សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​ស្ថេរ​ជានិច្ច

បរិ​ទេវ ៣:១៩-២៦

ឯ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​។ បរិ​ទេវ ៣:២២

កាល​ឪពុក​របស់​ចូ​ស៊ី(Josie) ដែល​មាន​វ័យ​ចាស់ជរា ផ្លាស់​ប្តូរ​ទីលំនៅ មក​រស់នៅ​ជាមួយ​នាង នាង​មាន​អារម្មណ៍​ថា ពិបាក​ជា​ពន់​ពេក ក្នុង​ការ​ថែរក្សា​សុខ​ភាព​របស់​គាត់ ដែល​នាង​ចាំបាច់​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​។ ថ្នាំ​ពេទ្យ​ដែល​នាង​ត្រូវ​ទិញ មាន​តម្លៃ​ថ្លៃ​។ ការងារ​ថែទាំ​គាត់ និង​ប្រាជ្ញា​ដែល​នាង​ត្រូវ​ការ ក្នុង​ការ​សម្រេច​ចិត្ត នៅពេល​ដែល​ស្ថានភាព​ជំងឺ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ ក្រៅពី​ការងារ​ពេញ​ពេល​ដទៃ​ទៀត​ដែល​នាង​ត្រូវ​ធ្វើ កំពុងតែ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ហត់​នឿយ​កាន់តែ​ខ្លាំង​។ នាង​ក៏​បាន​និយាយ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​បន្ត​ប្រមែ​ប្រមូល និង​បញ្ចេញ​កម្លាំង ធនធាន​ជាក់​ស្តែង ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​បាន?”

ចូ​ស៊ី​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម ក្នុង​កណ្ឌ​គម្ពីរ​បរិ​ទេវ ជា​កណ្ឌ​ដែល​បាន​ចែង​អំពី​ទុក្ខសោក​របស់​ហោរា​យេរេមា និង​រាស្រ្ត​របស់​ព្រះ​។ ចក្រភព​បាប៊ីឡូន​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ហើយ​ជនជាតិ​យូដា​មិន​ដឹង​ថា ពួកគេ​នឹង​មាន​ទុក្ខ​លំបាក​យ៉ាងណា ក្នុង​ការ​និរទេស​នៅពេល​ខាង​មុខ​ទេ​។ ពួក​គេ​បាន​ជួប​ទុក្ខ​លំបាក​ដ៏​លើសលប់ តែ​ព្រះ​ទ្រង់​បាន​សន្យា​ថា “កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ‌​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ”(បរិ​ទេវ ៣:២២)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​នៅតែ​មាន​សម្រាប់​ពួកគេ តាម​សេចក្តី​សញ្ញា​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​ពួកគេ ទោះ​ពួកគេ​មិន​បាន​រស់នៅ​ក្នុង​ទឹកដី​សន្យា​ទៀត​ក៏ដោយ ព្រោះ “ឯ​សេចក្ដី​មេត្តា‌​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(ខ.២២)។

សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​កូន​របស់​ព្រះអង្គ គ្មាន​ដែន​កំណត់​ឡើយ​។ ចូ​ស៊ី​ក៏បាន​និយាយ​តាម ខ.២៤ ថា “ព្រះ‌​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់ ដូច​នេះ ខ្ញុំ​អាច​ប្រមែប្រមូល និង​លះបង់​កម្លាំង និង​ធនធាន ដើម្បី​ឪពុក​របស់​ខ្ញុំ តាម​ដែល​ចាំបាច់ ព្រោះ​ខ្ញុំ​អាច​ទទួល​កម្លាំង​ពី​ព្រះអង្គ ហើយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​មិន​ដែល​ផុត​ឡើយ”។

ពេលណា​យើង​ស្តាប់​បង្គាប់​ព្រះ យើង​អាច​មាន​ក្តី​សង្ឃឹម ក្នុង​ការ​រស់នៅ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​នៅពេល​អនាគត​ក៏ដោយ​។ ដោយ​ប្រាជ្ញា​ដ៏​ឥត​ខ្ចោះ ព្រះ​អង្គ​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី ហើយ​នឹង​ផ្គត់ផ្គង់​យើង តាម​​បំណង​ព្រះទ័យ​របស់​ព្រះអង្គ​។—Karen Huang

តើ​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ បាន​នាំ​ឲ្យ​អ្នក​មាន​ការ​កម្សាន្ត​ចិត្ត និង​ទំនុក​ចិត្ត​យ៉ាងណា​ខ្លះ?
តើ​អ្នក​អាច​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ព្រះអង្គ ក្នុង​ការ​ផ្គត់ផ្គង់​អ្វី​ដែល​អ្នក​ត្រូវ​ការ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មាន​ក្តី​សង្ឃឹម នៅ​ក្នុង​ព្រះអង្គ​។ ទូល​បង្គំ​នឹង​រង់​ចាំ​ព្រះ​អង្គ​យាង​មកវិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨

More articles