នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះជាកន្លែងជ្រកកោនដ៏សុខសាន្ត

ព្រះជាកន្លែងជ្រកកោនដ៏សុខសាន្ត

ដោយJennifer Benson Schuldt

July 26, 2025

សុភាសិត ១៨:១០-១១
ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ សុភាសិត ១៨:១០
បន្ទាប់ពីខ្ញុំបានបើកបរឡានដឹកគ្រួសារខ្ញុំ បាន១៥ម៉ោងហើយ យើងក៏បានទទួលដំណឹងនៅពេលយប់ជ្រៅថា ព្យុះខ្យល់កួចនឹងបក់បោកមក ក្នុងពេលឆាប់ៗខាងមុខ។ គេបានដាស់តឿនប្រជាជន ឲ្យស្វែងរកកន្លែងជ្រកជាបន្ទាន់។ ភ្លាមៗនោះ យើងក៏បានឃើញផ្លេកបន្ទោរនៅលើមេឃ ហើយខ្យល់បានបក់មកចំកញ្ចក់ឡានរបស់យើង ហាក់ដូចជាតាមការគ្រោងទុក។ យើងក៏បានបើកឡានយ៉ាងលឿនតាមផ្លូវល្បឿនលឿន ហើយក៏បានចតឡាននៅក្បែរអគារសណ្ឋាគារមួយធ្វើពីបេតុង។ យើងអរព្រះគុណព្រះដែលយើងអាចរកបានកន្លែងជ្រក។ 
បញ្ហាដែលយើងជួបប្រទះ ក៏បានក្រើនរំឭកយើងផងដែរថា យើងត្រូវការកន្លែងមានសុវត្ថិភាពសម្រាប់ជ្រកកោន។ បទគម្ពីរសុភាសិត ១៨:១០ បានចែងថា “ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ”។ អ្នកជំនាញទេវសាស្ត្របានកាត់ស្រាយថា ឃ្លា “ព្រះនាមព្រះយេស៊ូវ” គឺសំដៅទៅលើអត្តសញ្ញាណទាំងមូលរបស់ព្រះ។ លក្ខណៈសម្បត្តិទាំងអស់របស់ព្រះអង្គ ផ្តល់ឲ្យយើងនូវសុវត្ថិភាព ខណៈពេលដែលយើងជ្រកកោនក្នុងព្រះអង្គ។ ដោយសារព្រះអង្គសប្បុរស ព្រះអង្គស្វាគមន៍យើង។ ដោយសារព្រះអង្គល្អ ព្រះអង្គស្តាប់យើង។ ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ ព្រះអង្គអាណិតយើង។ 
ប៉ុន្តែ ព្រះទ្រង់មិនមែនជាផ្លូវផ្សេងមួយទៀត សម្រាប់ដោះស្រាយបញ្ហានោះទេ។ ព្រះអង្គលើសពីដំណោះស្រាយដ៏ឆាប់រហ័ស និងលើសពីការបង្វែរអារម្មណ៍ចេញពីទុក្ខលំបាក។ ការជ្រកកោនក្នុងព្រះអង្គ គឺមានន័យថា យើងជ្រើសរើសយកជំនួយរបស់ព្រះអង្គ ជាជាងជ្រើសរើសអ្វីផ្សេង។ យើងអាចរត់ទៅរកព្រះអង្គ ដោយការអធិស្ឋាន ជញ្ជឹងគិតព្រះបន្ទូល ឬចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ នៅពេលមានភាពតានតឹង និងថប់បារម្ភ។ ការមានទម្លាប់ធ្វើដូចនេះជាច្រើនឆ្នាំ នឹងបណ្តាលចិត្តយើងឲ្យពឹងផ្អែកអស់មួយជីវិតទៅលើព្រះ ដែលជាជម្រកពិតប្រាកដរបស់យើង។—JENNIFER BENSON SCHULDT

ហេតុអ្វីអ្នកជ្រើសរើសយកការពឹងផ្អែកលើជំនួយរបស់ព្រះ? តើលក្ខណៈសម្បត្តិមួយណា
របស់ព្រះអង្គ ដែលកម្សាន្តចិត្តអ្នកខ្លាំងជាងគេ ខណៈពេលដែលអ្នកប្រឈមមុខដាក់ខ្យល់ព្យុះនៃជីវិត? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាកន្លែងជ្រកកោនដ៏សុខសាន្ត
សម្រាប់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យងាកទៅរកព្រះអង្គ ក្នុងទុក្ខលំបាកទាំងអស់។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤០-៤២ និង កិច្ចការ ២៧:១-២៦
 

ល្ងាច

ចិត្ត​ដែល​ផ្ដោត​ទៅ​លើ​ព្រះ​ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចិត្ត​ដែល​ផ្ដោត​ទៅ​លើ​ព្រះ​ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 26, 2025

«ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើងជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បានទេ» (យ៉ូហាន ១៥:៥)។ 
អ្នក​ថត​រូប​ដែល​មិន​មែន​ជា​អាជីព​ច្រើន​តែ​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​ផ្ដោត​ទៅ​លើ​រូប​អ្វី​ទេ។ ពួក​គេ​គិត​ស្មាន​ថា ខ្លួន​កំពុង​ផ្ដោត​ទៅ​លើ​អ្វីមួយ​នៅ​ពេល​ពួក​គេ​ថត​រូប ប៉ុន្តែ​មុខ​មនុស្ស​នៅ​ក្នុង​រូប​បែរ​ជា​ព្រាល ហើយ​អគារ​ដែល​នៅ​ផ្ទៃ​ខាង​ក្រោយ​បែរជា​ច្បាស់​ទៅ​វិញ។ បន្ទាប់​មក ពួក​គេ​មើល​ទៅ​រូប​ថត​នោះ ហើយ​និយាយ​ថា «នេះ​មិន​មែន​ជា​រូប​ដែល​ខ្ញុំ​ចង់​បាន​ទេ»។ តាម​ពិត រូប​ថត​នោះ​បាន​បង្ហាញ​អំពី​ទីតាំង និង​របៀប​ដែល​លែន​កាមេរ៉ា​នោះ​បាន​បាញ់​ទៅ​រក។ 
នៅ​ក្នុង​ដំណើរ​ឡើង​ចុះៗ​នៃ​ជីវិត និង​នៅ​ចន្លោះ​ពេល​រីករាយ និង​ពេល​កើត​ទុក្ខ របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​កាលៈទេសៈ​របស់​យើង គឺ​បាន​បង្ហាញ​ថា ចិត្ត និង​គំនិត​របស់​យើង​កំពុង​តែ​ផ្ដោត​ទៅ​លើ​អ្វី​មួយ គឺ​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​របស់​កាមេរ៉ា​ដែល​កំពុង​ផ្ដោត​ទៅលើ​ជ្រុង​មួយ​ណា​នៃ​រូប​ភាព​យ៉ាង​ដូច្នោះ​ដែរ។ ហេតុ​នេះ​ហើយ បញ្ហា​ប្រឈម​របស់​អ្នក​ជឿ គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​យើង​កំពុង​រស់​នៅ​ដោយ​ផ្ដោត​ទៅ​លើ​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ។ 
ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា ដើម្បី​ឲ្យ​យើង​អាច​ឱប​ក្រសោប​យក​ការ​ផ្ដោត​ចិត្ត​ទៅ​លើ​ព្រះ​បាន ជា​ដំបូង យើង​ចាំបាច់​ត្រូវ​ដឹង​ថា យើង​ជា​នរណា នៅ​ពេល​ដែល​យើង​គ្មាន​ព្រះ​អង្គ។ តាម​ពិត ព្រះ​យេស៊ូវ​បាន​ពន្យល់​ពួក​សាវ័ក​របស់​ព្រះ​អង្គ​ថា បើ​ពួក​គេ​មិន​នៅ​ជាប់​ព្រះអង្គ​ទេ នោះ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ។ និយាយ​រួម «ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិត​ស្ថេរ ដោយ​សារ​ទ្រង់» (កូឡូស ១:១៧)។ យើង​ត្រូវ​ការ​ព្រះ​អង្គ​ទាំង​ស្រុង មិន​មែន​ត្រូវ​ការ​ព្រះ​អង្គ​តែ​មួយ​ផ្នែក​នោះ​ទេ។ បើ​គ្មាន​ព្រះ​អង្គ​ទេ គ្មាន​នរណា​ម្នាក់​អាច​ដក​ដង្ហើម​បាន​ឡើយ។ តើ​យើង​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​សរសើរ​ខ្លួន​ឯង​សម្រាប់​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​តាម​រយៈ​យើង? យើង​គ្មាន​អ្វី​ទាល់​តែ​សោះ បើ​សិន​ជា​គ្មាន​ជំនួយ​ពី​ព្រះ​អង្គ​ទេ​នោះ។
នេះ​ជា​ការ​គោល​ការណ៍​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ កាល​ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​លោក ម៉ូសេ ឲ្យ​ដឹក​នាំ​រាស្ត្រ​អ៊‌ីស្រាអែល​ចេញ​ពី​នឹម​ត្រួតត្រា និង​របប​ទាសភាព គាត់​បាន​តាំង​ចិត្ត​ថា គាត់​មិន​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​គង់​នៅ​ជា​មួយ​គាត់។ គាត់​គិត​ត្រូវ (និក្ខមនំ ៣:១១-១២)។ លោក អេម៉ុស គឺ​ជា​អ្នក​ចាំ​ចំការ​ល្វា និង​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ​គាត់​គ្មាន​សមត្ថភាព​អ្វី ដើម្បី​រួម​ចំណែក​ក្នុង​ការងារ​ដែល​ព្រះ​អម្ចាស់​បាន​ចាត់​តាំង​ឲ្យ​គាត់​ធ្វើ​ជា​ហោរា​នោះ​ទេ (អេម៉ុស ៧:១៤-១៥)។ លោក ដានីយ៉ែល​ក៏​មិន​ខុស​ពី​ពួក​គាត់​ដែរ។ គាត់​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​កាត់​ស្រាយ​សុបិន ប៉ុន្តែ​គាត់​ថ្វាយ​ការ​សរសើរ​គ្រប់​យ៉ាង​ដល់​ព្រះ (ដានីយ៉ែល ២:២៦-២៨)។ ពួក​គាត់​សុទ្ធ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ។ តាម​ពិត គ្មាន​នរណា​ម្នាក់ ក្នុង​ព្រះ​គម្ពីរ​ដែល​អាច​សម្រេច​កិច្ចការ​ធំ​ឧត្តម​ដូច​នេះ ដោយ​មិន​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​នោះ​ទេ។ ពួក​គេ​មាន​សមត្ថភាព​ធ្វើ​កិច្ចការ ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ពួក​គេ​ធ្វើ គឺ​ដោយ​សារ​ពួក​គេ​មើល​ទៅ​ព្រះ​អង្គ មិន​មែន​មើល​ទៅ​សមត្ថភាព​នៅ​ក្នុង​ខ្លួន​ពួក​គេ​នោះ​ទេ។ 
ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ដែល​ព្រះ​បាន​ត្រាស់​ហៅ​ឲ្យ​រស់​នៅ​ដោយ​ផ្ដោត​ទៅ​លើ​ព្រះអង្គ យើង​មិន​ត្រូវ​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង ឬ​សមត្ថភាព​របស់​យើង​ឡើយ ពុំ​នោះ​ទេ​យើង​នឹង​ពិបាក​ទទួល​យក​ព្រះ​គុណ និង​ព្រះ​ចេស្ដា​របស់​ព្រះ​ក្នុង​ជីវិត​យើង។ នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​មិន​ត្រូវ​អួត​អំពី​សមត្ថភាព ឬ​ស្វែង​រក​ឱកាស​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​មាន​ចិត្ត​ដែល​គ្រាន់​តែ​ចង់​បម្រើ​ព្រះ​ដ៏​រស់ និង​ចង់​មាន​ប្រយោជន៍​ក្នុង​ការងារ​បម្រើ​ព្រះ​អង្គ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​យើង ស្រប​តាម​គោល​បំណង​ដ៏​ល្អ​របស់​ព្រះអង្គ ហើយ​ឲ្យ​គេ​ងាក​ចេញ​ពី​យើង ហើយ​បែរ​មក​ផ្ដោត​ទៅ​លើ​ព្រះ​អង្គ​វិញ ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ និង​និយាយ។ 
តើ​នៅ​ថ្ងៃ​នេះ ចិត្ត​របស់​អ្នក​ផ្ដោត​ទៅ​លើ​អ្វី? នៅ​ពេល​ណា​ភាព​ជោគជ័យ ឬ​ការ​សរសើរ​កើត​មាន​ចំពោះ​អ្នក តើ​អ្នក​នឹង​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​ទៅ​រក​នរណា? 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៧:៧-១៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៤០-៤២ និង កិច្ចការ ១៨

ប្រភេទ