នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អំណាចរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបបាន

អំណាចរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបបាន

ដោយArthur Jackson

August 28, 2025

យេរេមា ៣១:១០-១៤
ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្ដាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន។
យេរេមា ៣១:១១
ក្នុងសៀវភៅដែលលោកគ្រូ ចន ស្រ្តូប(John Stroup) បាននិពន្ធមានចំណងជើងថា ចេញពីរណ្តៅ ទៅរកតុអាសនា គាត់បានចែកចាយ អំពីអំណាចអាក្រក់ដ៏មានអំណាច ដែលបានវាយដំ និងធ្វើទារុណកម្មមកលើគាត់ ទាំងខាងផ្លូវកាយ ផ្លូវភេទ និងផ្លូវអារម្មណ៍។ គាត់បានកត់សំគាល់ថា “ខ្ញុំបានចាប់ផ្តើមប្រើគ្រឿងញៀន តាំងពីមុនពេលខ្ញុំចេះបើកឡាន ... ខ្ញុំបានបោះបង់ការសិក្សា ហើយចាប់ផ្តើមចូលទៅក្នុងជីវិតជាឧក្រិដ្ឋជន កាន់តែជ្រៅទៅៗ”។ ទីបំផុត លោកចន ក៏បានចូលគុក ដោយសារឧក្រិដ្ឋកម្មរបស់ខ្លួន។ ខណៈពេលដែលគាត់កំពុងជាប់គុករយៈពេល៥ឆ្នាំ គាត់ក៏បានអានព្រះគម្ពីរប៊ីប ហើយបន្ទាបខ្លួននៅចំពោះព្រះ។ ដោយសារព្រះគុណព្រះ គាត់ទទួលបានការរំដោះឲ្យរួចពីទំលាប់អាក្រក់ ដែលកាលពីមុន មានអំណាចមកលើជីវិតគាត់។ 
រឿងរបស់ប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណ ច្រើនតែរាប់បញ្ចូលការកៀបសង្កត់ និងជួនកាល ក៏បាននិយាយអំពីការរស់នៅជាឈ្លើយសឹក របស់ “ពួកអ្នកដែលខ្លាំងជាងខ្លួន”(យេរេមា ៣១:១១)។ នៅពេលដែលពួកគេស្ថិតក្នុងស្ថានភាពទាល់ច្រកដ៏វេទនា ដោយសារភាពល្ងង់ខ្មៅរបស់ខ្លួន ព្រះទ្រង់បានបង្ហាញសេចក្តីមេត្តា និងព្រះចេស្តា ដើម្បីជួយសង្គ្រោះរាស្រ្តដែលវង្វេងចេញពីព្រះអង្គ។ ការស្អាងពួកគេឡើងវិញ ដែលរាប់បញ្ចូលការច្រៀងដោយអំណរ ការប្រមូលផលដំណាំជាបរិបូរ និងពិធីបុណ្យអបអរសាទរ(ខ.១២-១៤) គឺជាអ្វីដែលគេរំពឹងថា នឹងកើតមាន នៅពេលដែលព្រះអង្គបញ្ចេញព្រះចេស្តា ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ដើម្បីជាប្រយោជន៍ដល់ពួកគេ។ 
ជីវិតរបស់លោកគ្រូ ចន ស្រ្តូប គឺជាទីបន្ទាល់នៃព្រះចេស្តារបស់ព្រះ ដែលបានជួយសង្គ្រោះមនុស្ស ដែលបានទទួលជឿព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ដំណឹងល្អបានធ្វើបន្ទាល់អំពីព្រះចេស្តារបស់ព្រះគ្រីស្ទ ដែលប្រយុទ្ធប្រឆាំងនឹងអំណាចនៃសេចក្តីអាក្រក់ ក្នុងជីវិតមនុស្ស។ ហើយយើងអាចទទួលកម្លាំង និងអំណាចរបស់ព្រះយេស៊ូវ តាមរយៈការអធិស្ឋាន ដោយចិត្តស្មោះត្រង់ និងដោយសេចក្តីជំនឿ និងតាមរយៈការចុះចូលអស់ពីចិត្ត របស់ “អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់”(កិច្ចការ ២:២១)។—Arthur Jackson

តើអ្នកកំពុងប្រឈមមុខដាក់អំណាចអ្វី ដែលខ្លាំងពេកសម្រាប់អ្នក?
 តើមានអ្វីរារាំងអ្នកមិនឲ្យអំពាវនាវដល់ព្រះនាមព្រះយេស៊ូវ ដើម្បីសូមជំនួយ? 
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបញ្ចេញព្រះចេស្តារបស់ព្រះអង្គ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៣-១២៥ និង ១កូរិនថូស ១០:១-១៨
 

ល្ងាច

ការ​ធ្វើ​ដំណើរ​នៃ​ការ​ប្រែ​ចិត្ត  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ធ្វើ​ដំណើរ​នៃ​ការ​ប្រែ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 28, 2025

«ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើបាប​ទៀត តែ​បើ​សិន​ជា​អ្នកណា​ភ្លាត់​ធ្វើបាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ហើយ ដែល​ទ្រង់​គង់នៅ​ចំពោះ​ព្រះវរបិតា គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត»(១យ៉ូហាន ២:១)។

ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​មាន​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះរាជសារ​របស់​ព្រះ​អំពី​ការ​អត់​ទោស​បាប។ ជំនឿ​សាសនា​ដទៃ​គ្រាន់តែ​អាច​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​ឲ្យ​ធ្វើ​អំពើ​ល្អ។ ពួកគេ​អាច​ផ្តល់​ឲ្យ​នូវ​វិធីសាស្ត្រ ដើម្បី​ជួយ​យើង​រៀប​ចំ​ជីវិត​ឲ្យ​បាន​ល្អ ឬ​ធ្វើ​ឲ្យ​យើង​គិតថា យើង​ជា​មនុស្ស​ល្អ។ ទោះជា​យ៉ាងណា​ក៏ដោយ ជំនឿ​របស់​គ្រីស្ទ​បរិស័ទ គឺ​សម្រាប់​មនុស្ស​ដែល​មិន​ស័ក្ដិសម មនុស្ស​បាត់បង់ មនុស្ស​ដែល​មាន​បន្ទុក​ធ្ងន់ និង​មនុស្ស​មាន​បាប។ គឺ​សម្រាប់​មនុស្ស​ដែល​ត្រូវ​ការ​គេ​ប្រាប់​ថា ខ្លួន​អាច​ទទួល​ការ​អត់​ទោស​បាប។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជំនឿ​គ្រីស្ទ​បរិស័ទ គឺ​សម្រាប់​មនុស្ស​គ្រប់​រូប។

អត្ថន័យ​ទាំងមូល​របស់​ដំណឹង​ល្អ គឺ​និយាយ​អំពី​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ មិនមែន​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ទេ។ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះ ព្រះ​អង្គ​បាន​ប្រទាន​យើង​នូវ​ចិត្ត​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​អត់​ទោស​ឲ្យ ហើយ​ទាល់តែ​យើង​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ទើប​យើង​ទទួល​បាន​ការ​អត់​ទោស​បាប​ទាំងស្រុង។ ពេលណា​យើង​បែរ​ទៅ​រក​ព្រះ​អង្គ​ដោយ​ការ​ប្រែ​ចិត្ត និង​ជំនឿ យើង​អាច​ក្រឡេកមក​ក្រោយ ហើយ​និយាយ​ថា ព្រះ​អង្គ​បាន​សង្គ្រោះ​យើង​ឲ្យ​រួចពី​ទោស​របស់​អំពើបាប​ហើយ។ ការ​ថ្កោល​ទោស​គ្រប់​យ៉ាង អ្វីៗ​ទាំង​អស់​ដែល​រា​រាំង​យើង​មិន​ឲ្យ​ស្គាល់​ព្រះ អ្វី​គ្រប់​យ៉ាង​ដែល​រា​រាំង​យើង​មិន​ឲ្យ​រក​ឃើញ​ក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ ទោស​ទាំង​អស់​ដែល​យើង​សមនឹង​ទទួល សុទ្ធតែ​ត្រូវ​បាន​ព្រះ​អង្គ​លុប​ចោល តាមរយៈ​ព្រះ​រាជ​កិច្ច​ជួយ​សង្គ្រោះ​របស់​ព្រះ​រាជ​បុត្រា​នៅ​លើ​ឈើ​ឆ្កាង។

ដូច​នេះ ក្នុង​នាម​យើង​ជា​អ្នកជឿ យើង​អាច និង​គួរ​តែ​អរ​សប្បាយ​ក្នុង​ការ​ពិត​ដែល​ថា បាប​មិន​គ្រប់​គ្រង​យើង​ទៀត​ទេ។ ប៉ុន្តែ ក្នុង​ការ​រស់​នៅ​លើ​ផែនដី យើង​នៅតែ​ធ្វើ​អំពើ​បាប។ យើង​នៅតែ​ខ្វះ​មិន​ដល់​ស្តង់ដារ​របស់​ព្រះ។ ហេតុ​នេះ​ហើយ វិញ្ញាណ​អាក្រក់​នៅ​តែ​ខ្សឹប​ដាក់​ត្រចៀក​យើង​ថា «តើ​អ្នក​ពិត​ជា​បាន​សង្គ្រោះ​មែនឬ? តើ​ព្រះ​ពិត​ជា​នឹង​អត់​ទោស​ឲ្យ​អ្នក​ក្នុង​ពេល​នេះ​ទៀត​ទេ?» ពេល​នោះ យើង​ត្រូវតែ​ឆ្លើយតប​ចំពោះ​សំណួរ​ទាំង​នេះ​ថា «ខ្ញុំ​ពិត​ជា​បាន​សង្គ្រោះ​មែន ហើយ​ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​ខ្ញុំ ព្រោះ​ព្រះ​ដែល​បាន​សុគត​ជំនួស​ខ្ញុំ ខណៈ​ពេល​នេះ កំពុង​ទូល​អង្វរ​ឲ្យ​ខ្ញុំ»។ ជា​ការ​ពិត​ណាស់ ការ​ដឹង​ថា​ព្រះ​បាន​អត់​ទោស​ឲ្យ​យើង មិនមែន​ជា​ការ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អំពើបាប​ទៀត​ទេ ផ្ទុយ​ទៅវិញ​សាវ័ក យ៉ូហាន បាន​សរសេរ​បទ​គម្ពីរ​ផ្ញើ​មក​យើង​រាល់​គ្នា ក្នុង​គោលបំណង «ដើម្បី​កុំ​ឲ្យ​យើង​រាល់​គ្នា​ធ្វើបាប​ទៀត»។ ពេលណា​យើង​ធ្វើ​អំពើបាប ក្តី​អំណរ​ដែល​យើង​រក​ឃើញ​ក្នុង​ព្រះ ក៏បាន​ចាប់​ផ្តើម​រលាយ​បាត់​ទៅវិញ។ ទោះ​ព្រះ​អង្គ​នៅតែ​ជា​ព្រះវរបិតា​របស់​យើង ដែល​គង់នៅ​ស្ថាន​សួគ៌​ក៏ដោយ ក៏​យើង​នៅតែ​ត្រូវ​ចាំ​ថា បើ​យើង​នៅតែ​បន្ត​ធ្វើ​អំពើបាប យើង​នឹង​ខកខាន​មិន​បាន​អរ​សប្បាយ​នឹង​ព្រះពរ ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​យើង។

ហើយ​បើ​យើង​ព្យាយាម​រស់នៅ ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ តែ​ដោយសារ​យើង​មិន​អាច​ស្តាប់​បង្គាប់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ យើង​ត្រូវ​រស់នៅ​ដោយ​ការ​ប្រែ​ចិត្ត ចំពោះ​ព្រះអម្ចាស់​នៃ​យើង។ ព្រះ​យេស៊ូវ​បាន​លើក​ឡើង អំពី​ភាព​ចាំបាច់ និង​សារៈសំខាន់​នៃ​ការ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក១៣ ដែល​ក្នុង​នោះ ព្រះ​អង្គ​កំពុង​លាង​ជើង​ឲ្យ​ពួក​សាវ័ក លោក ពេត្រុស ក៏​បាន​ទូល​ប្រកែក​ថា «ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​សោះ​ឡើយ»។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជាមួយនឹង​ខ្ញុំ​ទេ»(១៣:៨)។ យើង​មិន​ទាន់​ទទួល​ការ​អត់​ទោស​បាប​ទេ ទាល់តែ​ព្រះ​យេស៊ូវ​បាន​លាង​សម្អាត​យើង​ជា​មុន​សិន ហើយ​ព្រះ​អង្គ​ក៏​បន្ត​លាង​សម្អាត​យើង​តាមរយៈ​ការ​ប្រែ​ចិត្ត និង​ការ​ជឿ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។ 
ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​លើក​អ្នក​ឡើង​នៅ​ស្ថាន​សួគ៌ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួចពី​វត្ត​មាន​របស់​បាប។ ប៉ុន្តែ ទំរាំ​តែ​ថ្ងៃ​នោះ​មកដល់ ជីវិត​របស់​អ្នក​ជា​គ្រីស្ទបរិស័ទ គឺជា​ការ​ធ្វើ​ដំណើរ​នៃ​ការ​ប្រែ​ចិត្ត។ ព្រះ​អង្គ​បាន​សង្គ្រោះ​អ្នក​ហើយ។ អ្នក​នឹង​បាន​សង្គ្រោះ តែ​ក្នុង​ពេល​បច្ចុប្បន្ន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រះ​អង្គ​បាន​សង្គ្រោះ​អ្នក​ដោយ​សេចក្តី​មេត្តា ខណៈ​ពេល​ដែល​អ្នក​ប្រែ​ចិត្ត ហើយ​ងាក​បែរ​ទៅ​រក​ព្រះយេស៊ូវ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៧:៧-៨:២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១២៣-១២៥ និង​២កូរិនថូស ៧

ប្រភេទ