នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តែងតែត្រៀមខ្លួនអធិស្ឋាន

តែងតែត្រៀមខ្លួនអធិស្ឋាន

ដោយXochitl Dixon

September 3, 2025

រ៉ូម ១៥:៣០-៣៣
ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ។ រ៉ូម ១៥:៣០
មានពេលមួយ សត្វឆ្កែហៃអ៊ីណា បានឡោមព័ទ្ធសត្វតោញីមួយក្បាល។ នៅពេលដែលសត្វសាហាវទាំងនោះចាប់ផ្តើមវាយប្រហារ សត្វតោក៏បានវាយបកទៅវិញ។ វាបានខំ និងទះឆ្កែហៃអ៊ីណា ទាំងបញ្ចេញសម្លេងគ្រហឹម និងស្រែក ក្នុងការព្យាយាមអស់ពីសមត្ថភាព ដើម្បីបណ្តេញសត្រូវរបស់វាឲ្យចេញឆ្ងាយ។ ទីបំផុតវាក៏បានដួលចុះ។ ខណៈពេលដែលហ្វូងឆ្កែហៃអ៊ីណាសម្រុកចូលខាំវាព្រមគ្នា សត្វតោញីមួយក្បាលទៀតក៏បានចូលមកជួយវា ដោយមានជំនួយពីសត្វតោញីបីក្បាលទៀត ដែលមកតាមពីក្រោយ ខុសគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ទោះពួកវាមានគ្នាតិចជាងក៏ដោយ ក៏សត្វតោប៉ុន្មានក្បាលនោះ បានបណ្តេញសត្វឆ្កែហៃអ៊ីណាឲ្យរត់ខ្ចាត់ខ្ចាយ។ សត្វតោញីប៉ុន្មានក្បាលនោះបានរួមកម្លាំងគ្នា ដោយពិនិត្យមើលជុំវិញខ្លួនពួកវា ក្រែងលោមានការវាយប្រហារមួយទៀត។
អ្នកជឿព្រះយេស៊ូវម្នាក់ៗក៏ត្រូវការជំនួយពីអ្នកដទៃផងដែរ។ ជំនួយមានអំណាចបំផុតដែលយើងអាចផ្តល់ឲ្យគេ គឺការអធិស្ឋាន។ សាវ័កប៉ុលបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម ដោយប្រាប់ពួកគេថា “ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ”(រ៉ូម ១៥:៣០)។ សាវ័កប៉ុលបានប្រាប់ពួកគេឲ្យអធិស្ឋាន ដើម្បីឲ្យគាត់ “បានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា” ហើយឲ្យការដែលគាត់ទៅធ្វើ “នៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង”(ខ.៣១)។ គាត់បានទទួលស្គាល់រង្វាន់ នៃការធ្វើជាផ្នែកមួយនៃសហគមន៍របស់ពួកគេ(ខ.៣២)។ គាត់បានរួបរួមជាមួយពួកគេក្នុងការអធិស្ឋានផងដែរ ហើយនៅចុងបញ្ចប់សំបុត្ររបស់គាត់ គាត់បានអធិស្ឋានសូមព្រះពរថា “សូមឲ្យព្រះនៃសេចក្ដីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា”(ខ.៣៣)។ 
ខណៈពេលដែលយើងរស់នៅថ្វាយព្រះយេស៊ូវ យើងនឹងប្រឈមមុខដាក់ខ្មាំងសត្រូវ ទាំងក្នុងពិភពខាងរូបកាយ និងខាងវិញ្ញាណ។ ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើង និងប្រយុទ្ធជំនួសយើង នៅពេលណាយើងឈរជាមួយគ្នា ... ដោយត្រៀមខ្លួនជាស្រេចដើម្បីអធិស្ឋាន។—XOCHITL DIXON

តើព្រះទ្រង់បានប្រើការអធិស្ឋានទូលអង្វរ ដើម្បីពង្រឹងជំនឿរបស់អ្នក យ៉ាងដូចម្តេចខ្លះ? 
តើព្រះអង្គបានជួយអ្នកត្រៀមខ្លួនអធិស្ឋាន ដូចម្តេចខ្លះ? 
ឱព្រះដ៏មានចេស្តា សូមព្រះអង្គជួយទូលបង្គំឲ្យមានការខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន 
ខណៈពេលដែលទូលបង្គំ ចម្រើនឡើងក្នុងសហគមន៍ជាមួយព្រះអង្គ និងអ្នកដទៃ។
VISIT ODBU.ORG/SF120 TO DISCOVER THE LIFE-CHANGING POWER OF PRAYER.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤០-១៤២ និង ១កូរិនថូស ១៤:១-២០
 

ល្ងាច

សេចក្តី​បង្គាប់​សម្រាប់​ស្ត្រី​ជា​ភរិយា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​បង្គាប់​សម្រាប់​ស្ត្រី​ជា​ភរិយា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 3, 2025

«ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ» (អេភេសូរ ៥:២២)។
ពាក្យ «ចុះ​ចូល» ច្រើន​តែ​បណ្តាល​ឲ្យ​មនុស្ស​មាន​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន​គ្រប់​ប្រភេទ។ រឿង​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន ដែល​ក្នុង​ចំណោម​នោះ លោក ចន ស្ទត់ (John Stott) បាន​បក​ស្រាយ​ក្នុង​សំណេរ​របស់​គាត់ កាល​ជាង៤០ឆ្នាំ​មុន យ៉ាង​ដូច​នេះ​ថា «ការ​ចុះ​ចូល​នឹង​អ្នក​មាន​អំណាច មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ចូល​ចិត្ត​ធ្វើ​ក្នុង​វប្ប​ធម៌​បច្ចុប្បន្ន​ឡើយ។ ការ​ចុះ​ចូល​នឹង​អ្នក​មាន​អំណាច មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ នឹង​អាកប្ប​កិរិយា​របស់​មនុស្ស​នៅ​សម័យ​បច្ចុប្បន្ន​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់ និង​ចូល​ចិត្ត​ប្រើ​សេរី​ភាព​ផ្ទាល់​ខ្លួន»។ 1ក្នុង​រយៈ​ពេល៤ទសវត្សរ៍​នោះ ផ្នត់​គំនិត​នេះ​គ្រាន់​តែ​បាន​បណ្តាល​ឲ្យ​មនុស្ស​មាន​គំនិត​អវិជ្ជមាន​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ចុះ​ចូល ជា​ពិសេស​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ 
ប៉ុន្តែ ការ​ពិត​នៅ​តែ​មិន​បាន​ផ្លាស់​ប្តូរ ត្រង់​ចំណុច​ដែល​ថា បើ​គេ​មាន​ការ​យល់​ដឹង និង​អនុវត្ត​តាម​ការ​បង្រៀន​អំពី​ការ​ចុះ​ចូល​បាន​ត្រឹម​ត្រូវ គេ​នឹង​ទទួល​ស្គាល់​ថា ការ​ចុះ​ចូល​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ទំនាក់​ទំនង​ដូច​ដែល​ព្រះ​បាន​រៀប​ចំ​មក។ គឺ​ឲ្យ​ក្មេងៗ​ត្រូវ​ចុះ​ចូល​ចំពោះ​ឪពុក​ម្តាយ (អេភេសូរ ៦:១) ពួក​ជំនុំ​ត្រូវ​ចុះ​ចូល​អ្នក​ដឹក​នាំ​ពួក​ជំនុំ (ហេព្រើរ ១៣:‌១៧) ហើយ​ប្រពន្ធ​ត្រូវ​ចុះ​ចូល​ប្តី​របស់​ខ្លួន ដូច​ចុះ​ចូល​ចំពោះ​ព្រះ​អម្ចាស់​ដែរ។ ការ​ចុះ​ចូល​ចំពោះ​អ្នក​ដទៃ​ផ្អែក​ទៅ​លើ​តួនាទី​ដែល​ព្រះ​បាន​ត្រាស់​ហៅ​ឲ្យ​មាន​ក្នុង​ការ​រស់​នៅ គឺ​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​គ្នា។ ដូច​នេះ ការ​ចុះ​ចូល​របស់​ភរិយា គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​រៀបចំ​ដែល​ព្រះ​អង្គ​មាន​សម្រាប់​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ប៉ុន្តែ តើ​យើង​ត្រូវ​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ជាក់​លាក់​អំពី​ការ​បង្រៀន​នេះ​យ៉ាង​ដូច​ម្តេច​ខ្លះ? ទីមួយ ការ​បង្គាប់​ឲ្យ​ភរិយា​ចុះ​ចូល​ស្វាមី​របស់​ខ្លួន​មិន​បាន​បង្ហាញថា ភរិយា​អន់​ជាង​ប្តី​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ប្តី​និង​ប្រពន្ធ​មាន​ភាព​ថ្លៃថ្នូរ​ស្មើ​គ្នា ហើយ​ព្រះ​អង្គ​បាន​បង្កើត​អ្នក​ទាំង​ពីរ​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ទ្រង់​ដូច​គ្នា (លោកុប្បត្ដិ ១:២៧)។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​មាន​ការ​ប្រោស​លោះ​ស្មើ​គ្នា ហើយ​យើង​អាច​មើល​ឃើញ​ភាព​ស្មើ​គ្នា​នេះ ក្នុង​ការ​ពិត​ដែល​ថា យើង​ជា​អ្នក​ស្នង​មរតក​នៃ​ព្រះ​គុណ​ព្រះ​ដូច​គ្នា (១ពេត្រុស ៣:៧)។ តម្លៃ​របស់​យើង​ជា​បុរស និង​ស្ត្រី​នៅ​ចំពោះ​ព្រះ គឺ​មាន​ភាព​ស្មើ​គ្នា​ទាំង​ស្រុង។ ភាព​ខុស​គ្នា​របស់​តួនាទី​មិន​មាន​ន័យ​ថា ពួក​គេ​មាន​តម្លៃ​ខុស​គ្នា​នោះ​ទេ។ 
ទី​ពីរ ស្ត្រី​ត្រូវ​ចុះ​ចូល​ចំពោះ​ស្វាមី​របស់​ខ្លួន ប៉ុន្តែ​មិន​មែន​ចុះ​ចូល​ចំពោះ​មនុស្ស​ប្រុស​ជា​ទូទៅ​នោះ​ទេ។ សាវ័ក ប៉ុល មិន​បាន​ធ្វើ​ការ​បង្គាប់​ជា​ទូទៅ​អំពី​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​នោះ​ទេ តែ​គាត់​បាន​បង្គាប់​យ៉ាង​ជាក់​លាក់​អំពី​តួនាទី​របស់​ភរិយា​នៅ​ក្នុង​គ្រួសារ។ ក្នុង​បរិបទ​នេះ ការ​ចុះ​ចូល​ដែល​ស្ត្រី​មាន​ចំពោះ​ស្វាមី គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​របស់​នាង​ដែល​ចង់​ចុះ​ចូល​ព្រះ​អម្ចាស់។ 
ទី​បី ការ​ចុះ​ចូល​នេះ​មិន​ដូច​ការ​ស្តាប់​បង្គាប់ ដោយ​គ្មាន​លក្ខ​ខណ្ឌ​នោះ​ទេ។ ស្វាមី​មិន​ត្រូវ​បង្ខិត​បង្ខំ​ភរិយា ហើយ​មិន​ត្រូវ​ទាមទារ​ភរិយា​ឲ្យ​ចុះ​ចូល ឬ​ធ្វើ​អ្វី​ដែល​ខុសពី​ការ​រៀប​ចំ​របស់​ព្រះ​នោះ​ទេ។ ភរិយា​មិន​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្វាមី ដែល​មាន​អំណាច​បញ្ជា​តាម​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្វាមី​ត្រូវ «ស្រឡាញ់​ភរិយា​ដូច​ស្រឡាញ់​ខ្លួន​ឯង» លះបង់​អាត្មា​ខ្លួន​ឯង ដើម្បី​នាង​ហើយ​ដឹក​នាំ​នៅ​ក្នុង​សេចក្តី​បរិសុទ្ធ (អេភេសូរ ៥:៣៣)។ បើ​អ្នក​ជា​ស្វាមី អ្នក​ត្រូវ​កំណត់​ចំណាំ​ថា បើ​អ្នក​បាន​ព្យាយាម​ដឹកនាំ​ភរិយា​អ្នក​ចេញ​ពី​ការ​ស្តាប់​បង្គាប់​ព្រះ​គ្រីស្ទ​ជា​ជាង​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​អង្គ នោះ​ភរិយា​របស់​អ្នក​គ្មាន​កាតព្វកិច្ច​តាម​ព្រះ​គម្ពីរ​ដែល​ត្រូវ​ដើរ​តាម​ការ​ដឹក​នាំ​របស់​អ្នក​ឡើយ។
បើ​អ្នក​ជា​ភរិយា អ្នក​ត្រូវ​ដឹង​ថា ព្រះ​គម្ពីរ​មិន​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ស្តាប់​បង្គាប់​ដូច​ជា​ទាសករ​ដោយ​គ្មាន​ការ​គិត​ពិចារណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ស្តាប់​បង្គាប់​របស់​អ្នក​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​ដោយ​អំណរ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដើរ​តាម​ការ​ដឹក​នាំ​របស់​ប្តី​អ្នក ធ្វើ​ជា​ដៃ​គូ ក្នុង​ការ​ព្យាយាម​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ការ​ចុះ​ចូល​អស់​ពី​ចិត្ត ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​អាច​ធ្វើ​ទៅ​រួច ដោយ​សារ​តែ​ជំនួយ​មក​ពី​ព្រះ​អង្គ​ប៉ុណ្ណោះ ដើម្បី​នាង​ធ្វើ​ឲ្យ​ប្តី​បាន​សេចក្តី​ល្អ​មិន​មែន​អាក្រក់​ឡើយ​រហូត​ដល់​អស់១ជីវិត​នាង (សុភាសិត ៣១:១២)។ ពិត​ណាស់ ការ​ចុះ​ចូល​តាម​ព្រះ​គម្ពីរ​យ៉ាង​ដូច​នេះ​មិន​មាន​ការ​និយម​ចូល​ចិត្ត​ក្នុង​សង្គម​សព្វ​ថ្ងៃ​ទេ។ វា​ច្រើន​តែ​មាន​ការ​ពិបាក តែ​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ព្រះ និង​រាស្ត្រ​របស់​ព្រះ​អង្គ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ សុភាសិត ៣១:១០-៣១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤០-១៤២ និង២កូរិនថូស ១២