ម៉ាថាយ ១៨:២១-៣៥
ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី? ម៉ាថាយ ១៨:៣៣
ក្នុងខ្សែភាពយន្តគំនូរជីវចល មានចំណងជើងថា រឿងរបស់ឧបករណ៍ក្មេងលេង ក្មេងប្រុសម្នាក់មានឧបករណ៍ក្មេងលេងជាច្រើន ដែលប្រែជាមានជីវិតរស់រវើក នៅពេលណាគាត់ចាកចេញពីបន្ទប់ ឬគេងលក់។ តួអង្គតុក្កតាមួយនោះ ជាអវកាសយានិក ឈ្មោះ ប៊ូស ឡៃយា(Buzz Lightyear) បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការហោះហើរ ក្នុងបន្ទប់គេងនោះ ហើយក៏បានប្រើពាក្យដ៏ល្បីល្បាញមួយឃ្លាថា គាត់អាចហោះហើរ “គ្មានដែនកំណត់ ហើយលើសពីគ្មានដែនកំណត់ទៀត”។
ពាក្យមួយឃ្លានេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភាន់ច្រឡំ។ តើភាពអស់កល្បជានិច្ច មិនមែនជារយៈពេលយូរបំផុតដែលយើងអាចទៅដល់ទេឬ? តើធ្វើដូចម្តេច ឲ្យអាចមានអ្វីមួយ ដែល “វែងជាង” ភាពអស់កល្បជានិច្ច? លោកអៀន ស្ទូវើត(Ian Stewart) ជាអ្នកប្រាជ្ញគណិតវិទ្យា បានដកស្រង់ទ្រឹស្តីរបស់អ្នកប្រាជ្ញទស្សនវិជ្ជាក្រិកបុរាណថា នៅបន្ទាប់ពីភាពអស់កល្បជានិច្ច គឺមានភាពអស់កល្បជានិច្ច ដែលធំជាងនេះទៀត ដែលចេះតែបន្តគ្នា ពីមួយទៅមួយទៀតឥតឈប់ឈរ។
ព្រះយេស៊ូវមិនបានមានបន្ទូលថា ពេលអស់កល្បជានិច្ច គឺជាពេលវេលាដែលបន្តពីមួយទៅមួយទៀតជាច្រើនដងនោះទេ តែព្រះអង្គបានមានបន្ទូលអំពីការអត់ទោស ដែលយើងត្រូវមានចំពោះអ្នកដទៃជាច្រើនលើកច្រើនសារ។ កាលសាវ័កពេត្រុសសួរព្រះអង្គ អំពីការអត់ទោសឲ្យអ្នកដទៃ គាត់ទូលសួរព្រះអង្គថា “ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី?” ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា “ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត”(ម៉ាថាយ ១៨:២១-២២)។ ព្រះយេស៊ូវក៏បានមានបន្ទូលអំពីរឿងប្រៀបប្រដូច ដោយប្រៀបធៀបអ្នកបម្រើដែលមានសេចក្តីមេត្តា និងអ្នកបម្រើដែលគ្មានសេចក្តីមេត្តា ដើម្បីបង្រៀនថា នៅពេលដែលនរណាម្នាក់ពិតជាសោកស្តាយចំពោះកំហុសរបស់ខ្លួន ព្រះអង្គមិនបានកំណត់ថា យើងអាចអត់ទោសឲ្យគេបានតែប៉ុន្មានដងនោះឡើយ។ តែយើងត្រូវអត់ទោសឲ្យអ្នកដទៃ ដូចដែលព្រះទ្រង់បានអត់ទោសឲ្យយើងដែរ(ខ.៣៣)។ គឺអត់ទោសឲ្យគេម្តងហើយម្តងទៀត ដោយគ្មានកំណត់។
ការអត់ទោសឲ្យគេដូចនេះ ហាក់ដូចជាលើសពីលទ្ធភាពដែលយើងអាចធ្វើបាន។ ហេតុនេះហើយយើងចាំបាច់ត្រូវទូលសូមជំនួយមកពីព្រះអង្គ។ ទាល់តែយើងពឹងផ្អែកកម្លាំងមកពីព្រះអង្គ ទើបយើងអាចធ្វើបាន។ មនុស្សដែលបានទទួលការអត់ទោសបាបពីព្រះ ក៏អត់ទោសឲ្យអ្នកដទៃផងដែរ។ គឺអត់ទោសឲ្យគេ ដោយគ្មានកំណត់។—Elisa Morgan
តើនរណាខ្លះចង់បានការអត់ទោសរបស់អ្នក? តើការអត់ទោសឲ្យអ្នកដទៃ តាមរបៀបដែលគោរពពួកគេ និងថ្វាយព្រះកិត្តិនាមដល់ព្រះ មានន័យដូចម្តេចចំពោះអ្នក?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យមានចិត្តសប្បុរស និងមានប្រាជ្ញា ក្នុងការអត់ទោសឲ្យអ្នកដទៃ ដូចដែលព្រះអង្គបានអត់ទោសឲ្យទូលបង្គំ។
Visit ODBU.org/SF107 to learn more about how to find the strength to forgive others and how this can bring you peace.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៦-១៨ និង លូកា ១៧:២០-៣៧