុំ​ឆ្ងល់​ថា តើមាន​អ្វី​កើត​ឡើង បើសិន​ជា​មនុស្ស​កាន់​ផ្លាក​សញ្ញា​ដូច​នេះ ដើម្បី​ដាស់តឿន​យើង​ថា ពួកគេ “ទើបតែ​មាន​កូន​ដំបូង” ឬ “ជា​អ្នកជឿ​ថ្មី”។ បើ​យើង​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​រួម​ការងារ ឬ​អ្នក​ដទៃ​ទៀត ដែល​យើង​ជួប កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ តើ​យើង​នឹង​មាន​ចិត្ត​អត់​ធ្មត់​ជាង​មុន ចំពោះ​ពួកគេ ហើយ​ថែម​​ទាំង​ជួយ​ពួកគេ​ជម្នះ​បញ្ហា​ទាំង​នោះ​ដែរ​ឬ​​ទេ?

យើង​ប្រហែល​ជា​កំពុង​មាន​ការ​ប្រញាប់ ដោយ​ព្យាយាម​ជៀសវាង​ការ​​រំខាន​ពី​អ្នក​ដទៃ តែ​ចូរ​យើង​ពិចារណា អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ចុះ​។ ព្រះអង្គ​មិន​មាន​ការ​ប្រញាប់​ប្រញាល់​​ទេ​។ ព្រះអង្គ​មាន​ព្រះទ័យ​អាណិត ចំពោះ​មនុស្ស​ទាំងឡាយ ហើយក៏​ចំណាយ​ពេល​កម្សាន្ត​ចិត្ត និង​បង្រៀន​ពួកគេ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​ជួប​​ផង​ដែរ​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​ដែល​យើង​បាន​ទទួល(អេភេសូរ ៤:១)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ការ​រស់នៅ​ឲ្យ​សក្តិ​សមនឹង​ការ​ត្រាស់ហៅ ក៏​រាប់​បញ្ចូល​ការ​មាន “ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់”(ខ.២) ហើយ​ខិតខំ​រស់នៅ​ដោយ​សន្តិភាព និង​ការ​រួបរួម​គ្នា​ផង​ដែរ(ខ.៣)។

យើង​ប្រហែល​មិន​បាន​ដឹង អំពី​បញ្ហា​ប្រឈម​ដែល​មនុស្ស​កំពុង​ជួប​ប្រទះ​នោះ​ទេ តែ​យើង​អាច​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួកគេ​។ ចូរ​យើង​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ ដល់​មនុស្ស​ម្នាក់ៗ ដែល​យើង​ជួប ក្នុង​ការ​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ​។—Nancy Gavilanes

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ចិត្ត​អត់​ធ្មត់​កាន់តែ​ខ្លាំង ចំពោះ​អ្នក​ដទៃ? តើ​អ្នក​អាច​ធ្វើ​ជា​ព្រះពរ​សម្រាប់​នរណា​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ចិត្ត​អត់​​ធ្មត់​កាន់តែ​ខ្លាំង
ជាមួយ​មនុស្ស​ដែល​ព្រះអង្គ​​ឲ្យ​ទូល​បង្គំ​ជួប ក្នុង​ដំណើរ​ជីវិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១០-១២ និង លូកា ៩:៣៧-៦២

ល្ងាច

ព្រះ​អម្ចាស់​ប្រទាន​យុត្តិ​ធម៌​ដល់​រាស្ត្រ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អម្ចាស់​ប្រទាន​យុត្តិ​ធម៌​ដល់​រាស្ត្រ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 8, 2025

«ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» ... កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សារ​សេចក្តី​ល្អ​វិញ» (រ៉ូម ១២:១៨-១៩, ២១)។

សូម​យើង​ស្រមៃ​ថា មាន​ក្មេង​ម្នាក់​វិល​ត្រឡប់​ពី​សាលា​រៀន​មក​ផ្ទះ​វិញ ដោយ​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អ្វី​ដែល​ក្មេង​ម្នាក់​ទៀត​និយាយ ឬ​ធ្វើ​មក​លើ​នាង។ ពេល​ដែល​នាង​ការ​ឈឺ​ចិត្ត​ខ្លាំង ហៀប​នឹង​ស្រក់​ទឹក​ភ្នែក នាង​ងាយ​នឹង​គិត​ថា នាង​នឹង​មិន​និយាយ​រក​ក្មេង​នោះ​ទៀត​ទេ ឬ​រៀប​គម្រោង​សង​សឹក​មក​លើ​ក្មេង​នោះ​វិញ។

សូម​យើង​ស្រមៃ​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្តាយ​នាង​ក៏​បាន​ណែនាំ​នាង​ឲ្យ​សរសេរ​សំបុត្រ​តូច​មួយ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​អត់ឱន​ទោស និង​ការ​រាប់​អាន​ជា​មិត្ត ហើយ​បន្ទាប់​ពី​នាង​បាន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ហើយ នាង​ក៏​អាច​និយាយ​ប្រាប់​ឪពុក​ម្តាយ​នាង ដោយ​អំណរ​ថា «កូន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ា​ម៉ាក់! កូន​បាន​យក​សំបុត្រ​នោះ​ទៅ​ឲ្យ​នាង​នៅ​សាលា ហើយ​យើង​ក៏​បាន​ផ្សះផ្សា​គ្នា។ យើង​ឱប​គ្នា ហើយ​យើង​បន្ត​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ កូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!»

នេះ​ជា​អត្ថន័យ​នៃ​ការ​បង្រៀន​របស់​សាវ័ក ប៉ុល ឲ្យ​យើង​រស់​នៅ​ដោយ​មេ​ត្រី​ភាព បើ​សិន​ជា​បាន។ ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​មេ​ត្រី​ភាពជា​មួយ​អ្នក​ដទៃ ប៉ុន្តែ​ចូរ​យើង​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង ដោយ​សារ​យើង​មិន​បាន​ខិតខំ​ស្វែង​រក​មេ​ត្រី​ភាព​នោះ​ឡើយ។ ហើយ​ជួន​កាល យើង​មិន​អាច​មាន​មេ​ត្រី​ភាព​ដោយ​សារ​យើង​មាន​គម្រោង ឬ​កំពុង​ដេញ​តាម​ការ​សង​សឹក។ ការ​សង​សឹក​គឺ​ប្រៀប​ដូច​ជា​ម្ហូប​អាហារ​ដែល​មាន​តែ​ព្រះ​ទេ ដែល​អាច​លើក​មក​ឲ្យ​បរិភោគ​បាន គឺ​មិន​មែន​សម្រាប់​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​ជា​អ្នក​ធ្វើ​នោះ​ទេ។

ជាក់​ស្តែង ភាគ​ច្រើន​នៃ​ជម្លោះ​របស់​យើង គឺ​ជា​រឿង​ដដែល ដែល​ធ្លាប់​កើត​ឡើង​កាល​ក្នុង​វ័យ​កុមារ។ ការ​ឆ្លើយ​តប​របស់​យើង ចំពោះ​ភាព​អយុត្តិធម៌ បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ជំនឿ​ពិត​ប្រាកដ​របស់​យើង។ តើ​យើង​នឹង «ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់» (១ពេត្រុស ៣:៩) តាម​ផ្លូវ​របស់​លោកីយ៍ ឬ​យើង​នឹង​ឆ្លើយ​តប​តាម​គំនិត​របស់​ព្រះ​គ្រីស្ទ?

រាល់​ជម្លោះ និង​ការ​ឈឺ​ចាប់​ទាំង​អស់​ដែល​យើង​មាន មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​ប្រទះ និង​ឆ្លង​កាត់​ឡើយ។ តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ជេរ​ប្រមាថ ព្រះ​អង្គ​មិន​បាន​ជេរ​ប្រមាថ​តប​គេ​វិញ​ទេ។ នៅ​ពេល​ព្រះ​អង្គ​រង​វេទនា ព្រះ​អង្គ​មិន​បាន​ដាក់​បណ្តាសា ឬ​គម្រាម​កំហែង​គេ​ដែរ។ យើង​មិន​ត្រូវ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ដោយ​ទទួល​យក​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អង្គ តែ​មិន​អើពើ​ចំពោះ​គំរូ​របស់​ព្រះ​អង្គ​ដោយ​ព្យាយាម​ការពារ​មុខ​មាត់ និង​គោល​បំណង​របស់​យើង ហើយ​ធ្វើ​ការ​ពន្យល់​អំពី​ខ្លួន​យើង ដោយ​ព្យាយាម​ទាមទារ​ការ​ប៉ះ​ប៉ូវ​សម្រាប់​ការ​ខូច​ខាត ហើយ​សង​សឹក​ចំពោះ​កំហុស​តូច​បំផុត ដែល​គេ​ធ្វើ​មក​លើ​យើង​នោះ​ទេ។ និស្ស័យ​សាច់​ឈាម​ទាញ​នាំ​យើង​ឲ្យ​ធ្វើ​ដូច​នេះ ហើយ​ដើម្បី​ឲ្យ​យើង​ជៀស​វាង​ការ​ដើរ​តាម​ផ្លូវ​នេះ។ យើង​នឹង​ទទួល​បាន​យុត្តិ​ធម៌ តែ​មិន​មែន​ទទួល​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ដូច​នេះ តើមាន​នរណា​ម្នាក់ ដែល​អ្នក​ចាំ​បាច់​ត្រូវ​ផ្សះផ្សា​ទំនាក់​ទំនង​ជា​មួយ​ទេ? តើ​មាន​នរណា​ម្នាក់ ដែល​អ្នក​កំពុង​តែ​បង្ហាញ​កំហឹង​ដាក់ ជា​ជាង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​គាត់​តាម​របៀប​ណា​មួយ​ឬ​ទេ? ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថ្វាយ​ការ​សងសឹក​ដល់​ព្រះ​អង្គ​ជា​អ្នក​សម្រេច ហើយ​ចូរ​ឈ្នះ​ការ​អាក្រក់​ដោយ​ការ​ល្អ​វិញ។ គឺ​នៅ​ថ្ងៃ​នេះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ២:១៨-២៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១១-១២ និង​ហេព្រើរ ១០:១-១៨

ប្រភេទ