នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ទម្លាប់នៃការរស់នៅ និងព្រះវិញ្ញាណបរិសុទ្ធ

ទម្លាប់នៃការរស់នៅ និងព្រះវិញ្ញាណបរិសុទ្ធ

ដោយKaren Pimpo

July 16, 2025

រ៉ូម ១២:‌១-១៣
ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២
កាលពេទ្យធ្មេញកំពុងសម្អាតធ្មេញឲ្យខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកបានចម្រើនវ័យធំឡើង នៅក្នុងទីក្រុងនេះមែនទេ?” ខ្ញុំពិបាកឆ្លើយសំណួរគាត់ ខណៈពេលដែលឧបករណ៍របស់គាត់ស្ថិតនៅក្នុងមាត់ខ្ញុំនៅឡើយ។ គាត់បានពន្យល់ខ្ញុំថា កាលពីឆ្នាំ១៩៤៥ ទីក្រុងរបស់យើងបានក្លាយជាទីក្រុងដំបូង ក្នុងប្រវត្តិសាស្រ្ត ដែលបានដាក់សារធាតុផ្លូអ័រ៉ាយ ក្នុងប្រព័ន្ធចែកចាយទឹកផឹកសាធារណៈ។ គេបានគិតឃើញថា ជាតិផ្លូអ័រ៉ាយអាចជួយការពារការពុកធ្មេញបាន ដោយគេមិនតម្រូវឲ្យដាក់សារធាតុនេះច្រើនទេ គឺគ្រាន់ ០.៧ មីលីក្រាម នៅក្នុងទឹកមួយលីត្រ។ សម្រាប់អ្នកជំនាញដែលបានទទួលការបណ្ដុះបណ្តាល គេអាចយល់ច្បាស់ អំពីអត្ថប្រយោជន៍ជាវិជ្ជមានរបស់វាបាន។ ប៉ុន្តែ ខ្ញុំមិនបានដឹងសោះថា ខ្ញុំបានផឹកវាពេញមួយជីវិតខ្ញុំហើយ។ 
អ្វីៗដែលយើងប្រើជារៀងរាល់ថ្ងៃ អាចមានផលប៉ះពាល់មកលើយើង ក្នុងរយៈពេលវែង។ ការនេះមិនគ្រាន់តែសំដៅទៅលើអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ តែក៏សំដៅទៅលើការកម្សាន្ត មិត្តភក្តិ និងបណ្ដាញសង្គមផងដែរ។ សាវ័កប៉ុលបានដាស់តឿនយើងថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង” (រ៉ូម ១២:២)។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែកែប្រែពួកសាវ័ករបស់ព្រះយេស៊ូវ ឲ្យកាន់តែមានចារិតលក្ខណៈដូចព្រះអង្គ តែដំណើរការនៃការផ្លាស់ប្រែនេះត្រូវការពេលវេលា។ ទម្លាប់របស់យើងអាចរួមចំណែក ក៏ដូចជារារាំងព្រះរាជកិច្ចរបស់ព្រះអង្គ។ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការសំគាល់អ្វីៗដែលយើងកំពុងប្រើ ឲ្យដឹងថាល្អឬអាក្រក់ តែយើងអាចទូលសូមព្រះ ដែលមានប្រាជ្ញា និងព្រះដំរិះជាបរិបូរ ឲ្យបង្ហាញយើង (១១:៣៣)។ ប្រាជ្ញាមកពីព្រះអង្គជួយយើងឲ្យ “អាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ” (១២:២) ហើយទន្ទឹមនឹងនោះ យើងពិនិត្យមើលខ្លួនឯង ដោយ “គំនិតនឹងធឹង” (ខ.៣)។ 
ទោះព្រះអង្គបង្គាប់ឲ្យយើងបន្ថែម ឬដកចេញអ្វីក៏ដោយ ពីជីវិតរបស់យើង យើងចាំបាច់ត្រូវធ្វើតាមបំណងព្រះទ័យព្រះអង្គ។ “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់” (១១:៣៦)។ ដូចនេះ គ្មាននរណាដឹងច្បាស់ជាងព្រះអង្គឡើយ។—KAREN PIMPO

តើអ្នកមានទម្លាប់អ្វី ដែលបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតអ្នក? តើមានអ្វីដែលកំពុងរារាំងព្រះអង្គមិនឲ្យធ្វើការ? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនៅក្នុង និងតាមរយៈជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦

 

ល្ងាច

អាថ៌កំបាំង​នៃ​បំណង​ព្រះ​ទ័យ​ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អាថ៌កំបាំង​នៃ​បំណង​ព្រះ​ទ័យ​ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 16, 2025

«ព្រម​ទាំង​សម្ដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សម្រេច​ក្នុង​ព្រះអង្គ​ទ្រង់ សម្រាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន​សួគ៌ និង​របស់​នៅ​ផែន​ដី​ផង» (អេភេសូរ ១:៩-១០)។ 
នៅ​ពេល​ដែល​អ្នក​មើល​ទៅ​សំណង់​អគារ​ដែល​កំពុង​សាង​សង់​ថ្មី នៅ​ខាង​ក្រៅ អ្វីៗ​ដែល​កំពុង​មាន​ដំណើរ​ការ ដែល​មាន​រន្ទា និង​សំណាញ់ នៅ​ព័ទ្ធ​ពី​ខាង​ក្រៅ ហាក់​ដូច​ជា​អាថ៌កំបាំង​ណាស់។ អគារ​នោះ​កំពុង​តែ​ចេញ​រូប​រាង​បណ្ដើរៗ ប៉ុន្តែ​ក្រៅ​ពី​អ្នក​គូរ​ប្លង់ អ្នក​ផ្សេង​អាច​ពិបាក​ស្រមៃ​ថា លទ្ធផល​ចុង​ក្រោយ​នឹង​មាន​លក្ខណៈ​ដូច​ម្ដេច​ណាស់។ 
នៅ​ក្នុង​ការ​បើក​បង្ហាញ​សាច់​រឿង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អាថ៌កំបាំង​នៃ​បំណង​ព្រះ​ទ័យ​ព្រះ គឺ​ប្រៀប​ដូច​ជា​រន្ទា និង​សំណាញ់​ដែល​ព័ទ្ធ​ជុំ​វិញ​អគារ​ដែល​បាន​បិទ​បាំង​ផ្នែក​ខ្លះ​នៃ​រឿង​ក្នុង​ព្រះ​គម្ពីរ រហូត​ដល់ «វេលា​កំណត់​បាន​មក​ដល់» ដូច​ដែល​សាវ័ក ប៉ុល បាន​បង្រៀន (កាឡាទី ៤:៤)។ សូម្បី​តែ​កាល​ពួក​ហោរា​​ថ្លែង​ទំនាយ​អំពី​ព្រះ​ដែល​ត្រូវ​យាង​មក ពួក​គេ​មិន​អាច​យល់​ទាំង​ស្រុង​អំពី​អត្ថន័យ​នៃ​តម្រុយ ការ​ព្រលយ​ពាក្យ​នៅ​ក្នុង​សំណេរ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ (១ពេត្រុស ១:១០-១១)។ 
ក្នុង​ភាសា​ព្រះ​គម្ពីរ ពាក្យ «សេចក្តី​អាថ៌កំបាំង» មិន​មែន​ជា​ការ​ល្បង​ប្រាជ្ញា​ដែល​រង់​ចាំ​ឲ្យ​មនុស្ស​ស្វែង​រក​ចម្លើយ​ឲ្យ​ត្រូវ​តាម​ប្រាជ្ញា​របស់​ខ្លួន​នោះ​ទេ។ តាម​ពិត សេចក្តី​អាថ៌កំបាំង​រង់​ចាំ​ឲ្យ​ព្រះ​អម្ចាស់​បើក​សម្ដែង។ យើង​អាច​យល់​សេចក្តី​អាថ៌កំបាំង​ជា​ច្រើន​របស់​ព្រះ តាម​រយៈ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ក្នុង​ចិត្ត និង​គំនិត​យើង។ បើ​ព្រះអង្គ​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ទេ នោះ​យើង​ក៏​មិន​អាច​យល់​បាន​ដែរ។ 
បន្ទាប់​ពី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​អង្គ​មាន​ឱកាស​ឆ្លើយ​តប​ចំពោះ​អ្នក​ដំណើរ​ទៅ​ភូមិ​អេម៉ុស ដែល​កំពុង​មាន​ការ​ពិបាក​ចិត្ត។ ព្រះ​អង្គ​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់ និង​តាម​របៀប​យុទ្ធ​សាស្ត្រ (លូកា ២៤:១៨-២៧)។ ពី​ដំបូង ពួក​គេ​មើល​ព្រះ​អង្គ​មិន​ស្គាល់ បាន​ជា​ពួក​គេ​សួរ​ព្រះ​អង្គ​ថា «តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ»។ ព្រះ​អង្គ​ក៏​បាន​សួរ​ពួក​គេ​វិញ​ថា «តើ​ការ​អ្វី​ហ្នឹង?» ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​ទាញ​អារម្មណ៍​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ការ​អាថ៌កំបាំង។ បន្ទាប់​ពី​ពួក​គេ​បាន​ចែក​ចាយ​អំពី​រឿង​នៃ​ការ​ជាប់​ឆ្កាង និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ ព្រះ​អង្គ​ក៏​បាន​ប្រាប់​ពួក​គេ​ថា «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី​ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ តើ​មិន​គួរ​ឲ្យ​ព្រះ​គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី?» រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់​ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្តាប់​ចាប់​តាំងពី​គម្ពីរ​លោក ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក។
«ការ​អាថ៌កំបាំង​នៃ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ» គឺ​បាន និង​កំពុង​បើក​សម្ដែង ឲ្យ​រាស្ត្រ​ព្រះ​អង្គ​បាន​ដឹង ដើម្បី​ឲ្យ​ព្រះអង្គ​អាច «បង្រួប​បង្រួម​គ្រប់​ទាំង​អស់​នៅ​ក្នុង​ព្រះ​អង្គ»។ ថ្ងៃ​មួយ នៅ​ពេល​ដែល​រដូវ​កាល​ទាំង​អស់​ដែល​ព្រះ​វរបិតា​បាន​កំណត់ ដោយ​អំណាច​របស់​ព្រះ​អង្គ​បាន​ទៅ​ដល់​គោល​ដៅ​ហើយ កិច្ចការ​នៃ​ការ​បង្រួប​បង្រួម​នេះ​នឹង​មាន​ផ្លែ​ផ្កា។ ទី​បំផុត រន្ទា និង​សំណាញ់​ព័ទ្ធ​ជុំ​វិញ​អាគារ នឹង​ត្រូវ​បាន​ដោះ​ចេញ ហើយ​យើង​នឹង​ឃើញ​អាគារ​ទាំងមូល​ដែល​បាន​សាងសង់​ហើយ​ជា​ស្ថាពរ។ ទម្រាំ​ដល់​ថ្ងៃ​នោះ យើង​អាច​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​អម្ចាស់​ដែល​បាន​បើក​បង្ហាញ​សេចក្តី​អាថ៌កំបាំង​នៃ​សេចក្តី​សង្គ្រោះ​ដល់​យើង ហើយ​យើង​អាច​ដើរ​ដោយ​ការ​បម្រើ និង​សរសើរ​តម្កើង​ព្រះ​អង្គ​ដោយ​ទុក​ចិត្ត​ថា ទោះ​យើង​មិន​យល់​អំពី​ផែនការ ឬ​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​ចប់​សព្វ​គ្រប់ ព្រះ​ដែល​ជា​ស្ថាបត្យករ​កំពុង​ផ្សំ​ការ​ទាំង​អស់ ដើម្បី​ប្រយោជន៍​រាស្ត្រ​ព្រះ​អង្គ និង​ដើម្បី​សិរី​ល្អ​នៃ​ព្រះ​រាជបុត្រា​ព្រះអង្គ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ៥:១-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១៣-១៥ និង កិច្ចការ ១១

ប្រភេទ

ល្ងាច

បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 16, 2025

«រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ គេ​ក៏​ទុក​សំណាញ់​ចោល​ទៅ​តាម​ទ្រង់​ភ្លាម» (ម៉ាថាយ ៤:១៩-២០)។
នៅ​ពេល​ដែល​អ្នក​បាន​ទៅ​ដល់​កន្លែង​ណា​មួយ​ដូច​ជា ភោជនីយដ្ឋាន ការិយាល័យ​វេជ្ជ​បណ្ឌិត ឬ​ហាង​លក់​ទំនិញ​ធំៗ តើ​អ្នក​ធ្លាប់​បាន​សួរ​អ្នក​ធ្វើ​ការ​នៅ​ទីនោះ​ទេ​ថា ហេតុ​អ្វី​ពួក​គេ​ធ្វើ​ការងារ​ទាំង​នោះ? ពួក​គេ​ប្រហែល​ជា​កំពុង​ព្យាយាម​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ឬ​ប្រហែល​ពួក​គេ​មាន​ចំណូល​ចិត្ត​ចង់​ធ្វើ​ការងារ​នោះ​តាំង​ពី​ក្មេង​មក។ ក្នុង​ចំណោម​ចម្លើយ​ផ្សេងៗ​ដែល​ពួក​គេ​អាច​ប្រាប់​អ្នក ពេល​ខ្លះ​អ្នក​នឹង​បានឮ​គេ​ប្រាប់​ថា «ការងារ​នេះ​ជា​ការ​ត្រាស់​ហៅ​របស់​ខ្ញុំ»។ តាម​ពិត ពួក​គេ​បាន​បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ អំពី​ការ​បង្រៀន​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​អំពី​ការងារ​បម្រើ​ព្រះ។ ព្រះ​បាន​ត្រាស់​ហៅ​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ​ឲ្យ​រស់​នៅ​ដោយ​ការ​បម្រើ​ព្រះ​អង្គ។ គឺ​មិន​មែន​មាន​ន័យ​ថា មាន​តែ​អ្នក​ខ្លះ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ​អង្គ​នោះ​ទេ ប៉ុន្តែ​ការ​បម្រើ​ព្រះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​បង្កើត​សិស្ស​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ។ កាល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា «អ្នក​នេសាទ​មនុស្ស» គឺ​ព្រះ​អង្គ​កំពុង​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​មាន​ការងារ​មួយ​ឲ្យ​ពួក​គេ​ធ្វើ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ចំណែក​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ។ 
ទោះ​ព្រះ​អម្ចាស់​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ​ឲ្យ​បម្រើ​ការ​ជា​គ្រូ​អធិប្បាយ ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ព្រះ ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​សម្រាប់​យុវជន ជា​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​គ្រូ​កុមារ ជា​ស្មរ​បន្ទាល់​នៅ​ក្នុង​រោង​ចក្រ ឬ​នៅ​ការិយាល័យ ជា​ឪពុក​ម្តាយ​ចិញ្ចឹម​កូន​នៅ​ផ្ទះ ជា​កូន​ថែទាំ​ឪពុក​ម្តាយ​ចាស់​ជរា ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ ក៏​ការ​ត្រាស់​ហៅ​ឲ្យ​បម្រើ​សុទ្ធ​តែ​មាន​សម្រាប់​មនុស្ស​ម្នាក់ៗ​ស្មើៗ​គ្នា។ ការងារ​ជា «អ្នក​បម្រើ​ព្រះ​ពេញ​ពេល» និង «អ្នក​បម្រើ​ព្រះ​ពាក់​កណ្ដាល​ពេល» មាន​ភាព​ខុស​គ្នា​​នៅ​ត្រង់​តួនាទី​ប៉ុណ្ណោះ តែ​មាន​តម្លៃ​ស្មើ​គ្នា។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការងារ​ទាំង​នោះ​បាន​បម្រើ​ដល់​ព្រះ។ 
ក្នុង​ភាសា​ព្រះ​គម្ពីរ ការ​បម្រើ​មិន​មែន​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ថ្កុំ​ថ្កើង​នោះ​ទេ តែ​ការ​បម្រើ​គឺ​ជា​ភាព​ធំ​ប្រសើរ។ «ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាកុស ១០:៤៥)។ យើង​បម្រើ​ព្រះ ដោយ​ការ​លះបង់ មិន​មែន​សង្ឃឹម​ថា យើង​នឹង «បាន​ឡើង​តំណែង» ដូច​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​វិស័យ​អប់រំ ហើយ​យើង​បម្រើ​ព្រះ ក្នុង​ពេល​សព្វថ្ងៃ​ក៏​មិន​មែន​ដើម្បី​កុំ​ឲ្យ​ពិបាក​បម្រើ​ព្រះ​អង្គ​នៅ​ថ្ងៃ​ក្រោយ​នោះ​ឡើយ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «បើ​អ្នក​ណា​ចង់​ធ្វើ​លេខ១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ» (៩:៣៥)។ ពេល​ណា​យើង​បម្រើ​ព្រះ​អង្គ​តាម​របៀប​នេះ យើង​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ទាំង​ស្រុង។
និយាយ​រួម ការងារ​បម្រើ​របស់​គ្រីស្ទ​បរិស័ទ គឺ​ជា​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អម្ចាស់​យេស៊ូវ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែល​បាន​ធ្វើ​ក្នុង​ចំណោម និង​តាម​រយៈ​រាស្ត្រ​ព្រះអង្គ។ សាវ័ក ប៉ុល បាន​យល់​អំពី​សេចក្តី​ពិត​នេះ​យ៉ាង​ច្បាស់​បាន​ជា​គាត់​បង្រៀន​ថា «ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ​គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ» (កាឡាទី ២:២០)។ ព្រះ​យេស៊ូវ​លះបង់​ព្រះ​ជន្ម​ដើម្បី​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​ជីវិត​យើង ហើយ​ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ព្រះ​អង្គ​បាន​រស់​នៅ​តាម​រយៈ​យើង។ បើ​អ្នក​បាន​យល់​អំពី​សេចក្តី​ពិត​នេះ អ្នក​នឹង​ពិត​ជា​អាច​បម្រើ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​បម្រើ ហើយ​ជីវិត​អ្នក​មាន​តម្លៃ​ជាង​ពេល​ដែល​អ្នក​ប្រើ​វា ដើម្បី​បម្រើ​ខ្លួន​ឯង។ ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ត្រាស់​ហៅ​របស់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ៩:៣០-៣៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១៦-១៧ និង កិច្ចការ ១២

ប្រភេទ