«ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា “ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ”» (អេសេគាល ៤៨:៣៥)។
រឿងល្អបំផុតមិនទាន់កើតឡើងនៅឡើយទេ។
ពួកអ៊ីស្រាអែលត្រូវគេនិរទេសអស់រយៈពេល៦ទសវត្សរ៍ បន្ទាប់ពីស្ដេច ស៊ីរូស នៃចក្រភពពើស៊ីឡើងកាន់អំណាចក្នុងសតវត្សរ៍ទី៦ មុនគ.ស។ មិនយូរប៉ុន្មាន ស្ដេចអង្គនេះបានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលជាឈ្លើយសឹកមួយចំនួនវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ លោក អែសរ៉ា និងលោក នេហេមា ក៏បានដឹកនាំបណ្តាជនដោយមានក្តីសង្ឃឹម ក្នុងដំណើរវិលត្រឡប់ទៅវិញ និងការសាងសង់ព្រះវិហារ ព្រមទាំងជួសជល់កំផែងទីក្រុងយេរូសាឡឹមឡើងវិញ។
ពួកអ្នកវិលត្រឡប់មកវិញមានចំនួនតិច ហើយក៏បានប្រឈមមុខដាក់ការប្រឆាំងជាច្រើន។ ពួកគេមានភាពជោគជ័យក្នុងការប្រឹងប្រែងរបស់ខ្លួន តែពួកគេមិនទាន់មានជ័យជម្នះពិតប្រាកដទេ។ តាមពិត ពួកដែលមានវ័យចាស់ជាង និងមានប្រាជ្ញាជាងបានទួញយំ នៅពេលដែលពួកគេចាក់គ្រឹះព្រះវិហារ ព្រោះពួកគេដឹងថា ព្រះវិហារដែលពួកគេកំពុងសាងសង់ មិនមែនជាអ្វីដែលពួកហោរាបានរំពឹងគិតនោះទេ (អែសរ៉ា ៣:១០-១២)។
ក្តីប្រាថ្នារបស់អ្នកដែលបានទួញយំនោះ គឺបានឆ្លុះបញ្ចាំងអំពីការថ្លែងទំនាយចុងក្រោយរបស់ហោរា អេសេគាល ដែលផ្តល់ឲ្យនូវក្តីសង្ឃឹមដ៏ធំថា ថ្ងៃណាមួយ ព្រះវិហារថ្មីនឹងត្រូវគេសាងសង់ឡើង ក្នុងទីក្រុងយេរូសាឡឹមដែលមានទំហំធំជាងមុន។ ព្រះវិហារនោះនឹងមានភាពអស្ចារ្យជាងព្រះវិហារទីមួយ ដែលគេធ្លាប់បានឃើញ ហើយព្រះអង្គនឹងគង់នៅក្នុងសំណង់ព្រះវិហារដ៏អស្ចារ្យនោះ ដែលមានទន្លេហូរចេញមកនាំមកនូវជីវិតអស់កល្បដល់លោកីយ៍ (អេសេគាល ៤០-៤៨)។
ពួកអ៊ីស្រាអែលដឹងថា អ្វីដែលពួកគេកំពុងសាងសង់មិនមែនជាព្រះវិហារដែលហោរា អេសេគាល បានថ្លែងទំនាយទុកនោះទេ។ ពោលគឺមិនសូវដូចគ្នា។ ហើយការវិលត្រឡប់របស់ពួកគេពីចក្រភពបាប៊ីឡូនទៀតសោតក៏មិនមែនជាការវិលត្រឡប់ដ៏ធំសម្បើម ដែលហោរាបានថ្លែងទំនាយនោះដែរ។ ពួកគេមិនគ្រាន់តែត្រូវគិត អំពីទីក្រុងរបស់ពួកគេ និងការសាងសង់ព្រះវិហារឡើងប៉ុណ្ណោះឡើយ។ និយាយឲ្យខ្លី ហោរា អេសេគាល កំពុងថ្លែងទំនាយអំពីការមកដល់នៃនគរព្រះដែលប្រសើរលើសការយល់ដឹងរបស់គាត់។
ក្នុងកណ្ឌគម្ពីរវិវរណៈ លោក យ៉ូហាន បានពិពណ៌នាអំពីការបើកសម្ដែងឲ្យឃើញនគរស្ថានសួគ៌ ដែលផ្តល់ឲ្យនូវការយល់ដឹងបន្ថែមទៀត គឺការយល់ដឹងអំពីនគរព្រះ។ ផែនការរបស់ព្រះមិនបានរាប់បញ្ចូលតែពួកអ៊ីស្រាអែលផ្តាច់មុខនោះទេ តែក៏បានរាប់បញ្ចូលជាតិសាសន៍ជាច្រើនទៀត។ ព្រះអង្គបានប្ដេជ្ញាព្រះទ័យថា នឹងរំដោះមនុស្សឲ្យរួចពីផលវិបាកនៃអំពើបាប ហើយធ្វើឲ្យលោកីយ៍ទាំងមូលមានភាពថ្មីឡើង។ មនុស្សជាតិនឹងបានដឹងអំពីអត្ថន័យនៃការរស់នៅក្នុងព្រះវត្តមានព្រះអង្គជាប់ជានិច្ច ក្នុងទីក្រុងដែលមានឈ្មោះថា «ព្រះអម្ចាស់គង់នៅទីនោះ»។ ព្រះអង្គនឹងគង់នៅក្នុងចំណោមយើង ហើយជីវិតនឹងបង្ហូរចេញពីព្រះអង្គទៅដល់អ្នកជឿទាំងអស់ «យ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ…ខ្ញុំមិនឃើញមានព្រះវិហារណានៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទសម្រាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ» (វិវរណៈ ២១:២, ២២-២៣)។
យើងក៏រស់នៅ ដោយមើលទៅពេលអនាគត ដូចពួកអ៊ីស្រាអែលនៅសម័យមុនផងដែរ។ គឺមើលទៅមុខ ដោយការរំពឹងគិតអំពីការយាងមកដល់របស់មហាក្សត្រ និងការសម្រេចនូវសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ យើងនឹងបានចូលរួមជាមួយព្រះយេស៊ូវក្នុងនគរព្រះអង្គ និងបានដកពិសោធន៍ជាមួយនឹងក្តីអំណរដែលបានមកពីការនៅជាប់នឹងព្រះអង្គ។ ចូរកុំវីវក់នឹងការស្វែងរកទ្រព្យសម្បត្តិក្នុងជីវិតនេះ ឬមានភាពអស់សង្ឃឹម ដោយសារការខកចិត្តពីមួយពេលទៅមួយពេលនោះឡើយ។ យើងនឹងមានថ្ងៃល្អបំផុតក្នុងនគរព្រះ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសេគាល ៤៧:១-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាស្ដា ១-៣ និងវិវរណៈ ១០