នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ពេល​ដែល​ត្រូវ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ពេល​ដែល​ត្រូវ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 20, 2025

«ដោយសារ​សេចក្តី​ជំនឿ លុះ​លោកធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ។ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្តី​អំណរ​ខាង​អំពើបាប ដែល​នៅតែ១ភ្លែត​នោះ​វិញ»(ហេព្រើរ ១១:២៥-២៦)។

យើង​មិន​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​លោកីយ៍​ផង និង​ព្រះ​ផង ក្នុង​ពេល​តែមួយ​បានទេ (យ៉ាកុប ៤:៤)។ សម្រាប់​អ្នក​ដែល​ព្យាយាម​ចាក់​ខ្សែ មិន​យូរ​មិន​ឆាប់​ពួកគេ​នឹង​បាន​ដឹង​ថា ការ​ចាក់​ខ្សែ​នាំ​ឲ្យ​ពួកគេ​មាន​ការ​ខាតបង់​ច្រើន​ប៉ុណ្ណា ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ដើរ​ក្នុង​ភាព​ផ្ទុយ​គ្នា។1

ក្នុង​នាម​លោក ម៉ូសេ ជា​កូន​​ចិញ្ចឹម​របស់​បុត្រី​ស្តេច​ផារ៉ោន គាត់​អរ​សប្បាយ​នឹង​ឋានៈ​ក្នុង​សង្គម ភាព​សុខ​ស្រួល​ផ្លូវ​កាយ និង​ទ្រព្យ​សម្បត្តិ។ តែ​ក្នុង​នាម​គាត់​ជា​សាសន៍​អ៊ីស្រាអែល បើ​គាត់​មិន​បាន​ស្ថិត​នៅ​ក្នុង​ភាព​ចម្រុង​ចម្រើន​នៃ​រាជ​វាំង​របស់​ស្តេច ផារ៉ោន ទេ។ លោក ម៉ូសេ មុខជា​មិន​សូវ​មាន​គេ​ស្គាល់ គាត់​ក្រីក្រ ហើយ​រស់នៅ​ជា​ទាសករ​មិនខាន។ លោក ម៉ូសេ ដឹង​ថា ការ​បន្ត​រស់នៅ​ក្នុង​រាជ​វាំង​របស់​ស្តេច ផារ៉ោន ធ្វើ​ឲ្យ​ជីវិត​គាត់​មាន​ភាព​សុខ​ស្រួល​ជាង​ការ​រស់នៅ​តាម​ផ្លូវ​ផ្សេង​ទៀត​របស់​លោកីយ៍។ គាត់​អាច​លើក​ហេតុផល​ថា គាត់​អាច​ប្រើ​ឥទ្ធិពល​របស់​គាត់ ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​រាស្ត្រ​របស់​ព្រះ ជា​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន​ឡើយ បើសិន​ជា​គាត់​ទៅ​ចូល​រួម​ជាមួយ​ពួកគេ។

ប៉ុន្តែ លោក ម៉ូសេ មិន​បន្ត​រស់នៅ​ក្នុង​គ្រួសារ​របស់​ស្តេច ផារ៉ោន ទេ។ ផ្ទុយ​ទៅវិញ គាត់​លះ​បង់​ចោល​ឯកសិទ្ធិ​ជា​ពលរដ្ឋ​អេស៊ីព្ទ ហើយ​បាន​ចូល​ក្នុង​ចំណោម​មនុស្ស​តូច​ទាប​ដែលគេ​ស្អប់​ខ្ពើម និង​កៀបសង្កត់ ហើយ​គ្មាន​សិទ្ធិ​នយោបាយ។ តើ​ហេតុ​អ្វី? ហេតុ​អ្វី​គាត់​លះបង់​ច្រើន​យ៉ាង​នេះ ដើម្បី​ឱប​ក្រសោប​យក​ភាព​តូចតាច​យ៉ាង​នេះ? ចម្លើយ​នោះ​គឺ លោក ម៉ូសេ ដឹង​ថា គាត់​មិន​អាច​ចាត់​ទុក​ខ្លួន​គាត់​ជា​រាស្រ្ត​របស់​ព្រះ​ផង និង​ជា​ជនជាតិ​អេស៊ីព្ទ​ផង​បានទេ។ គាត់​ត្រូវ​ជ្រើសរើស​រវាង​ការ​រស់នៅ​ជា​ទាសករ​ជាមួយ​ជនជាតិ​គាត់ ឬ​ធ្វើ​ជា​អ្នក​បន្ថែម​បន្ថយ​សេចក្តី​ពិត​នៅ​ក្នុង​រាជ​វាំង​របស់​ស្តេច ផារ៉ោន។ គាត់​មិន​អាច​និយាយ​ថា គាត់​ជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជឿ​លើ​ព្រះ​រាប់​បុព្វ​បុរស​គាត់ តែ​រស់នៅ​ជា​ជនជាតិ​អេស៊ីព្ទ​នោះ​ទេ។

ព្រះ​គម្ពីរ​ប៊ីប​បាន​ចែងថា លោក ម៉ូសេ បាន​ជ្រើសរើស​យក​ការ​រង​ទុក្ខ​លំបាក និង​ការ​តិះដៀល «ដើម្បី​ព្រះ​គ្រីស្ទ»(ហេព្រើរ ១១:២៦)។ គឺ​ដោយ​យល់​ដល់​អង្គ​បុគ្គល​ម្នាក់​ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​នាង អេវ៉ា និង​ខ្សែ​លោហិត​របស់​លោក​អ័ប្រាហាំ ដែល​នឹង​សម្រេច​ព្រះបន្ទូល​សន្យា​ទាំង​អស់​របស់​ព្រះ (លោកុប្បត្ដិ ៣:១៦ ១២:១-៣)។ ការ​សម្រេច​ចិត្ត​របស់​គាត់ គឺ​មិន​ខុសពី​ការ​សម្រេច​ចិត្ត​របស់​សាវ័ក ប៉ុល ដែល​ធ្លាប់​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម មាន​ការ​អប់រំ​ខ្ពស់ តែ​មាន​ប្រសាសន៍​ថា «ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ»(ភីលីព ៣:៨)។ លោក ម៉ូសេ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក ដែល​ពេល​ខ្លះ យើង​ក៏​ត្រូវ​សម្រេច​ចិត្ត​ដូច​គាត់​ផង​ដែរ។ អ្នក​ប្រហែល​មាន​ប្រវត្តិ​ស្រដៀង​លោក ម៉ូសេ ដោយ​អ្នក​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​អ្នក​មាន ហើយ​រំពឹង​ថា នឹង​ភាព​ចម្រុង​ចម្រើន​ក្នុង​ពិភពលោក។ ទោះ​យើង​ជា​នរណា ហើយ​មាន​ប្រវត្តិ​ដូច​ម្តេច​ក៏ដោយ យើង​រាល់​គ្នា​សុទ្ធតែ​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ដូច​លោក ម៉ូសេ ផង​ដែរ។ តើ​យើង​នឹង​រស់នៅ​ជា​មិត្ត​សំឡាញ់​របស់​លោកីយ៍ ឬ​មិត្តសំឡាញ់​របស់​ព្រះ? យើង​មិន​អាច​ចាក់​ខ្សែ​បានទេ។ នៅ​ថ្ងៃ​នេះ តើ​អ្នក​នឹង​រស់នៅ​តាម​ស្តង់ដារ​របស់​លោកីយ៍ ដោយ​សើច​នឹង​រឿង​កំប្លែង​របស់​លោកីយ៍ ប្រើ​វិធី​សាស្ត្រ​របស់​លោកីយ៍ ហើយ​ដាក់​អាទិភាព​តាម​លោកីយ៍​ឬ​ទេ? ឬ​មួយ អ្នក​នឹង​រក្សា​គោលជំហរ​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ បើក​នាវា​បញ្ច្រាស​ចរន្ត​ទឹក​របស់​លោកីយ៍ ដាក់​ទង់ជាតិ​របស់​អ្នក​នៅ​លើ​ដង​ក្តោង ហើយ​សារភាព​ដោយ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់? ថ្ងៃ​នេះ អាច​ជា​ថ្ងៃ​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​សារ​ជា​ថ្មី​ថា អ្នក​នឹង​រស់នៅ «ដោយ​ជំនឿ» តាម​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​នេះ។
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៨:១៨-៣០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១០៥-១០៦ និង​កាឡាទី ៥

ប្រភេទ