នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ត្រៀមខ្លួនជាស្រេច

ត្រៀមខ្លួនជាស្រេច

ដោយAnne Cetas

June 11, 2025

២កូរិនថូស ៥:១-១០
ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះ‌ហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី។
២កូរិនថូស ៥:៩
អ្នកស្រីបេតធី(Betty) បានចាប់ផ្តើមដើរតាមព្រះយេស៊ូវ កាលគាត់ស្ថិតក្នុងវ័យជំទង់ ហើយក៏បានឆក់ឱកាសពេញមួយជីវិតគាត់ ដើម្បីបម្រើ និងផ្គាប់ព្រះទ័យព្រះអង្គ។ គាត់បានចូលរួមការសិក្សាព្រះគម្ពីរប៊ីប កម្មវិធីថ្វាយបង្គំ និងការជួបជុំគ្នាអធិស្ឋាន។ គាត់បានបង្រៀនព្រះគម្ពីរ និងទៅដល់កន្លែងដែលបេសកជនកំពុងធ្វើការបម្រើព្រះ។ គាត់បានធ្វើការនៅកន្លែងថែទាំកុមារតូចៗ និងបានធ្វើការបម្រើព្រះជាដៃគូរជាមួយស្វាមីរបស់គាត់ជាគ្រូគង្វាល ហើយគាត់ចូលចិត្តចំណាយពេលជាមួយរាស្រ្តរបស់ព្រះ ឲ្យតែមានពេល។ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺនៅពេលដែលគាត់មានអាយុ១០២ឆ្នាំ គាត់នៅតែត្រៀមខ្លួនជានិច្ច ដើម្បីធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យគាត់ធ្វើ។ គំរូរបស់គាត់បានលើកទឹកចិត្តមនុស្សជាច្រើន ដែលមិនចង់មានការជួបជុំគ្នាជាមួយអ្នកជឿដទៃទៀត នៅពេលខ្លះ។ អ្នកទាំងនោះក៏ប្រែជាចង់មានការជួបជុំគ្នាជាមួយគាត់ផងដែរ។ សព្វថ្ងៃនេះ គាត់ពិតចង់ទៅរស់នៅជាមួយព្រះអង្គសង្គ្រោះរបស់គាត់ នៅនគរស្ថានសួគ៌។ គាត់មានប្រសាសន៍ថា “ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីជួបព្រះយេស៊ូវ។ ខ្ញុំស្រឡាញ់ព្រះអង្គណាស់”។
សាវ័កប៉ុលមានប្រសាសន៍ថា គាត់ “សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង”(២កូរិនថូស ៥:៨)។ តែគាត់ក៏ដឹងដែរថា ព្រះទ្រង់មានកិច្ចការសម្រាប់ឲ្យគាត់ធ្វើ ដើម្បីលើកទឹកចិត្តអ្នកជឿដទៃទៀត នៅក្នុងពួកជំនុំជាច្រើនកន្លែង(ភីលីព ១:២៣-២៤)។ ដូចនេះ គាត់ក៏បានបន្តបម្រើ និងរស់នៅ “ដោយជំនឿ” មិនមែន “ដោយការមើលឃើញ”នោះទេ(២កូរិនថូស ៥:៧)។ សាវ័កប៉ុលតែងតែត្រៀមខ្លួនជាស្រេច ហើយបន្តបម្រើព្រះតាមការដឹកនាំរបស់ព្រះអង្គ។ 
ទោះយើងស្ថិតក្នុងវ័យណា ឬដំណាក់កាលណា ក្នុងជីវិតរបស់យើងក៏ដោយ ចូរយើងទូលសូមព្រះជួយយើងឲ្យចងចាំក្នុងចិត្តថា គោលដៅនៃការរស់នៅរបស់យើង គឺដើម្បីផ្គាប់ព្រះទ័យព្រះគ្រីស្ទ(ខ.៩) ហើយត្រៀមខ្លួនជាស្រេច ដើម្បីទៅរស់នៅជាមួយព្រះអង្គ។ អ្នកស្រីបេតធីបានត្រៀមខ្លួនរួចហើយ។ ហើយគាត់នឹងឈប់ត្រៀមខ្លួនទៀត នៅពេលដែលគាត់បានទៅជួបព្រះយេស៊ូវ មុខទល់នឹងមុខ។—Anne Cetas

តើអ្នកអាចឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់យ៉ាងដូចម្តេចខ្លះ? 
តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីទៅរស់នៅនគរស្ថានសួគ៌? 
ឱព្រះអម្ចាស់ ទូលបង្គំស្រឡាញ់ព្រះអង្គ អស់ពីចិត្ត ហើយចង់រស់នៅ ក្នុងជីវិតដែលគាប់ព្រះទ័យព្រះអង្គ។ 
ទូលបង្គំទន្ទឹងរង់ចាំជួបព្រះអង្គ ក្នុងពេលឆាប់ៗ។ 
Visit ODBU.org/SF010 to learn more about finding and following your God-given calling.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២
 

ល្ងាច

ត្រចៀក​ដែល​ត្រៀម​ស្តាប់​ព្រះ​សូរសៀង​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ត្រចៀក​ដែល​ត្រៀម​ស្តាប់​ព្រះ​សូរសៀង​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 11, 2025

«ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ សុល ជា​អ្នក​ស្រុក​តើសុស​នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល​គាត់​កំពុង​តែ​អធិស្ឋាន» (កិច្ចការ ៩:១១)។
ព្រះ​គម្ពីរ​បាន​ចែង​អំពី​លោក អាន្ន៉ានាស នៅ​ក្នុង​បទ​គម្ពីរ​កិច្ចការ​ជំពូក៩ តែ​ក្រោយ​មក​ក៏​បាន​និយាយ​អំពី​គាត់​តែ​បន្តិច​ប៉ុណ្ណោះ (កិច្ចការ ២២:១២)។ ផ្អែក​ទៅ​លើ​សេចក្តី​ដែល​បាន​ចែង​អំពី​គាត់ គាត់​មិន​មែន​ជា​បុរស​អស្ចារ្យ​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ធំ​ឧត្តម​តាម​ស្តង់ដារ​របស់​លោកីយ៍​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អម្ចាស់​បាន​ទត​ឃើញ​គាត់​មាន​ដួង​ចិត្ត​ស្មោះ​ត្រង់ ហើយ​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​គាត់ តាម​របៀប​ដ៏​អស្ចារ្យ​ក្នុង​ដំណើរ​រឿង​ការ​ប្រែ​ចិត្ត​របស់​លោក សូល (ដែល​ក្រោយ​មក ក៏​បាន​ក្លាយ​ជា​សាវ័ក ប៉ុល)។ 
មិន​ខុស​ពី​លោក អាន្ន៉ានាស ទេ អ្នក​ប្រហែល​ជា​មិន​បាន​ធ្វើ​ការ​ធំ​ឧត្តម​ក្នុង​ជីវិត មិន​បាន​ទៅ​កន្លែង​អស្ចារ្យ ឬ​មិន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទេ។ ប៉ុន្តែ ព្រះ​អម្ចាស់​មាន​ព្រះ​រាជ​កិច្ច​ដែល​ត្រូវ​ដាក់​ព្រះ​ហស្ត​លើ​បុគ្គល​មួយ​ចំនួន ហើយ​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ ផ្នែក​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​មិន​ខុស​ពី​លោក អាន្ន៉ានាស ទេ គឺ​យើង​ត្រូវ​ប្រុង​ត្រចៀក​ស្តាប់ ហើយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​នៃ​យើង។ 
ខ​គម្ពីរ​នេះ​មិន​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​របៀប​ដែល​ព្រះ​អង្គ​មាន​បន្ទូល​មក​លោក អាន្ន៉ានាស ទេ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​របៀប​ដែល​គាត់​ឆ្លើយ​តប​ព្រះ​អង្គ​ថា «ព្រះ​ករុណាវិសេស​ព្រះ​អម្ចាស់»។ ត្រចៀក​របស់​គាត់​បាន​ប្រុង​ប្រៀប​ស្តាប់​ព្រះ​សូរសៀង​របស់​ព្រះ។ ចុះ​ចំណែក​អ្នក​វិញ? តើ​អ្នក​ស្តាប់​ព្រះ​អម្ចាស់ មាន​បន្ទូល​តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ​ទេ? តើ​ចិត្ត​របស់​អ្នក​បាន​ត្រៀម​ហើយ​ឬ​នៅ ដើម្បី​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ដោយ​ទូល​ព្រះ​អង្គ​ថា «ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់»?
យើង​នឹង​បាន​ដឹង​ថា ការ​ឆ្លើយ​តប​របស់​លោក អាន្ន៉ានាស ចំពោះ​ព្រះ គឺ​គួរ​ឲ្យ​កត់​សម្គាល់​ណាស់ នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​ធ្វើ ហើយ​ធ្វើ​សម្រាប់​នរណា។ គាត់​បាន «ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​នៅ​ក្រុង​យេរូសាឡឹម»។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា នៅ​ទីនេះ​លោក សូល ក៏​មាន​អំណាច...ចាប់​ចង​នូវ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់​ដែរ» (កិច្ចការ ៩:១៣-១៤)។ ប៉ុន្តែ គាត់​បាន​ស្ម័គ្រ​ចិត្ត​ស្តាប់​បង្គាប់​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ ទោះ​មាន​ការ​ភ័យ​ខ្លាច ឬ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោក សូល និង​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ក៏​ដោយ។ គាត់​បាន​ឮ​សម្លេង​ព្រះ​អង្គ ហើយ​ក៏​បាន​អនុវត្ត​តាម។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ដោះសា​ចំពោះ​ភាព​អសកម្ម​របស់​យើង​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ការ​ភ័យ​ខ្លាច ឬ​រស់​នៅ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ពេក ដោយ​ភ្លេច​ថា «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ» (២ធីម៉ូថេ ១:៧)? លោក អាន្ន៉ានាស បាន​បង្ហាញ​ចេញ​នូវ​វិញ្ញាណ​មាន​អំណាច​នេះ តាម​រយៈ​ការ​ស្តាប់​បង្គាប់​របស់​គាត់។ 
វប្បធម៌​របស់​យើង​ឲ្យ​តម្លៃ​មក​លើ​កេរ្តិ៍​ឈ្មោះ​ល្បី ភាព​ជោគជ័យ និង​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​បាន​ឲ្យ​តម្លៃ​មក​លើ​ចំណុច​ទាំង​អស់​នេះ​ទេ។ លោក អាន្ន៉ានាស មិន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ឬ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ទេ គាត់​គ្រាន់​តែ​មាន​ត្រចៀក​ដែល​បើក​ចំហ​សម្រាប់​ព្រះ​សូរសៀង​របស់​ព្រះ ហើយ​មាន​ចិត្ត​ដែល​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ការ​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ជីវិត​ដែល​មាន​ការ​លះបង់ ដែល​មាន​ប្រយោជន៍​ចំពោះ​ការ​បម្រើ​ព្រះ។ រហូត​មក​ដល់​ពេល​នោះ​បាន​សេចក្តី​ថា គាត់​ជា​មនុស្ស​ទី​មួយ​ដែល​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះ​ដល់​លោក សូល ខណៈ​ពេល​ដែល​គាត់​ឈោង​ទៅ​រក និង​ហៅ​គាត់​ថា «បង​ប្រុស» (កិច្ចការ ៩:១៧)។
ហើយ​ទោះ​គាត់​ជា​តួ​អង្គ​តូច​មួយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ មាន​ការ​ជា​ច្រើន​ដែល​យើង​អាច​រៀន​សូត្រ​ពី​គាត់។ គេ​ប្រហែល​ជា​ទទួល​ស្គាល់​អ្នក​តិច​តួច ឬ​មិន​បាន​ទទួល​ស្គាល់​សោះ​សម្រាប់​ភាព​ស្មោះ​ត្រង់ ដែល​អ្នក​មាន​ចំពោះ​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​នេះ។ អ្នក​ប្រហែល​ជា​បាន​ប្រថុយ​គ្រោះ​ថ្នាក់ ហើយ​ធ្វើ​ការ​លះបង់​ក្នុង​ការ​បម្រើ​ព្រះ​អង្គ ហើយ​មាន​អារម្មណ៍​ថា អ្នក​មិន​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ឬ​គ្មាន​នរណា​ម្នាក់​កត់​សម្គាល់​សោះ។ ប៉ុន្តែ អ្នក​អាច​មើល​ឆ្ពោះ​ទៅ​រក​ពេល​ដែល​អ្នក​នឹង​បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល​ថា «ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ» (ម៉ាថាយ ២៥:២១)។ ខណៈ​ពេល​ដែល​អ្នក​ចូល​នគរ​ស្ថាន​សួគ៌ គឺ​ជា​ការ​ទទួល​ស្គាល់​ដែល​មាន​តម្លៃ​លើស​ការ​ទទួល​ស្គាល់​ទាំង​អស់​ដែល​មនុស្ស​អាច​ផ្តល់​ឲ្យ​អ្នក។ ការ​ល្អ​ដែល​អ្នក​ធ្វើ​ក្នុង​ការ​បម្រើ​ព្រះ​អង្គ​នឹង​មិន​ឥត​ប្រយោជន៍​ឡើយ។ ព្រះ​អង្គ​នឹង​បញ្ចូល​ការ​ល្អ​ដែល​អ្នក​បាន​ធ្វើ​ថ្វាយ​ព្រះ​អង្គ ចូល​ទៅ​ក្នុង​រឿង​ដ៏​ធំធេង​នៃ​សេចក្តី​សង្គ្រោះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៦:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ១៨-១៩ និង​ម៉ាថាយ ២៣:២៣-៣៩

ប្រភេទ