នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សង្គ្រោះយើងរួចពីសណ្ឋានដែលអស់សង្ឃឹម

សង្គ្រោះយើងរួចពីសណ្ឋានដែលអស់សង្ឃឹម

ដោយMarvin Williams

August 17, 2025

១ពេត្រុស ២:២១-២៥
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា។ ១ពេត្រុស ២:២៤
នៅក្នុងស្ថានីយអាមុនសែន ស្កត់ នៅតំបន់ប៉ូលខាងត្បូង មានអ្នកធ្វើការពីរនាក់ កំពុងត្រូវការការព្យាបាលសុខភាពជាបន្ទាន់។ ក្នុងចំណោមពួកគេ មានម្នាក់គាំងបេះដូង ហើយម្នាក់ទៀត កំពុងមានបញ្ហាក្រពះធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងជីវិតគាត់។ មានមធ្យោបាយតែមួយប៉ុណ្ណោះ ដើម្បីឲ្យពួកគេអាចទទួលការព្យាបាលបាន គឺគេត្រូវធ្វើបេសកកម្មជួយសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅទីនោះពិបាកខ្លាំង ដោយសារមេឃងងឹត និងអាកាសធាតុត្រជាក់ -៧៥អង្សាសេរ ក្រោមសូន្យ ចាប់ពីខែកុម្ភៈដល់ខែតុលា តាមធម្មតា គេមិនហ៊ានប្រថុយបើកបរយន្តហោះ ទៅស្ថានីយនោះ ក្នុងអំឡុងរដូវរងានោះឡើយ។ ប៉ុន្តែ អ្នកបើកបរយន្តហោះទាំងនោះបានប្ដេជ្ញាចិត្តថា នឹងជួយសង្គ្រោះអ្នកវិទ្យាសាស្ត្រទាំងនោះឲ្យខានតែបាន ហើយបេសកកម្មជួយសង្គ្រោះនោះក៏បានទទួលជោគជ័យ ដោយពួកគេស៊ូទ្រាំនឹងការបើកបរយន្តហោះ ដ៏ពិបាករយៈពេល២ថ្ងៃ។
រឿងដែលនិយាយអំពីការជួយសង្គ្រោះដ៏ជោគជ័យ ពិតជាបានលើកទឹកចិត្តយើងណាស់។ រឿងជួយសង្គ្រោះដែលអស្ចារ្យបំផុត គឺជារឿងដែលព្រះយេស៊ូវសង្គ្រោះយើងឲ្យរួចពីបាប។ សាវ័កពេត្រុសបានបង្រៀនថា “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត”(១ពេត្រុស ២:២៤)។ ព្រះអង្គជួយសង្គ្រោះយើង ដោយទទួលអំពើបាបយើងនៅលើអង្គទ្រង់។ ព្រះអង្គបានក្លាយជាដង្វាយលោះបាប ដោយរងទុក្ខជំនួសយើងរាល់គ្នា(ខ.២១)។ នៅលើឈើឆ្កាង ព្រះគ្រីស្ទបានទទួលបណ្តាសានៃក្រឹត្យវិន័យ(កាឡាទី ៣:១៣) ហើយរងទ្រាំក្តីអាម៉ាសរបស់យើង។ ព្រះអង្គបានរងរបួសនៅលើព្រះកាយ ដើម្បីឲ្យយើងបានទទួលការប្រោសឲ្យជា ហើយព្រះអង្គសុគត ដើម្បីឲ្យយើងបានរួចផុតទោស និងអំណាចរបស់បាប(១ពេត្រុស ២:២៤ អេសាយ ៥៣:៥)។
ពិតជាអស្ចារ្យណាស់ ដែលយើងបានដឹងថា ព្រះអង្គបានសង្គ្រោះយើងឲ្យរួចពីសណ្ឋានដ៏អស់សង្ឃឹមរបស់យើង ដោយស្ម័គ្រព្រះទ័យរងទ្រាំទុក្ខលំបាកខ្លាំងបំផុត ជំនួសយើងរាល់គ្នា!—Marvin Williams

តើការសង្គ្រោះដែលព្រះគ្រីស្ទប្រទាន មានន័យយ៉ាងណាចំពោះអ្នក? 
តើអ្នកអាចជួយអ្នកដទៃដូចម្តេចខ្លះ ដើម្បីឲ្យពួកគេទទួលសេចក្តីសង្គ្រោះរបស់ព្រះអង្គ? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់ដ៏លើសលប់ ដើម្បីសង្គ្រោះទូលបង្គំ ឲ្យរួចពីបាប
Learn more here: ODB.org/personal-relationship-with-god
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩៧-៩៩ និង រ៉ូម ១៦
 

ល្ងាច

ការ​រៀបចំ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​អង្គ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​រៀបចំ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 17, 2025

«ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ទ្រង់​ក៏​បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បានជា​ម្លប់​ពីលើ​ក្បាល​ប្រយោជន៍​ឲ្យ​លោក​បាន​រួចពី​សេចក្តី​តប់ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ។ ប៉ុន្តែ ដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ដង្កូវ១មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ»(យ៉ូណាស ៤:៦-៧)។

កាល​លោក យ៉ូណាស ចាក​ចេញពី​ទីក្រុង​នីនីវេ ទីក្រុង​នេះ​ក៏​បាន​សង្គ្រោះ​រួច​ផុត​ពី​គ្រោះ​មហន្ត​រាយ ប៉ុន្តែ​គាត់​មិន​មាត់​មិន​ករ​ដោយ​ចិត្ត​មួម៉ៅ។ គាត់​ទូល​ព្រះ​អង្គ​ថា ទូល​បង្គំ​ដឹង​ថា ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​ពួកគេ​ហើយ ទោះ​ពួកគេ​បាន​ធ្វើ​ការ​អាក្រក់​យ៉ាងណា​ក៏ដោយ។ ឥឡូវ​នេះ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​ឃើញ​ខ្មាំង​សត្រូវ​របស់​ទូល​បង្គំ​បាន​ទទួល​ការ​អត់​ទោស​បាប (យ៉ូណាស ៤:២-៣)។ 
លោក យ៉ូណាស ក៏បាន​ធ្វើ​កន្លែង​ជ្រក​តូច​មួយ​សម្រាប់​ខ្លួនឯង (ខ.៥) ប្រហែល​ជា​យក​ថ្ម ឬ​ឥដ្ឋ​ធ្វើ​ពី​ភក់​មក​តម្រៀប​ពីលើ​គ្នា ដោយសារ​កម្តៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​គាត់​ពិបាក​អង្គុយ​នៅ​កណ្តាល​វាល។ សូម​យើង​ស្រមៃ​ថា គាត់​កំពុង​អង្គុយ​នៅ​ក្នុង​ខ្ទម​តូច​មួយ សូម​ឲ្យ​ព្រះ​ដក​ជីវិត​គាត់ ហើយ​បន្ទាប់មក គាត់​ក៏​បាន​ដឹង​ថា មាន​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត​បាន​ដុះ​នៅ​ក្បែរ​គាត់។ ភ្លាមៗ​នោះ កម្តៅ​ថ្ងៃ​ក៏បាន​ថមថយ ដោយសារ​ម្លប់​ដែល​ដើម​វល្លិ​នោះ​បាន​ផ្តល់​ឲ្យ​គាត់ ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

ប៉ុន្តែ គាត់​រីករាយ​មិន​បាន​យូរ​ទេ។ ព្រះ​ដែល​បាន​ប្រទាន​រុក្ខជាតិ​ឲ្យ​លោក យ៉ូណាស សប្បាយ​ចិត្ត ក៏បាន​ប្រទាន​សត្វ​ដង្កូវ​ឲ្យ​ស៊ី​បំផ្លាញ​ដើម​នោះ​ផង​ដែរ។ ស្លឹក​របស់​វា​បាន​ក្រៀម​ស្វិត​អស់​យ៉ាង​ឆាប់​រហ័ស​ខុសពី​ធម្មតា គឺ​ដោយសារ​ដំណើរ​ការ​ធម្មតា​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។

ព្រះ​អាទិករ​មាន​អំណាច​គ្រប់​គ្រង​មក​លើ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​បង្កើត។ នៅ​ក្នុង​ការ​រៀបចំ​ដ៏​អាថ៌កំបាំង ព្រះ​អង្គ​កំពុង​បន្ត​ធ្វើ​ការ​ជាមួយ​អ្នក​បម្រើ​ព្រះ​អង្គ តាម​គោលបំណង​របស់​ព្រះ​អង្គ។ ឃ្លា «ទ្រង់​ក៏​បម្រុង» គឺជា​ឃ្លា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូណាស។ ព្រះ​អង្គ​បាន​បម្រុង​ឲ្យ​មាន​ត្រី​ធំ​មួយ ដើម​វល្លិ ដង្កូវ និង​ខ្យល់​ក្តៅ​ពី​ខាងលិច គឺ​បាន​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អ្នក​បម្រើ​របស់​ព្រះ​អង្គ (យ៉ូណាស ១:១៧, ៤:៨)។ ទោះជា​តាមរយៈ​ត្រី​ធំ ឬ​ដង្កូវ​តូច​មួយ​ក៏ដោយ ក៏​ព្រះ​អង្គ​នៅតែ​ធ្វើ​ការ​របស់​ព្រះ​អង្គ ដើម្បី​នាំ​ឲ្យ​អ្វីៗ​ទាំង​អស់​បាន​ទៅដល់​គោលដៅ​ដែល​ព្រះ​អង្គ​បាន​កំណត់។

យើង​បាន​ឃើញ​គោលលទ្ធិ​នៃ​ការ​រៀបចំ​របស់​ព្រះ​ក្នុង​សំណួរ​ទី២៧ នៃ​សៀវភៅ​សំណួរ​ចម្លើយ​របស់​លោក ហេដេលបឺក (Heidelberg) ដែល​សួរ​ថា «តើ​អ្នក​យល់​ឃើញ​យ៉ាងណា អំពី​ការ​រៀបចំ​របស់​ព្រះ?» ចម្លើយ៖ «ការ​រៀបចំ​របស់​ព្រះ គឺជា​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច និង​ស្ថិត​ស្ថេរ ដែល​ក្នុង​ព្រះ​វត្ត​មាន​នោះ ព្រះ​អង្គ​ទ្រទ្រង់ និង​ដឹកនាំ​ស្នា​ព្រះ​ហស្ត​ទាំង​អស់។ ព្រះ​អង្គ​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​នៅ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី ដើម្បី​ធានា​ថា ផ្នែក​ទាំង​អស់​នៃ​ជីវិត​មិន​កើត​ឡើង​ដោយ​ចៃដន្យ ទោះ​វា​ជា​ការ​លូតលាស់​នៃ​រុក្ខជាតិ លក្ខណៈ​អាកាស​ធាតុ ដូចជា​ភ្លៀង និង​ភាព​រាំង​ស្ងួត ពេល​ខ្វះខាត ឬ​ពេល​បរិបូរ ការ​ផ្គត់ផ្គង់​អាហារ និង​ទឹក ស្ថានភាព​នៃ​សុខ​ភាព ឬ​ជំងឺ ភាព​មាន​បាន ឬ​ភាព​ក្រី​ក្រ​ក្តី។ ផ្ទុយ​ទៅវិញ អ្វីៗ​កើត​ឡើង នៅ​ក្រោម​ការ​ថែរក្សា​ដោយ​ក្តី​ស្រឡាញ់ និង​តាម​គោលបំណង​របស់​ព្រះ​អង្គ»។1

ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​ទាំងមូល ពេលណា​អ្នក​ជួប «ដើម​វល្លិ» ដែល​ធ្វើ​ឲ្យ​អ្នក​សុខ​ស្រួល និង​សប្បាយ​ចិត្ត និង «សត្វ​ដង្កូវ» ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​សុខ​ស្រួល ឬ​ទំនាក់​ទំនង​ក្នុង​ការ​រស់នៅ អ្នក​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា អ្នក​មិន​ស្ថិត​នៅ​ក្រោម​អំណាច​ដ៏​ងងឹត​ងងល់ ដែល​ធ្វើ​ឲ្យ​អស់​សង្ឃឹម​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ ព្រះ​វរបិតា​របស់​អ្នក​គង់នៅ​ស្ថាន​សួគ៌ ដែល​បាន​ឱប​ក្រសោប​អ្នក ដោយ​សេចក្តី​ស្រឡាញ់​កំពុង​បង្គាប់​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​សម្រេច​គោលបំណង​ខ្ពស់​បំផុត​ក្នុង​ជីវិត​អ្នក គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ ហើយ​នាំ​អ្នក​ទៅ​រស់នៅ​ជាមួយ​ព្រះ​អង្គ។ ដូច​នេះ ចូរ​ពិចារណា​អំពី​ជីវិត​របស់​អ្នក​ចុះ។ តើ​មាន​ដើម​វល្លិ​នៅ​កន្លែងណា? ហើយ​មាន​ដង្កូវ​នៅ​កន្លែងណា? តើ​អ្នក​នឹង​ព្យាយាម​អរព្រះគុណ​ព្រះ​អង្គ​សម្រាប់​ដើម​វល្លិ​ក៏​ដូចជា​សត្វ​ដង្កូវ​ដែរ​ឬ​ទេ ដោយ​ដឹង​ច្បាស់​ថា ព្រះ​វរបិតា​បាន​ប្រទាន​កត្តា​ទាំង​ពីរ​នេះ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដ៏​អស់​កល្ប? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ១:៩-១៨ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៩៦-៩៩ និង​កាឡាទី ២