នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើជាព្រះពរសម្រាប់គូរប្រជែង

ធ្វើជាព្រះពរសម្រាប់គូរប្រជែង

ដោយLisa Samra

August 25, 2025

១ថែស្សាឡូនិច ៥:១៥-១៨
ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ។ ១ថែស្សាឡូនិច ៥:១៥
ក្នុងអំឡុងពេលនៃការប្រកួតដ៏ក្តៅគគុក រវាងក្រុមកីឡាករបាល់ទាត់វិទ្យាល័យ ដែលមានឈ្មោះល្បីជាយូរមកហើយ គឺក្រុមឥន្ទ្រី និងក្រុមអ្នកត្រួសត្រាយផ្លូវ ក្រុមឥន្ទ្រីបានទាល់បាល់បញ្ចូលទី។ បាល់បានហោះទៅបុកសំណាញ់ ធ្លាយចេញតាមប្រហោង ទៅខាងក្រោយទី។ អាប៊ីតមិនបានឃើញបាល់ចូលទៅក្នុងទី តែឃើញតែបាល់នៅក្រៅសំណាញ់ បានជាគាត់មិនបានដាក់ពិន្ទុឲ្យក្រុមឥន្ទ្រី។ គ្រូបង្វឹករបស់ក្រុមអ្នកត្រួសត្រាយផ្លូវ ក៏បានឃើញបាល់ចូលទីដែរ។ គាត់អាចនៅស្ងៀម តែគាត់បានស្ម័គ្រចិត្តគាំទ្រការអះអាងរបស់គ្រូបង្វឹករបស់ក្រុមឥន្ទ្រី។ អាប៊ីតក៏បានឲ្យពិន្ទុទៅក្រុមឥន្ទ្រី។ នៅថ្ងៃនោះ ក្រុមអ្នកត្រួសត្រាយផ្លូវបានប្រកួតចាញ់ ដោយពិន្ទុ ២ទល់នឹង៣។ 
នៅពេលដែលយើងមើលឃើញផលប្រយោជន៍ យើងមិនពិបាកបើកមាត់និយាយឡើយ តែព្រះគម្ពីរប៊ីបបានលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យ “ដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ”(១ថែស្សាឡូនិច ៥:១៥)។ ត្រង់ចំណុចនេះ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានចិត្តចង់ធ្វើល្អ មិនគ្រាន់តែសម្រាប់មិត្តភក្តិរបស់យើងប៉ុណ្ណោះទេ តែក៏សម្រាប់គួរប្រជែង ឬសត្រូវរបស់យើង ដោយមិនគិតអំពីផលចំណេញ ពីទង្វើរបស់យើង ឬរំពឹងថា នឹងបានទទួលអ្វីត្រឡប់មកវិញឡើយ(លូកា ៦:៣៥)។ 
ការធ្វើអំពើល្អសម្រាប់គូរប្រជែង ឬគូរប្រកួត អាចជាការនិយាយប្រាប់អ្នកទិញ ឲ្យទៅទិញឥវ៉ាន់នៅក្នុងហាង ឬតូបរបស់គូរប្រជែងរបស់អ្នក នៅពេលដែលអ្នកមិនមានឥវ៉ាន់ដែលគេចង់ទិញ តែគូរប្រជែងរបស់អ្នកមាន ទោះការនេះនឹងធ្វើឲ្យគាត់បានទទួលផលចំណេញច្រើនជាងអ្នកក៏ដោយ។ ការធ្វើអំពើល្អ អាចមានន័យថា អ្នកជួយបោសសំរាមនៅមុខផ្ទះអ្នកជិតខាងរបស់អ្នក ទោះគាត់មិនទំនងជានិយាយអរគុណអ្នកក៏ដោយ។
ខណៈពេលដែលយើងប្រឹងប្រែងធ្វើអំពើល្អ សម្រាប់អ្នកដទៃ យើងកំពុងតែបង្ហាញឲ្យគេដឹងថា ព្រះទ្រង់មានសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់។—Lisa M. Samra

តើអ្នកបានជួយក្រុមដែលជាគូរប្រជែងរបស់អ្នក នៅពេលណា ទោះការនេះបានធ្វើឲ្យអ្នកខាតបង់ក៏ដោយ? 
តើការនេះបានបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យព្យាយាមធ្វើការល្អ សម្រាប់អ្នកដទៃ
 ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ទោះមានការពិបាកក៏ដោយ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:១-៨៨ និង ១កូរិនថូស ៧:២០-៤០

ល្ងាច

លះ​បង់​ចោល​ការ​សងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

លះ​បង់​ចោល​ការ​សងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 25, 2025

«ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សងសឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ»(រ៉ូម ១២:១៩)។

ការ​ស្វែងរក​ឱកាស​សងសឹក ស្ថិត​ក្នុង​ចំណោម​ការ​ឆ្លើយតប​អាក្រក់​បំផុត តាម​និស្ស័យ​សាច់ឈាម​របស់​យើង។ លោកីយ៍​មាន​ដំណើរ​ការ​យ៉ាង​ដូច​នេះឯង ជា​ផ្នត់​គំនិត​ដែល​ជំរុញ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ដោយ​គ្មាន​ក្តី​មេត្តា ក្នុង​ន័យ​ថា បើ​មាន​នរណា​ម្នាក់​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​យើង យើង​នឹង​ស្វែងរក​គ្រប់​វិធី ដើម្បី​កំចាត់​គេ​ចោល។ នេះ​ជា​ការ​ឆ្លើយតប​តាម​និស្ស័យ​សាច់ឈាម នៅពេល​ដែលគេ​ធ្វើ​ខុស​មក​លើ​យើង តែ​គ្រីស្ទ​បរិស័ទ​មិន​តបត​ទៅ​គេ​វិញ​នោះ​ទេ។ ដូច​នេះ យើង​ត្រូវតែ​ការពារ​ចិត្ត​យើង​ជានិច្ច កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​សងសឹក​ឡើយ។ ទោះ​យើង​បាន​ជៀស​វាង​ការ​សង​សឹង​កាលពី​ថ្ងៃ​ម្សិលមិញ ក៏​មិន​ប្រាកដ​ថា យើង​នឹង​ជៀស​វាង​ការ​សងសឹក​នៅ​ថ្ងៃ​នេះ​ឡើយ។

កន្លែង​ប្រកួត​កីឡា​ប្រហែល​ជា​កន្លែង ដែល​យើង​អាច​សង្កេត​ឃើញ ការ​សង​សឹង​បាន​ក្លាយ​ជា​កត្តា​ជំរុញ​ចិត្ត​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ផែនការ និង​ការ​ធ្វើស​កម្ម​ភាព។ បើ​គូប្រកួត​ធ្វើ​ខុស​មក​លើ​អ្នក ហើយ​មិន​ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? សភាវគតិ​របស់​យើង​មុខជា​ជំរុញ​យើង​ឲ្យ​សង​ទៅ​គេ​វិញ​មិនខាន។ ដូច​នេះ យើង​ក៏​បាន​រៀប​ផែនការ ហើយ​ស្វែងរក​ឱកាស ដើម្បី​សង​ទៅ​គេ​វិញ ដើម្បី​ឲ្យ​រួច​គ្នា។ ដែល​ការ​សងសឹក​កើត​មាននៅ​ក្នុង​កន្លែង​ប្រកួត​កីឡា ក៏​ដូចជា​ក្នុង​ជីវិត​ពិត ហើយ​យ៉ាង​ហោច​ណាស់​ក្នុង​ការ​ស្រមៃ​របស់​យើង នោះ​វា​ក៏​ស្តែង​ចេញ​មក​ក្នុង​អាកប្ប​កិរិយា​របស់​យើង​ដែរ។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​រា​រាំង​សភាវគតិ​នេះ​ដោយ​ពាក្យ​ថា «ចូរ​កុំ​សងសឹក​ឡើយ»។

សាវ័ក ប៉ុល មិន​បាន​បង្កើត​គោលការណ៍​នេះ តែ​បាន​បង្ហាញ​ឲ្យ​យើង​ស្គាល់។ កាល​នោះ គាត់​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​នៅ​ក្នុង​បរិយាកាស​មួយ ដែល​ផ្តល់​ឲ្យ​គាត់​នូវ​ហេតុផល​គ្រប់​យ៉ាង ដើម្បី​សងសឹក។ បន្ទាប់ពី​គាត់​ត្រូវ​គេ​បង្ខូច​ឈ្មោះ វាយ​ដំ ចំអក​ឲ្យ និង​ត្រូវ​គេ​ចាប់​ដាក់គុក ហើយ​គាត់​ក៏​ទំនងជា​នៅ​មាន​ជីវិត កាល​អធិរាជ​នេរ៉ូ និង​រដ្ឋាភិបាល​របស់​ទ្រង់ កំពុង​ចាប់​គ្រីស្ទាន​យក​ទៅ​ដុត​ទាំង​រស់ ដើម្បី​បំភ្លឺ​ទីធ្លា​ខាង​ក្រោយ​របស់​រាជ​វាំង។ គេ​បាន​ចាប់ចង​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​នៅ​លើ​បង្គោល ដែលគេ​បាន​ដាំ​នៅ​លើ​ដី ដោយ​យក​ប្រេង​ម​កលាប ហើយ​ក៏​បាន​ដុត​ពួក​គេ​ទាំង​រស់ ហើយ​ព្រះបន្ទូល​ព្រះ​នៅតែ​បង្គាប់​ថា «ចូរ​កុំ​សងសឹក​ឡើយ»។

យើង​ច្រើនតែ​មិន​បាន​ញែក​ឲ្យ​ដាច់ រវាង​ការ​អនុវត្ត​តាម​ច្បាប់​របស់​ព្រះ ដែល​ជា​តួនាទី​របស់​ព្រះ​អង្គ និង​ការ​អនុវត្ត​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​អំណាច​ដែល​ព្រះ​បាន​ចាត់​តាំង (រ៉ូម ១៣:‌១-៤) ហើយ​និង​ការ​អនុវត្ត​នូវ​ការ​សងសឹក​ផ្ទាល់​ខ្លួន ដែល​ព្រះ​គម្ពីរប៊ីប​បាន​ហាម។ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​យើង​ស្វែងរក​យុត្តិ​ធម៌ តាម​ផ្លូវ​ច្បាប់​របស់​ប្រទេស​ដោយ​ចងចាំ​ជា​និច្ច​ថា ការ​កាត់ក្តី​របស់​គេ​មិន​ល្អ​ឥត​ខ្ចោះ ហើយក៏​មិន​ផ្តល់​ឲ្យ​យុត្តិ​ធម៌​ដែល​ខ្ពង់ខ្ពស់​បំផុត​ដែរ តែ​ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវ​យក​គំរូ​តាម​ព្រះ​រាជបុត្រា ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ប្រទាន​យុត្តិ​ធម៌ (១ពេត្រុស ២:២៣)។ យើង​ត្រូវ​រស់នៅ​ដោយ​ចង​ចាំ​ថា ថ្ងៃ​នេះ​ប្រហែល​មិនមែន​ជា​ថ្ងៃ​ជំនុំជម្រះ​ចុង​ក្រោយ​ទេ ហើយ​យើង​មិនមែន​ជា​ចៅ​ក្រម​ទេ។

ព្រះ​អង្គ​បាន​ហៅ​យើង​ថា រាស្រ្ត​របស់​នគរ​ស្ថាន​សួគ៌ មិនមែន​ជា​រាស្រ្ត​របស់​នគរ​នៅ​ផែនដី​ទេ។ អ្នក​មិន​ជឿ​នឹង​មិន​ចង់​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ឡើយ បើសិន​ជា​ពួកគេ​ឃើញ​អ្នក​ដើរ​តាម​ព្រះ​អង្គ​ប្រកាស​ថា ព្រះ​អង្គ​ជា​ចៅ​ក្រម​ដ៏​សុចរិត តែ​ទន្ទឹម​នឹង​នោះ​ពួកគេ​រស់នៅ ធ្វើ​មើលតែ​ពួកគេ​មាន​សិទ្ធិ​ជំនុំជម្រះ​ទោស​អ្នក​ដទៃ។ សកម្មភាព​របស់​យើង​នឹង​មាន​ផល​ប៉ះ​ពាល់​មក​លើ​មនុស្ស​មាន​បាប​នៅ​ជុំ​វិញ​យើង។ ចូរ​នាំ​ពួក​គេ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ដោយ​សេចក្តី​ស្រឡាញ់​របស់​យើង ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត​មិន​ចង់​ទទួល​ជឿ​ព្រះ​គ្រីស្ទ ដោយសារ​ការ​សងសឹក​របស់​យើង​ឡើយ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ១២:៩-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១១៩:១-៨៩ និង​២កូរិនថូស ៤

ប្រភេទ