នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជីកកាន់តែជ្រៅ ចូលទៅក្នុងប្រាជ្ញា

ជីកកាន់តែជ្រៅ ចូលទៅក្នុងប្រាជ្ញា

ដោយTom Felten

August 30, 2025

សាស្តា ៨:១៤-១៧
នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន។ សាស្តា ៨:១៧
ជាងសំណងមួយក្រុម នៅក្នុងរដ្ឋផ្លូរីដាកំពុងជីកប្រឡាយទឹក ក្នុងគម្រោងដែលត្រូវចំណាយទឹកប្រាក់៤២លានដុល្លា ហើយក៏បានរកឃើញកំណប់ដ៏មានតម្លៃដែលបានកប់នៅក្រោមដី។ នៅក្រោមដីមានជម្រៅជ្រៅ គេបានរកឃើញទូកនេសាទ ដែលបានរក្សាទុកបានល្អ ពីទសវត្សរ៍ឆ្នាំ១៨០០។ ក្នុងទូកនោះ មានវត្ថុបុរាណដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលរាប់បញ្ចូលចង្កៀងប្រេងកាតមួយ ពែងទឹកមួយចំនួន ដែលធ្វើពីលលាដូង ហើយគេក៏បានរកឃើញកាក់មួយចំនួនផងដែរ។ គេកំពុងធ្វើការស្រាវជ្រាវ អំពីទូកនេសាទនោះ ដោយសង្ឃឹមថា វានឹងបានផ្តល់ឲ្យគេនូវព័ត៌មានលម្អិត អំពីរបៀបដែលមនុស្សសម័យមុនរស់នៅ ក្នុងតំបន់នោះ កាលពី១០០ឆ្នាំមុន។ បុរាណវត្ថុវិទូម្នាក់បានមានប្រសាសន៍ថា “យើងមិនគ្រាន់តែបានសិក្សាអំពីទូកនេសាទនោះប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យគិតអំពីមនុស្សសម័យមុនផងដែរ”។ តាមរយៈការជីកកាយនេះ គេទទួលបានចំណេះដឹង និងប្រាជ្ញាថែមទៀត។
កណ្ឌគម្ពីរសាស្តាបានផ្ទុកទៅដោយកំណប់ដ៏មហាសាលនៃប្រាជ្ញា ខណៈពេលដែលយើងសិក្សាកណ្ឌគម្ពីរនេះ ជាប្រាជ្ញាពីសម័យបុរាណ ដែលឆ្លុះបញ្ចាំងអំពីហេតុការណ៍ប្រចាំថ្ងៃ ក្នុងសម័យមុន ក៏ដូចសម័យរបស់យើងផងដែរ។ ស្តេចសាឡូម៉ូនបានបើកបង្ហាញ អំពីរបៀបដែល “ចិត្តរបស់មនុស្សមានប្រាជ្ញា រមែងយល់ពេលដែលស្រួល នឹងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់” (សាស្តា ៨:៥-៦)។ ទ្រង់បានបង្រៀនថា យើងអាចរកឃើញប្រាជ្ញា នៅក្នុងការនឹកចាំ “ការទាំងអស់ដែលព្រះទ្រង់បានធ្វើ”(ខ.១៧) និងចាំថា ទ្រង់ជានរណា(១២:‌១)។ មានតែព្រះអម្ចាស់ទេ ដែលអាចធ្វើឲ្យជីវិតយើងមានន័យ ហើយបើដាច់ចេញពីព្រះអង្គ ជីវិតគ្មានន័យអ្វីឡើយ(៨:១៤)។ ប្រាជ្ញារបស់ព្រះអង្គអនុញ្ញាតឲ្យយើងដកពិសោធន៍នឹងជីវិត ដែលស្កប់ស្កល់ និងពេញដោយអំណរ ក្នុងព្រះវត្តមានព្រះអង្គ(ខ.១៥)។ 
កណ្ឌគម្ពីរសាស្តាបានបើកបង្ហាញថា “មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង”(១:៤) គឺមិនខុសពីទូក ដែលបានកប់ក្នុងដី នៅរដ្ឋផ្លូរីដានោះឡើយ។ តែប្រាជ្ញារបស់ព្រះដឹកនាំយើងទៅរកជីវិតពិត និងស្ថិតស្ថេរ ដែលមានគោលបំណង(យ៉ូហាន ១០:១០)។ ចូរយើងជីកឲ្យជ្រៅ ចូលទៅក្នុងព្រះគម្ពីរ ដើម្បីស្វែងរកប្រាជ្ញាពីបុរាណ ដែលព្រះអង្គបានប្រទាន។—Tom Felten

តើព្រះគម្ពីរប៊ីបបានផ្តល់ឲ្យអ្នកនូវប្រាជ្ញា ដូចម្តេចខ្លះ? 
តើអ្នកអាចជីកឲ្យបានជ្រៅ ចូលទៅក្នុងប្រាជ្ញាទាំងនោះដូចម្តេចខ្លះ? 
ឱព្រះដែលមានប្រាជ្ញាសព្វគ្រប់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានប្រាជ្ញាពិតប្រាកដមកទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៩-១៣១ និង ១កូរិនថូស ១១:១-១៦

 

ល្ងាច

ការ​អធិស្ឋាន​សម​ស្រប​គ្រប់​សម័យ​កាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​អធិស្ឋាន​សម​ស្រប​គ្រប់​សម័យ​កាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 30, 2025

«ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ សូម​ទតមើល​សេចក្តី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​បាន​ផ្សាយ​ព្រះបន្ទូល ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញ... កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែលគេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញជា​ព្រះវិញ្ញាណបរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន»(កិច្ចការ ៤:២៩,៣១)។

ពេលណា​យើង​មាន​អារម្មណ៍​ថា វប្បធម៌​របស់​យើង​បាន​បែរ​ខ្នង​ដាក់​ដំណឹង​ល្អ ដោយ​ការ​តាំង​ចិត្ត ហើយ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​មក​លើ​ការ​អះអាង​ក្នុង​ព្រះ​គម្ពីរប៊ីប តាម​ធម្មតា​យើង​ចង់​ដឹង​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ចម្លើយ​របស់​យើង​សម្រាប់​សំណួរ​នេះ មិន​គួរ​ផ្អែក​ទៅលើ​ភាព​សុខ​ស្រួល​ដែល​យើង​ចង់​បាន តែ​ត្រូវ​ផ្អែក​ទៅលើ​អ្វី​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប។

ពួក​ជំនុំ​ដំបូង​ក៏​ធ្លាប់​ជួប​ការ​ប្រឆាំង​ក្នុង​សង្គម​ផង​ដែរ។ សាវ័ក ពេត្រុស បាន​ដឹង​ថា សេចក្តី​សង្ឃឹម និង​សេចក្តី​សង្គ្រោះ​អាច​រកបាន​នៅ​ក្នុង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ បានជា​គាត់​បាន​ចែក​ចាយ​ដោយ​ចិត្ត​ក្លាហាន​នៅ​ថ្ងៃ​បុណ្យទី៥០ គឺ​ក្នុងរយៈ​ពេល​ពីរបី​សប្តាហ៍ បន្ទាប់ពី​គាត់​បាន​បដិសេធ​ថា មិន​ស្គាល់​ព្រះ​យេស៊ូវ និង​ថា គាត់​មិនមែន​ជា​សិស្ស​ព្រះ​អង្គ (កិច្ចការ ២:១-៤១)។ ការ​អធិប្បាយ​ព្រះបន្ទូល​របស់​សាវ័ក ពេត្រុស និង​សាវ័ក​ដទៃ​ទៀត​ដោយ​ចិត្ត​ក្លាហាន បាន​នាំ​ឲ្យ​ពួក​ជំនុំ​មាន​ការ​លូត​លាស់​ឆាប់​រហ័ស តែ​ក៏បាន​នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​ការ​បៀតបៀន​មក​លើ​អ្នកជឿ​ផង​ដែរ (ខ.១-២២)។

ដូច​នេះ យើង​មិន​ចាំបាច់​ត្រូវ​ភ្ញាក់​ផ្អើល​ទេ នៅពេល​ដែល​ព្រះ​គម្ពីរ​ចែងថា ពួកគេ​បាន​លើក​សម្លេង​អធិស្ឋាន​ដល់​ព្រះ។ តាម​ចំណេះ​ដឹង តាម​ព្រះ​គម្ពីរប៊ីប និង​តាម​សេចក្តី​ក្លាហាន​របស់​ពួកគេ ពួក​គេ​ដឹង​ថា ពួក​គេ​បាន​ជួប​ការ​ទាស់​ប្រឆាំង​អ្វី​ខ្លះ។

បើ​យើង​ត្រូវ​បញ្ចប់​ការ​អធិស្ឋាន​នោះ ដោយ​ពាក្យ​ថា «ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ...» នោះ​យើង​ប្រហែល​ជា​ចង់​ទូល​សូម​ព្រះ​អង្គ​ឲ្យ​ដក​ការ​គំរាម​កំហែង កំចាត់​ការ​ទាស់​ប្រឆាំង ឬ​ការពារ​យើង​ឲ្យ​រួច​ផុត​ពី​ការ​បៀតបៀន។ ទោះជា​យ៉ាងណា​ក៏ដោយ នេះ​មិនមែន​ជា​ការ​អធិស្ឋាន​របស់​អ្នកជឿ​ព្រះ​សម័យ​ដើម​ទេ។ ផ្ទុយ​ទៅវិញ ពួក​គេ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​អាច​ប្រកាស​ដំណឹង​ល្អ «ដោយ​ចិត្ត​ក្លាហាន»។

ការ​អធិស្ឋាន​របស់​ពួកគេ​នៅតែ​មាន​ភាព​សម​ស្រប​គ្រប់​សម័យ​កាល។ ជា​ការ​ពិត​ណាស់ ទោះ​នៅ​សម័យ​ណា​ក៏ដោយ ពួក​ជំនុំ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅតែ​ត្រូវ​ការ​សេចក្តី​ក្លាហាន​ដែល​មាន​ព្រះ​គ្រីស្ទ​ជាទី​មួយ និង​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​នេះ​ជា​តម្រូវការ​បន្ទាន់​បំផុត។ យើង​កំពុង​រស់នៅ​ក្នុង​វប្បធម៌​ដែល​កើត​ឡើង​ពី​ការ​ចម្រុះ​គ្នា​នៃ​គំនិត​ផ្សេង​គ្នា និង​ភាព​តានតឹង។ ក្នុង​បរិបទ​នេះ ព្រះ​អម្ចាស់​បាន​ត្រាស់ហៅ​យើង ឲ្យ​ចេញទៅ ហើយ​និយាយ​ថា «ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នកណា​ដែល​ជឿ»(រ៉ូម ១:១៦)។ ពេលណា​យើង​អនុវត្ត​ដូច​នេះ យើង​ត្រូវ​ចាំ​ថា ឈើ​ឆ្កាង​គឺជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ។ បើ​យើង​ចង់​ចែក​ចាយ​ព្រះបន្ទូល ដោយ​ចិត្ត​ក្លាហាន នោះ​យើង​ត្រូវតែ​ប្រកាស តាម​ហោរា​អេសាយ​ថា នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ «ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បានជា​មេ​ត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់»(អេសាយ ៥៣:៥)។ គឺ​ដូច​ដែល​លោក រីកូ ថាយ (Rico Tice) បាន​ចង្អុល​បង្ហាញថា ដើម្បី​ប្រកាស​ដំណឹង​ល្អ យើង​ចាំបាច់​ត្រូវ​មាន​ចិត្ត​ក្លាហាន ល្មម​នឹង​អាច​ឆ្លង​កាត់​រនាំង​នៃ​ការ​ឈឺ​ចាប់ ហើយ​ប្រឈម​មុខ​ដាក់​ការ​ទាស់​ប្រឆាំង​ពី​មនុស្ស​ដែល​មិន​យល់​ស្រប​នឹង​យើង ដើម្បី​ឲ្យ​យើង​អាច​រក​ឃើញ​ភាព​ស្រេក​ឃ្លាន​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួកគេ​រួច​ទៅ​ហើយ។1

ព្រះ​អង្គ​បាន​ប្រទាន​ដំណឹង​ល្អ​ទាំងស្រុង​ដល់​ពួក​ជំនុំ​ទាំងមូល ដើម្បី​ឈោង​ចាប់​លោកីយ៍​ទាំងមូល។ ទោះ​អ្នក​ជា​តន្ត្រី​ករ វិស្វករ កសិករ ឬ​អ្នក​លក់​ថ្នាំ​ពេទ្យ​ក្តី ព្រះ​អង្គ​បាន​បង្គាប់​យើង​ម្នាក់ៗ​ឲ្យ​ប្រកា​ស​ព្រះបន្ទូល​ព្រះ​អង្គ ដែល​ជា​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ។

ដូច​នេះ តើ​អ្នក​មាន​ចិត្ត​ក្លាហាន​ល្មម​នឹង​អធិស្ឋាន​សូម​ចិត្ត​ក្លាហាន​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ទេ? គឺ​មិន​មែន​ទូល​សូម​ជីវិត​ដែល​មាន​ភាព​ខុស​ស្រួល ភាព​ស្រណុក សុខ​ភាព​ល្អ ភាព​ល្បី​ល្បាញ​នោះ​ទេ តែ​ទូល​សូម​ជីវិត​ដែល​ធ្វើ​បន្ទាល់? តើ​អ្នក​នឹង​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ តាម​គំរូ​ពួក​ជំនុំ​ដំបូង ដោយ​សូម​ឲ្យ​អ្នក​​​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ និង​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​លោកីយ៍​ដែល​ស្រេក​ឃ្លាន​សេចក្តី​ពិត ទោះ​ត្រូវ​លះបង់​យ៉ាងណា? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៤:១-២២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១២៩-១៣១ និង​២កូរិនថូស ៩

ប្រភេទ