
ព្រះនៃយើងមិនប្រែប្រួល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 15, 2025
«ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ»(យ៉ូណាស ៣:១០)។
ព្រះគម្ពីរប៊ីបបានចែងយ៉ាងច្បាស់ថា ព្រះទ្រង់មិនដែលប្រែប្រួលឡើយ។ ទន្ទឹមនឹងនោះ កណ្ឌគម្ពីរយ៉ូណាស ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គអាច និងពិតជាបានផ្លាស់ប្ដូរឥរិយាបថរបស់ព្រះអង្គ ចំពោះប្រជាជនទាំងនោះ និងផ្លាស់ប្តូររបៀបដែលព្រះអង្គប្រព្រឹត្តចំពោះពួកគេ។ តើធ្វើដូចម្តេចឲ្យយើងអាចយល់អំពីការបកស្រាយទាំងពីរនេះ ដែលហាក់ដូចជាផ្ទុយគ្នា?
យើងក៏អាចមើលឃើញភាពតានតឹងដូចនេះនៅក្នុងកណ្ឌគម្ពីរផ្សេងទៀតផងដែរ។ កាលព្រះអង្គដោះស្រាយបញ្ហាជាមួយស្តេច សូល ព្រះអង្គមានបន្ទូលថា «អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ»(១សាំយ៉ូអែល ១៥:១១)។ ប៉ុន្តែ ក្នុងបទគម្ពីរបន្តបន្ទាប់ទៀត យើងឃើញថា «ទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»(ខ.២៩)។ ព្រះអង្គហាក់ដូចជាមានការស្តាយក្រោយ ចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គ ប៉ុន្តែក្រោយមក ព្រះគម្ពីរបានចែងថា ព្រះអង្គមិនមានការស្តាយក្រោយទេ។
ប៉ុន្តែ របៀបនៃការពិពណ៌នាទាំងពីរនេះ មិនមានភាពផ្ទុយគ្នាទេ។ ពេលណាព្រះគម្ពីរប៊ីបចែងថា ព្រះអង្គស្តាយក្រោយ ឬបានកែប្រែព្រះទ័យ គឺព្រះគម្ពីរកំពុងប្រើភាសា ដើម្បីឲ្យយើងជាមនុស្សអាចយល់អំពីព្រះទ័យរបស់ព្រះអង្គបាន។ ការពិពណ៌នានេះ ហាក់ដូចជាបង្ហាញថា ព្រះអង្គមានការផ្លាស់ប្តូរ ប៉ុន្តែអ្វីដែលពិតជាបានផ្លាស់ប្តូរ គឺការប្រព្រឹត្តរបស់យើងជាមនុស្សទៅវិញទេ។ និយាយឲ្យងាយស្តាប់ ស្តេច សូល មិនមែនជាមនុស្សដូចកាលពីមុនទេ។ ទ្រង់បានបន្តមិនស្តាប់បង្គាប់ព្រះអម្ចាស់ ហើយព្រះអង្គក៏បានឆ្លើយតបចំពោះកាលៈទេសៈដែលបានផ្លាស់ប្តូរនោះ តាមរបៀបដែលសមស្របទាំងស្រុងនឹងចរិតលក្ខណៈរបស់ព្រះអង្គ។ ស្រដៀងគ្នានេះដែរ នៅក្នុងការឆ្លើយតបចំពោះការប្រកាសរបស់លោក យ៉ូណាស អ្នកក្រុងនីនីវេក៏បានផ្លាស់ប្តូរការប្រព្រឹត្តរបស់ខ្លួន ដោយងាកចេញពីការអាក្រក់។ ព្រះអម្ចាស់តែងតែប្រឆាំងអំពើបាបជាប់ជានិច្ច ហើយសព្វព្រះទ័យឲ្យយើងប្រែចិត្ត និងមានជំនឿ ដូចនេះចរិតលក្ខណៈរបស់ព្រះអង្គមិនបានផ្លាស់ប្តូរទេ។ ការព្រមានរបស់ព្រះអង្គ គឺបានធ្វើឡើងក្នុងគោលបំណង ដើម្បីដាស់តឿនមនុស្សដែលបានដើរផ្លូវខុស ឲ្យងាកមករកការប្រែចិត្តវិញ ហើយបើការប្រែចិត្តកើតមាន នោះព្រះអង្គក៏ឆ្លើយតប ដោយការអត់ទោសបាបផងដែរ។
ទាល់តែព្រះទ្រង់ឆ្លើយយ៉ាងដូចនេះ ទើបមនុស្សមានបាបដែលជឿព្រះយេស៊ូវអាចដឹងថា ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសឲ្យយើង។ ដោយសារ «ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»(ហេព្រើរ ១៣:៨)។ នោះយើងអាចដឹងថា ពេលណាយើងចូលមករកព្រះអង្គ ដោយការសោកស្តាយចំពោះកំហុសរបស់យើង និងដោយជំនឿដូចកូនក្មេង ព្រះអង្គនឹងទទួលយើងដោយសេចក្តីអាណិត និងសេចក្តីមេត្តា។ នេះជាចារិតលក្ខណៈរបស់ព្រះអង្គ ហើយព្រះអង្គមិនប្រែប្រួលឡើយ។
តាមទស្សនៈរបស់យើង ព្រះអង្គហាក់ដូចជាផ្លាស់ប្តូរព្រះទ័យ ប៉ុន្តែព្រះអង្គនៅតែធ្វើតាមពាក្យគ្រប់ម៉ាត់ ដែលព្រះអង្គបានមានបន្ទូលហើយ។ យើងអាចមានទំនុកចិត្ត និងក្តីអំណរនៅថ្ងៃនេះ ផ្អែកទៅលើសេចក្តីពិតនេះ ខណៈពេលដែលលោកីយ៍នៅតែមានការផ្លាស់ប្តូរជានិច្ច ហើយសូម្បីតែមនុស្សល្អបំផុត ក៏មិនអាចគោរពពាក្យសម្ដីរបស់ខ្លួនឯងបានគ្រប់ពេលដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូណាស ៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៨៩-៩០ និង១ពេត្រុស ៤