ទូល​សូម ឲ្យ​បាន​ត្រឹម​ត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​មិន​បាន​អ្វី​សោះ ពីព្រោះ​មិន​សូម អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សម្រើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:២-៣)។

លោក​អ្នក​កំពុងតែ​ចូល​ទៅ​កាន់​ស្ដេចដោយ​មាន​ការទូលសូម​ជា​ច្រើនដ្បិត​ទ្រង់​ពេញ​ដោយ​ព្រះគុណ​ និង​អំណាចគ្មាន​អ្នកណា​អាច​សូមលើស​នោះ​ទេ1

ទំនុក​សកល​ដែល​លោក ចន ញូតុន (John Newton) បាន​និពន្ធ បាន​រំឭក​យើង​អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ដែល​បាន​ចែងថា «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន» (ម៉ាកុស ១១:២៤)។ នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេស៊ូវ​ក៏​បាន​បង្រៀន​ពួក សាវ័ក ផង​ដែរ​ថា «ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត» (ម៉ាថាយ ៧:១១)។ យើង​អាច​ចូល​ទៅ​រក​ព្រះ​អង្គ ហើយ​ទូល​សូម​របស់​ល្អ​ពី​ព្រះ​អង្គ។ ទោះ​យើង​ទូល​សូម​ព្រះ​អង្គ​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ច្រើន​ពេក​សម្រាប់​ព្រះ​អង្គ​ឡើយ។ តែ​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែង​ថា មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​អំណោយ​ទាំង​នោះ​មកពី​ព្រះ​វរបិតា ដោយ​សារ​យើង​មិន​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ហើយ​គ្រាន់​តែ​ទូល​សូម។ ពុំ​នោះ​ទេ យើង​ទូល​សូម​ដែរ តែ​យើង​ទូល​សូម​អ្វី​ដែល​មិន​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ គឺ​យើង​ចង់​ទទួល​ពី​ព្រះ​អង្គ ដើម្បី​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង ដើម្បី​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង តែ​មិន​មែន​ដើម្បី​បម្រើ​ព្រះ​អង្គ។

ពេល​ណា​យើង​ពិចារណា​អំពី​ការ​បង្រៀន​របស់​ព្រះ​អង្គ​អំពី​ការ​អធិស្ឋាន យើង​រក​ឃើញ​ថា យើង​ត្រូវ​តែ​ទូល​សូម ហើយ​សូម​ដោយ​ការ​បន្ទាប​ខ្លួន និង​សេចក្តី​ស្រឡាញ់ និង​ដោយ​ការ​យល់​ដឹង​ថា ព្រះ​អង្គ​មាន​អធិបតេយ្យ​ភាព ហើយ​យើង​ត្រូវ​មាន​ចិត្ត​ចង់​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​បាន​សម្រេច។ កាល​ព្រះ​យេស៊ូវ​នៅ​សួន​ច្បារ​គេតសេម៉ានី ព្រះ​អង្គ​បាន​អធិស្ឋាន​ថា «ឱអ័ប្បា ព្រះ​វរបិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​វិញ» (ម៉ាកុស ១៤:៣៦)។ ចូរ​យើង​មើល​តុល្យភាព​ត្រង់​ចំណុច​នេះ។ ព្រះ​យេស៊ូវ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​មក​លើ​ព្រះ​ចេស្ដា​ព្រះ​វរបិតា ហើយ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ក្លាហាន ក្នុង​ការ​ទូល​សូម​ព្រះ​វរបិតា​ធ្វើ​ការ​អ្វី ដែល​មនុស្ស​ធ្វើ​មិន​បាន តែ​ព្រះ​អង្គ​ក៏​បាន​បង្ហាញ​ការ​ចុះ​ចូល​ទាំង​ស្រុង ចំពោះ​បំណង​ព្រះទ័យ​ព្រះ​វរបិតា។ ព្រះ​វរបិតា​ដែល​មាន​អធិបតេយ្យ​ភាព មិន​មាន​គោល​បំណង​ដក​ពែង​នោះ​ចេញ តាម​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​ទេ។ មិន​មែន​ដោយ​សារ​ព្រះ​គ្រីស្ទ​មិន​មាន «ជំនឿ​គ្រប់​គ្រាន់» ដើម្បី​ឲ្យ​រឿង​នេះ​អាច​កើត​ឡើង​នោះ​ឡើយ។ ដូច​គ្នា​នេះ​ដែរ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ​មិន​បាន​រា​រាំង តែ​បាន​គ្រប់​គ្រង​ដោយ​សេចក្តី​មេត្តា​មក​លើ​ភាព​ក្លាហាន ភាព​ដូច​កូន​ក្មេង និង​ភាព​ក្លៀវក្លា ដែល​យើង​បាន​បង្ហាញ ពេល​យើង​ទូល​សូម​ព្រះ​អង្គ​ធ្វើ​ការ​អ្វី​ដែល​មនុស្ស​ធ្វើ​មិន​បាន។

ក្នុង​នាម​យើង​ជា​កូន​ព្រះ​អង្គ យើង​អាច​ចូល​មក ដោយ​ចិត្ត​ក្លាហាន នៅ​ចំពោះ​ព្រះ​វរបិតា ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​សម្រេច​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ ហើយ​អ្វី​ដែល​អ្នក​ទូល​សូម​គឺ​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ អ្នក​អាច​យក​គំរូ​តាម​ព្រះ​យេស៊ូវ​ដោយ​លះបង់​បំណង​ចិត្ត​របស់​អ្នក នៅ​ចំពោះ​អធិបតេយ្យ​ភាព​របស់​ព្រះ​វរបិតា​ដែល​មាន​សេចក្តី​ស្រឡាញ់។ ពេល​ណា​អ្នក​ទុក​ចិត្ត​ថា ព្រះ​អង្គ​ធ្វើ​ការ​ត្រឹម​ត្រូវ តាម​របៀប​ត្រឹម​ត្រូវ នោះ​អ្នក​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​តែង​តែ​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច។ គ្មាន​ការ​ទូល​សូម​ណា​មួយ​ដែល​ធំ​ពេក​សម្រាប់​ព្រះ​អង្គ​ឡើយ។ ដូច​នេះ ចូរ​យើង​ទូល​សូម​ព្រះ​អង្គ!

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៨:១-៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ១-២ និង​វិវរណៈ ១៤

1លោក John Newton, “Come, My Soul, Thy Suit Prepare” (ឆ្នាំ១៧៧៩)។

More articles