នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការស្តាយក្រោយ មុនពេលស្លាប់

ការស្តាយក្រោយ មុនពេលស្លាប់

ដោយTim Gustafson

September 1, 2025

១យ៉ូហាន ១:១-៤
យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ...បានលេចមកឲ្យយើងខ្ញុំឃើញ ... យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង ។ ១យ៉ូហាន ១:២,៤
ក្នុងអត្ថបទ ដែលអ្នកស្រីប្រុននី វែរ(BRONNIE WARE) បានបង្ហោះនៅលើវិបសាយ មានចំណងជើងថា “ការស្លាប់ទាំងស្តាយក្រោយ” គាត់បានលើកឡើងអំពីការស្តាយក្រោយ ដែលគាត់បានឮគេរៀបរាប់ កាលគាត់កំពុងធ្វើការជាពេទ្យថែទាំអ្នកជំងឺដែលជិតដល់ពេលស្លាប់។ ក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា “ខ្ញុំស្តាយណាស់ ដែលខ្ញុំខិតខំធ្វើការច្រើនពេក” ហើយខ្លះថា “ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនមានទំនាក់ទំនងជាប់លាប់ជាមួយមិត្តភក្តិរបស់ខ្ញុំ”។ ខ្លះទៀតបាននិយាយថា “ខ្ញុំស្តាយណាស់ ដែលមិនបានរស់នៅឲ្យបានសប្បាយចិត្តជាងនេះ”។ ពាក្យសម្តីមួយឃ្លានេះ ប្រហែលជាគួរឲ្យចាប់អារម្មណ៍ជាងគេ។ 
គាត់ក៏បានសរសេរថា “ការប្រឈមមុខដាក់សេចក្តីស្លាប់ដែលមិនអាចជៀសរួច គឺជាឱកាសដ៏ប្រសើរ សម្រាប់ឲ្យយើងរស់នៅក្នុងជីវិតដែលពេញដោយអំណរ”។ នេះជាមតិដ៏ត្រឹមត្រូវ ប៉ុន្តែ តើអំណរនោះ មានប្រភពនៅទីណា? តើយើងអាចរកឃើញអត្ថន័យសំខាន់បំផុតនៃជីវិតរបស់យើង នៅកន្លែងណា? 
កាលសាវ័កយ៉ូហាន ស្ថិតក្នុងវ័យយុវជន គាត់មានការយល់ឃើញមិនត្រឹមត្រូវ អំពីគោលបំណងនៃជីវិត។ គាត់ និងបងប្រុសរបស់គាត់ បានទូលសូមព្រះយេស៊ូវថា “សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្ដាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក”(ម៉ាកុស ១០:៣៧)។ ការទូលសូមរបស់ពួកគេគ្រាន់តែបានបណ្តាលឲ្យមានការមិនចុះសម្រុងគ្នា ក្នុងចំណោមពួកសាវ័កប៉ុណ្ណោះ(ខ.៤១)។
ជាច្រើនទសវត្សរ៍ក្រោយមក លោកយ៉ូហានក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ដោយក្តីស្រឡាញ់ និងគិតដល់សហគមន៍ក្នុងព្រះយេស៊ូវ។ គាត់បានយល់ឃើញថា ព្រះជន្មរស់ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ គឺដូចដែលគាត់បានសរសេរថា “យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច”(១យ៉ូហាន ១:២)។ សាវ័កយ៉ូហានបានប្រាប់យើង អំពីព្រះយេស៊ូវ ដើម្បីឲ្យយើងមានសេចក្តីប្រកបជាមួយនឹងគាត់(ខ.៣)។ បន្ទាប់មក គាត់ក៏បានបន្ថែមទៀតថា “ឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតាហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់។ យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង”(ខ.៣-៤)។ 
ជីវិតរបស់យើងអាចមានការស្តាយក្រោយជាច្រើន។ ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យផ្ទេរវិប្បដិសារីទាំងអស់ដល់ព្រះអង្គ ហើយទទួលយកក្តីអំណរ ដែលមានតែព្រះអង្គទេអាចផ្តល់ឲ្យបាន។—TIM GUSTAFSON

តើអ្នកមានការស្តាយក្រោយអ្វីខ្លះ? តើមានអ្វីរារាំងអ្នក មិនឲ្យមានក្តីអំណរពេញលេញ ក្នុងព្រះយេស៊ូវ? 
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំបោះជំហាន ចេញពីការស្តាយក្រោយ និងការឈឺចាប់ ចូលទៅក្នុងក្តីអំណរ។ 
ទូលបង្គំត្រូវការក្តីអំណរ និងការរួបរួមជាមួយព្រះអង្គ។ 
FOR FURTHER STUDY, READ ORIGIN STORY: FOLLOWING JESUS BACK TO THE BEGINNING AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៥-១៣៦ និង ១កូរិនថូស ១២
 

ល្ងាច

មាន​ចិត្ត​សប្បុរស​ហូរហៀរ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មាន​ចិត្ត​សប្បុរស​ហូរហៀរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 1, 2025

«ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​អស់​ថា នេះ​ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នកណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ចុះ» (និក្ខមនំ ៣៥:៤-៥)។


រាស្ត្រ​របស់​ព្រះ​ថ្វាយ​ដង្វាយ​ដោយ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​អង្គ ដើម្បី​ឆ្លើយ​តប​ចំពោះ​ព្រះ​គុណ​របស់​ទ្រង់។ 
ឬ​យ៉ាង​ហោច​ណាស់ យើង​ក៏​គួរ​តែ​ចែក​រំលែក​យ៉ាង​ដូច​នេះ​ផង​ដែរ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ចែក​រំលែក​ដល់​អ្នក​ដទៃ​ដោយ​ហេតុផល​ខុស​ពី​នេះ។ មនុស្ស​ជា​ច្រើន​បាន​យល់​ឃើញ​ថា ការ​ចែក​រំលែក​ដល់​អ្នក​ដទៃ គឺ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​តែ​ធ្វើ ឬ​មាន​កាតព្វកិច្ច​ត្រូវ​ធ្វើ ប្រហែល​ដោយ​សារ​ឋានៈ​របស់​ពួក​គេ​ក្នុង​សង្គម ឬ​ដោយ​សារ​មើល​ឃើញ​តម្រូវ​ការ​របស់​អ្នក​ដទៃ។ អ្នក​ខ្លះ​ចែក​រំលែក ជា​ការ​ឆ្លើយ​តប​ចំពោះ​កំហុស ដោយ​ព្យាយាម​លប់​លាង​កំហុស​របស់​ខ្លួន។ អ្នក​ខ្លះ​ទៀត ចែក​រំលែក​ដោយសារ​ការ​ភ័យ​ខ្លាច​ដោយ​គិត​ឃើញ​ថា «យក​ល្អ ខ្ញុំ​ត្រូវតែ​ចែក​រំលែក ឬ​ដាក់​ដង្វាយ ពុំ​នោះ​ទេ ព្រះ​អង្គ​នឹង​មិន​ប្រទាន​ពរ​ខ្ញុំ​ទេ»។ 
ប៉ុន្តែ គោល​ការណ៍​ក្នុង​ការ​ចែក​រំលែក​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​មាន​លក្ខណៈ​ខុស​ពី​នេះ។ កាល​ពួក​អ៊‌ីស្រាអែល​ត្រៀម​ខ្លួន​សាង​សង់​រោង​ឧបោសថ​ថ្វាយ​ព្រះ​អម្ចាស់​នៅ​វាល​រហោស្ថាន លោក ម៉ូសេ ក៏​បាន​ចាប់​ផ្តើម​ប្រមូល​ដង្វាយ​សម្រាប់​ការ​សាងសង់។ ការ​រៃ​អង្គាស​របស់​គាត់​មិន​មែន​ជា​បន្ទុក​ធ្ងន់ ឬ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ប៉ុន្តែ​គាត់​គ្រាន់​តែ​បាន​ប្រាប់​ពួក​បណ្តាជន​ថា ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ទទួល​ពី​មនុស្ស​ទាំង​អស់​ដែល​ស្ម័គ្រ​ចិត្ត​ថ្វាយ ហើយ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស​ក៏​បាន​នាំ​យក​ដង្វាយ​មក​ថ្វាយ។ ពួក​គេ​មិន​គ្រាន់​តែ​បាន​ថ្វាយ ពី​អ្វី​ដែល​ពួក​គេ​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ថ្វាយ​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​ថា ពួក​គេ​ជា​នរណា និង​ផ្អែក​ទៅ​លើ​សមត្ថភាព​ដែល​ព្រះ​អង្គ​បាន​ប្រទាន​រាប់​ចាប់​តាំងពី​ជំនាញ​សាងសង់ និង​កាត់​ដេរ​រហូត​ដល់​ជំនាញ​រចនា​លម្អិត។ 
មនុស្ស​ជា​ច្រើន​បាន​ថ្វាយ ហើយ​ក៏​មាន​អ្នក​ថ្វាយ​យ៉ាង​លើស​លប់។ ហេតុ​នេះ​ហើយ លោក ម៉ូសេ ក៏​បាន​ចេញ​បទ​បញ្ជា​ទី២ ដោយ​ឲ្យ​គេ​ផ្សព្វផ្សាយ​ក្នុង​កន្លែង​បោះ​ជំរុំ​ទាំង​មូល​ថា «កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស​ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សម្រាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ» (និក្ខមនំ ៣៦:៦)។ ពួក​គេ​ដឹង​ថា អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​មាន សុទ្ធ​តែ​ជា​ការ​ប្រទាន​របស់​ព្រះ។ ដោយ​ការ​ជំរុញ​ពី​សេចក្តី​ល្អ​ដ៏​មហិមា​របស់​ព្រះ​អម្ចាស់ ពួក​គេ​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​ដ៏​ហូរហៀរ​ដល់​ថ្នាក់​លោក ម៉ូសេ ឃាត់​ពួក​គេ​មិន​ឲ្យ​ដាក់​ដង្វាយ​ថែម​ទៀត។ 
ព្រះ​អម្ចាស់​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ប៉ុន្តែ​ព្រះ​អង្គ​ស្ម័គ្រ​ព្រះទ័យ​​ទទួល​ដង្វាយ​ពី​មនុស្ស ជា​អ្នក​ទទួល​អំណោយ​ជា​ច្រើន​ពី​ព្រះ​អង្គ ដោយ​សារ​ព្រះ​គុណ។ ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ព្រះ​គុណ​មក​យើង ដោយ​គិត​ជា​ភាគ​រយ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ប្រទាន​មក​យ៉ាង​ហូរហៀរ ហើយ​ព្រះ​អង្គ​ប្រទាន​ព្រះ​ពរ​មួយ ហើយ​មួយ​ទៀត​ដល់​រាស្ត្រ​ព្រះ​អង្គ​ចេញ​ពី​ដួង​ព្រះទ័យ​ដ៏​ធំ​ទូលាយ​ក្នុង​ព្រះ​យេស៊ូវ។ ពេល​ណា​យើង​ដែល​ជា​អ្នក​ទទួល​ព្រះ​គុណ ថ្វាយ​ពេល​វេលា ប្រាក់​កាស ទេពកោសល្យ ឬ​អ្វី​ផ្សេង​ទៀត​ជា​បរិបូរ និង​ដោយ​ការ​ដឹង​គុណ​ព្រះ​អង្គ នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ 
ព្រះ​អង្គ​តែង​តែ​មាន​បំណង​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស។ បំណង​ព្រះ​ទ័យ​នេះ​មិន​ដែល​ចុះ​ខ្សោយ​ទេ។ ព្រះ​អង្គ​មាន​ផែន​ការ​ជួយ​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ តាម​រយៈ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​រាជបុត្រា ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ចង់​បាន​អ្នក​ដើរ​តាម​ព្រះ​អង្គ ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​ងាយ​ផ្សាយ​ដំណឹង​ល្អ តាម​រយៈ​ការ​ថ្វាយ​ដង្វាយ។ គឺ​មាន​តែ​ព្រះ​គុណ​ប៉ុណ្ណោះ ដែល​បាន​បណ្តាល​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​ថ្វាយ​ដង្វាយ​ដោយ​ការ​លះបង់ និង​ដោយ​អំណរ។ បើ​អ្នក​បាន​ថ្វាយ​ពេល​វេលា ទេព​កោសល្យ ឬ​ប្រាក់កាស ដោយ​​ចិត្ត​កំណាញ់ ឬ​ស្ទាក់​ស្ទើរ ចូរ​ចំណាយ​ពេល​សញ្ជឹង​គិត​អំពី​ព្រះ​គុណ​បរិបូរ​ដែល​ព្រះ​អង្គ​បាន​បង្ហូរ​មក​លើ​អ្នក ជា​ពិសេស​តាម​រយៈ​អំណាច​របស់​ព្រះ​អម្ចាស់​យេស៊ូវ។ ចូរ​ទទួល​ការ​បណ្តាល​ចិត្ត​ពី​ព្រះ​គុណ​ព្រះ​អង្គ ហើយ​អ្នក​នឹង​បាន​ពេញ​ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ ដែល​មាន​សេចក្តី​សប្បុរស​ដ៏​ហូរហៀរ ដោយ​ថ្វាយ​សិរី​ល្អ និង​ព្រះ​គុណ​ដល់​ព្រះ។  


ខគម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១២:១-៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣៥-១៣៦ និង​២កូរិនថូស ១១:១-១៥

ប្រភេទ